ក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឈ្នះជើងឯកពានមិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៧ រដូវកាល២០២០

AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — នៅទីបំផុត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឈ្នះជើងឯក ពានរង្វាន់មិត្តភាព​យុវជនអន្តរក្រសួងស្ថាប័ន លើកទី៧ រដូវកាល ២០២០ បន្ទាប់ពីបានប្រកួតឈ្នះក្រុមក្រសួង​សុខាភិបាល ដោយលទ្ធផល ៥ទល់៣ នៅវគ្គផ្តាច់ព្រ័ត្រ។

នៅវគ្គទី១ ក្រុមក្រសួងសុខាភិបាលបើកការនាំមុខលើក្រសួងការងារ ៣ទល់១ ហើយ​នៅវគ្គទី២ ក្រសួងការងា និងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្យាយាមវាយបកវិញ រហូតដល់ធ្វើ សម្រេចបានលទ្ធផលស្មើគ្នា ៣ទល់៣ នៅក្នុងការប្រកួតពេញម៉ោង៧០នាទី ហើយនៅក្នុង ម៉ោងបន្ថែម១០នាទី២ដង គឺក្រុមក្រសួងការងាររកបាន២គ្រាប់បន្ថែម ដែលធ្វើឱ្យក្រុមនេះ​ឈ្នះជើងឯកនេះតែម្តង។ ដូច្នេះក្រុមជើងឯកបានទៅលើក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈទទូលបានពានរង្វាន់ មេដាយមាស អមដោយប្រាក់រង្វាន់៣លានរៀល, ក្រុមរង​ជើងឯក ក្រសួងសុខាភិបាល មេដាយប្រាក់ អមដោយប្រាក់រង្វាន់ ២លារៀល និងក្រុមលេខ៣ បានទៅលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយសំរឹទ្ធិ អមដោយប្រាក់រង្វាន់ ១លានរៀល ក្រោយយកឈ្នះក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ ៤ទល់០។

ចំពោះពិធីបំពាក់មេដាយ និងប្រគល់ពានរង្វាន់ជ័យលាភីត្រូវបានផ្តល់កិត្តិយសពី​​ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មការកីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន រួមទាំងថ្នាក់ ដឹកនាំជាច្រើនរូបទៀត។

ឯកឧត្តម សុខ សប្បាយណា បានជម្រាបជូនថា ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ មិត្តភាពអន្តរក្រសួង ស្ថាប័ន រដូវកាល ២០១៩-២០២០ មានក្រសួង និងស្ថាប័នចូលរួម ចំនួន៣១ក្រុម ដោយប្រកួតប្រជែងយ៉ាងស្វិតស្វាញ ប៉ុន្តែកីឡាករ គ្រប់ក្រុមទាំងអស់បាន ឈរលើស្មារតីលេងដោយយុត្តិធម៌ និងស្របគោលការណ៍របស់សហភាពសហព័ន្ធ យុវជន កម្ពុជា។ ឯកឧត្ដមបន្ដថា ការចូលរួមប្រកួតនេះគឺ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាកាន់តែប្រសើរបន្ថែមទៀត ក៏ដូចជាបាន​លើក​កម្ពស់នូវវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ។ ឯកឧត្តមបន្ថែមថា ឆ្លងកាត់ការប្រកួតជាង២ខែមកនេះ  គណៈកម្មការបាល់ទាត់អន្តរក្រសួង​ស្ថារប័នបានដក​ស្រង់​នូវបច្ចេកទេស និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដោយបានធ្វើឱ្យព្រឹត្តិការណ៍រដូវ​កាល​ថ្មី​នេះទទួលបានលទ្ធផលជាផ្លែផ្កា៕

ដោយ ហេង ណាលីន