មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍មានជំនឿថា វិស័យទេសចរណ៍កម្ពុជានឹងអាចឆ្លងផុតពី វិបត្តិដោយសារបញ្ហាជំងឺផ្លូវដង្ហើមកូវីដ១៩

AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិស័យទេសចរណ៍​របស់​កម្ពុជាដែលកំពុងតែមានការធ្លាក់ចុះក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែវិបត្តិជំងឺផ្លូវដង្ហើម កូវីដ១៩ អាចនឹងឆ្លងផុត ខណៈរាជរដ្ឋាភិបាលកម្ពុជា​បានសម្រេចដាក់ចេញនូវវិធានការ​ដោះ​ស្រាយពីផលប៉ះពាល់លើវិស័យមួយនេះ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋ​មន្រ្ដី ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍បាន​ទទួល​ស្គាល់ថា បច្ចុប្បន្នវិស័យទេសចរណ៍មានការធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ ជាក់ស្តែងក្នុងរយៈពេល​ដើមខែ​ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរមកទស្សនាកម្ពុជាបានធ្លាក់ចុះរហូតដល់១៥ភាគរយ ដោយសារបញ្ហាវិបត្តិជាសកលនៃជំងឺផ្លូវដង្ហើមកូវីដ១៩។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ន​ចំនួនភ្ញៀវទេសចរគឺមានការធ្លាក់ចុះខ្លាំងនៅខេត្តសៀមរាប និងខេត្តជាប់សមុទ្រដូចជាខេត្ត​ព្រះសីហនុជាដើម។ ដោយឡែកនៅរាជធានីភ្នំពេញឯណោះវិញ​ចំនួនភ្ញៀវទេសចរបរទេស​គឺមានការធ្លាក់ចុះតិចតូចនោះទេ។

តែទោះបីយ៉ាងណាក៏ដោយ ឯកឧត្តម ទិត ចន្ថា បានអះអាងថា កម្ពុជាអាចដោះស្រាយ និងឆ្លងកាត់នូវវិបត្តិខាងលើនេះ តាមរយៈនូវការដាក់ចេញនូវយន្តការជាក់លាក់ និងមានសារៈ​សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យវិស័យទេសចរណ៍របស់កម្ពុជា​កាន់តែ​មានភាពរស់​រវើក​ដោយសារតែកម្ពុជាមិនបានបិទជើងហោះហើរដូចបណ្តាប្រទេសមួយចំនួនដែលគេកំពុងតែ អនុវត្តន៍។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា កម្ពុជានៅតែបន្តស្វាគមន៍លំហូរភ្ញៀវ​ទេសចរ​អន្តរជាតិទាំងអស់ដែលចង់មកទស្សនាកម្ពុជា ដោយក្នុងនោះកម្ពុជានឹងសម្រួលការធ្វើដំណើរ​របស់​ភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួលដោយដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយចំពោះបញ្ហាជំងឺផ្លូវដង្ហើមកូវីដ១៩នេះ។ ជាមួយគ្នានេះ ដូចដែលអ្វីដែលក្រសួង​សុខាភិបាលកម្ពុជាបាននិងកំពុងប្រឹងប្រែងធ្វើក្នុងពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀត ក្នុង ដំណាក់កាលដែលចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះនេះ ក្រសួងទេសចរណ៍ រួមជាមួយស្ថាប័​នពាក់ព័ន្ធ នឹងរួមគ្នាធ្វើយ៉ាងណាឱ្យគោលដៅទេសចរណ៍ទាំងអស់នៅកម្ពុជា មានការទាក់ ទាញ និងរស់រវើក។ ទន្ទឹមនេះ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធឱ្យ​កាន់តែមាន​ភាពល្អប្រសើរ ដូចការតភ្ជាប់ប្រព័ន្ធទឹក ភ្លើង និងផ្លូវជាដើម។

ឯកឧត្តមបានបន្ថែមថា ក្រសួងនឹងធ្វើយ៉ាងណាជំរុញការវិនិយោគនៅក្នុងតំបន់​គោល​ដៅ​ទេសចរណ៍ដែលមានសក្តានុពលបន្ថែមទៀត ជាពិសេស រាជរដ្ឋាភិបាលកម្ពុជានឹងមិន​បណ្តែត​បណ្តាយឱ្យវិស័យទេសចរណ៍ ឬអ្នកវិនិយោគលើវិស័យមួយនេះ​ជួបបញ្ហាធ្ងន់ធ្ងរ​ដោយ​សារកំណើនភ្ញៀវទេសចរអន្តរជាតិធ្លាក់ដោយសារវិបត្តិជំងឺផ្លូវដង្ហើមកូវីដ១៩នេះទេ។ ជាក់ស្តែងរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជួយសម្រួលការលំបាកដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាបដែលកំពុងប្រឈមនឹងបញ្ហានេះ ដោយរដ្ឋ​នឹងមិន​យក​ពន្ធចំពោះអាជីវកម្មរបស់ពួកគេក្នុងរយៈពេលមួយកំណត់៕

ដោយ ចាន់ សុធីវង្ស