គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្ហាញលទ្ធផលធំៗ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ និងទិសដៅឆ្នាំបន្ទាប់

AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២០ ដែលបានប្រារព្ធពេញ១ថ្ងៃ កាលពី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីស្នាក់ការរបស់ខ្លួន ក្រោមអធិបតីឯកឧត្តម ថោង ខុន រដ្ឋ​មន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបាន​ប្រកាស​នូវលទ្ធផលជារួមចំនួន៨ចំណុចសំខាន់ៗ។

ជាមួយគ្នានេះ មហាសន្និបាតបានបង្ហាញនូវលទ្ធផលសំខាន់ៗចំនួន៨ចំណុច រួមមាន៖ ១-មហាសន្និបាតប្តេជ្ញាខិតខំបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈសម្បត្តិការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។ ២-សន្និបាតបានឯក​ភាពគ្នា​យកលទ្ធផលបច្ចេកទេសនៃការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២០ ការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២១ និងការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២២ គឺជាម៉ែត្រវាស់​ស្ទង់ស្តង់ដារគុណផលកីឡាកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ឆ្ពោះទៅ SEA Games លើកទី៣២ ឆ្នាំ២០២៣។ ៣-សន្និបាតបានឯកភាពគ្នា ស្នើសុំគោលការណ៍ទៅរាជ​រដ្ឋាភិ​បាល​ប្រមូលផ្តុំក្រុមជម្រើសជាតិហាត់ហ្វឹកហ្វឺនពេញមួយឆ្នាំ ចាប់ពីឆ្នាំ២០២០ ទៅ ដល់ឆ្នាំ២០២៣។ ៤-សន្និបាតឯកភាពសុំឱ្យភាគីពាក់ព័ន្ធពិនិត្យ និងកែសម្រួលនីតិវិធីនៃ​ការ​គ្រប់គ្រងដឹកនាំការងារហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព។ ៥-ឯកភាពពង្រឹងយន្តការស្នូល ក្នុង​រង្វង់សសរស្តម្ភទាំង៣ គឺក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិកាជាតិអូឡាំពិក​កម្ពុជា និងសហព័ន្ធកីឡាជាតិ ដោយយកគោលការណ៍សម្របសម្រួល និងជួយពិភាក្សា​គ្នាជា​ចម្បង។ ៦- ក្នុងដំណាក់កាលវិបត្តិផ្លូវដង្ហើម COVID-19 មហាសន្និបាតឯកភាព ក្នុងឆ្នាំ២០២០ បង្វែរ​យុទ្ធសាស្ត្របង្កើន និងពង្រឹងការយកចិត្តទុកដាក់រៀបចំការ ហ្វឹកហាត់ក្រុមជម្រើសជាតិ នៅ​ក្នុង​ប្រទេសឱ្យបានខ្លាំងក្លាជាងមុន។ ៧-មហាសន្និបាតបានឯកភាពគ្នា លើការកំណត់​សន្ទស្សន៍​មេដាយមាសបណ្តោះអាសន្ន និងមានការកែសម្រួលសម្រាប់សហព័ន្ធកីឡាជាតិ ប្តេជ្ញាដណ្តើមឱ្យបានក្នុងការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣។ និងទី៨- មហាសន្និបាតបានឯកភាពគ្នារាល់សំណូមពររបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីជួយជំរុញ ការអភិវឌ្ឍឈានទៅការរៀបចំ ASEAN PARA Games ឆ្នាំ២០២៣ ឱ្យទទួល បានជោគជ័យ៕

ដោយ ហេង ណាលីន