វិសាខា បំបាក់ សូលទីឡូអង្គរ ៧-១ សប្តាហ៍ទី៣ លីគកំពូលកម្ពុជា ២០២០

AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — ក្រុមម្ចាស់ផ្ទះ វិសាខាប្រជែងបាន៣ពិន្ទុដោយងាយពីក្រុមសូលទីឡូអង្គរ បន្ទាប់ពីបំបាក់ដៃគូ​ប្រកួតដោយលទ្ធផល ៧ទល់១ សប្តាហ៍ទី៣ កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ នៅកីឡ​ដ្ឋាន ព្រីនស៍ រាជធានីភ្នំពេញ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០។

ក្រុមសូលទីឡូអង្គរបានបើកការនាំមុខ១គ្រាប់មុន នៅនាទី២២ ដោយកីឡាករ Unno Tomoyuki ប៉ុន្តែចាប់ពីនាទី៣៦ ដល់នាទី៨៣ ក្រុមវិសាខាធ្វើសម្រេចបាន៧គ្រាប់ជាប់ៗគ្នា ដោយកីឡាករ ង៉ន ស្រ៊ីននាទី៣៦, Zazai Mustafa នាទី៤២, Opeyemi Korede Ajayi នាទី៧២, កែវ សុខផេង នាទី៧៤ , ច្រឹង ពលរដ្ឋ នាទី៧៦ និង២គ្រាប់ដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី៨១ និងនាទី៨៣។ ជាមួយនឹងជ័យជម្នះនេះបានធ្វើឱ្យក្រុមរងជើងឯក រដូវ​កាលចាស់ ២០១៩ ទទួលបាន៣ពិន្ទុបន្ថែម ដោយ៣ប្រកួតឈ្នះ២ប្រកួត ចាញ់១ប្រកួត មាន​៦ពិន្ទុ ឈរនៅលេខ៤បណ្តោះអាសន្ន ខណៈ៣ប្រកួត របស់សូលទីឡូអង្គរ ចាញ់ទាំង៣ប្រកួត ឈរនៅបាតតារាង ក្នុងចំណោម១៣ក្រុម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត គ្រូបង្គោលសូលទីឡូអង្គរ លោក អ៊ុក សារ៉េត បានបង្ហាញការមិនពេញចិត្តនឹងលទ្ធផលរបូត​គ្រាប់បាល់ច្រើនគ្រាប់បែប​នេះឡើយ ប៉ុន្តែលោកនៅតែប្តេជ្ញាចិត្តថា នឹងរៀបចំការប្រកួតបន្តបន្ទាប់ទៅមុខឱ្យ​បានល្អ​ប្រសើរ​ឡើងវិញ។

ចំណែកឯលោក Curtis Colum Gerard គ្រូបង្គោលក្លឹបវិសាខានិយាយថា សម្រាប់ការ​ប្រកួត​នេះកូនក្រុមរបស់ខ្លួនលេងបានល្អ ដោយទទួលបាន៣ពិន្ទុ ហើយលោកថាពេញ​ចិត្ត​ខ្លាំង​នឹងលទ្ធផល១ប្រកួតនេះ ដោយក្រុមវិសាខាត្រៀមខ្លួនបានល្អ ទាំងកីឡាករចាស់ កីឡាករ​ថ្មី ការហ្វឹកហាត់ ការហូបចុកជាដើម សម្រាប់រដូវកាលថ្មីនេះ។ ចំពោះលទ្ធផល៥ប្រកួតផ្សេង ទៀត នាជំនួបសប្តាហ៍ទី៣នេះដែរ រួមមាន៖ ក្រុមអគ្គិសនីកម្ពុជាឈ្នះយុវជនបាទី ២-០, បឹង​កេតស្មើ១-១ជាមួយណាហ្គាវើល, ភ្នំពេញក្រោនបំបាក់អាស៊ីអឺរ៉ុប ៦-០, អង្គរថាយហ្គឺ ឈ្នះ គិរីវង់​សុខសែនជ័យ ២​-០និង ព្រះខ័នរាជស្វាយរៀងឈ្នះកងយោធពលខេមរភូមិន្ទ ២ទល់០ ដែរ៕

ដោយ ហេង ណាលីន