កម្ពុជា និងចិន ប្រកាសរួមគ្នាថា នឹងមិនលុបចោលការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ រវាង​កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅក្នុងខែមីនានេះទេ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានប្រកាសរួមគ្នាថា នឹងមិនលុបចោលការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកង​ទ័ពរំដោះប្រជាជនចិន នៅខែមីនា ឆ្នាំ២០២០នេះ ទោះបីប្រទេសចិន កំពុងតែរងគ្រោះដោយ សារតែវីរុសរលាកសួតធ្ងន់ធ្ងរ កូរ៉ូណា ឬ Covid-19 ក៏ដោយ។ ការប្រកាសនេះ បានធ្វើឡើង​ក្នុងឱកាសដែលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំក្រសួង ការពារជាតិ ប្រគល់សម្ភារជាម៉ាស់ និងសម្ភារការ​ពារ​ទប់​​ស្កាត់វីរុស កូរ៉ូណាថ្មី ឬ Covid-19 ជូនក្រសួងការពារជាតិចិន ដោយប្រគល់ជូន ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២០ នៅនៅស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ នេះបើ​យោង​តាមការផ្សាយរបស់ក្រសួងការពារជាតិ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា “គ្មានស្អីប្រែប្រួលទេ ក៏ដូចជាកិច្ចសហ​ប្រតិ​បត្តិការទាំងឡាយ រួមទាំងការរៀបចំធ្វើលំហាត់ហ្វឹកហ្វឺននាគមាស នៅពេលខាងមុខនេះ ក៏​យើងនៅតែបន្តធ្វើដូចគ្មានអ្វីប្រែប្រួលនោះឡើយ”។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា អ្វីៗ ទាំងអស់ដែលធ្វើការជាមួយគ្នា គឺអត់មានអ្វីមួយ ឬគម្រោងការណាមួយកាត់ផ្តាច់​ឬផ្អាក​ដំណើរ​ការនោះទេជាមួយសាធារណរដ្ឋប្រជាមានិតចិន។ មិនតែប៉ុណ្ណោះកិច្ចសហ​ប្រតិបត្តិការ​រវាងកម្ពុជា និងចិននឹងរឹតតែសកម្ម និងរឹងមាំបន្ថែមទៀត។ សម្តេចពិជ័យសេនា បានវាយតម្លៃ​ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន គឺមានតម្លៃ និងផលប្រយោជន៍ ដល់ការអភិវឌ្ឍ​ប្រទេស​កម្ពុជាផងដែរ។

សម្តេចពិជ័យសេនាបានបង្ហាញក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំទៅលើរដ្ឋាភិបាលចិនថា នឹងមាន​លទ្ធភាពបង្ក្រាប និងលុបបំបាត់វីរុស កូរ៉ូណា ឬ Covid-19 នេះឱ្យទទួលបានជោគជ័យ​ក្នុងពេលឆាប់ៗនេះ ជាក់ជាមិនខាន។ សម្តេចពិជ័យសេនាបានបន្តថា ការប្រគល់សម្ភារការ​ពារ​ទប់ស្កាត់វីរុសកូរ៉ូណា របស់ក្រសួងការពារជាតិកម្ពុជា ដល់ក្រសួងការ ពារជាតិចិន​នេះ គឺជាទឹកចិត្តចូលរួមចំណែក ការទប់ស្កាត់ជំងឺដ៏សាហាវនេះ ជាមួយរដ្ឋាភិបាលចិន ក៏ដូចជា ចូលរួមលើកស្ទួយកិច្ចការមនុស្សធម៌ជាដើម។

ឯកឧត្តម វ៉ាង វិធាន បានគូសបញ្ជាក់ថា ចាប់តាំងពីប្រទេសចិន ទទួលរងគ្រោះ​ដោយសារវីរុស កូរ៉ូណា ឬ Covid-19 មក ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំកំពូល និងប្រជាជនកម្ពុជា បានយកព្រះរាជហឬទ័យ ព្រម ទាំងបាន​យកចិត្ត​ទុកដាក់ដល់ប្រជាជនចិន។ ឯកឧត្ដមបានបន្ដថា លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា មិនបញ្ឈប់ជើងហោះហើររវាងកម្ពុជា និងប្រទេសចិន ព្រមទាំងបានផ្តល់ការគាំទ្រដល់រដ្ឋាភិ បាល​​ចិន យ៉ាងពេញទំហឹងបំផុត។​ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ដទៀត​ថា អ្វីដែលធ្វើឱ្យរដ្ឋាភិ​បាល និងប្រជាជនចិន រន្ធត់ចិត្តយ៉ាងខ្លាំងនោះ គឺសម្តេចតេជោ ហ៊ុន សែន បានដឹកនាំ​គណៈ​ប្រតិអញ្ជើញទៅទស្សនកិច្ចក្នុងប្រទេសចិន ខណៈដែលគ្មានបណ្តាថ្នាក់ ដឹកនាំណាមួយ​ហ៊ាន​ទៅប្រទេសចិន ក្នុងពេលចិនកំពុងតែជួបវិបត្តិវីរុសរលាកសួតធ្ងន់ធ្ងរ កូរ៉ូណាថ្មី ឬ Covid-19 ដែលបង្ហាញពីទឹកចិត្ត និងអត្ថន័យដ៏ជ្រាលជ្រៅដល់សហគមន៍ជោគវាសនាតែមួយរវាង​កម្ពុជា និងចិន។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិនបានបន្ថែមថា ការនាំយកសម្ភារទប់ស្កាត់ការពារវីរុស កូរ៉ូណា របស់សម្តេចពិជ័យសេនា ទៀ បាញ់ ដល់ក្រសួងការពារជាតិចិន គឺបង្ហាញឱ្យឃើញ​ពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជា​ជន​ចិន និងទឹកដ៏ល្អរវាងប្រជាជនកម្ពុជា និងប្រជាជនចិន។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា “ប្រឈមមុខនឹងវីរុស Covid-19 នេះស្ថិតនៅក្រោមការ ដឹកនាំដ៏រឹងមាំតរបស់ប្រធានាធិបតី ស៊ី ជិនពីង ដើម្បីខិតខំប្រឹងប្រែងទប់ស្កាត់វីរុស Covid-19 ឥឡូវស្ថានភាពរបស់ប្រទេសចិន ដែលទប់ស្កាត់ការរីករាលដាល់នៃវីរុស Covid-19 មានភាព​ល្អប្រសើរកាន់តែខ្លាំងក្លាថែមទៀត។ យើងជឿជាក់ថា នៅក្នុងពេលអនាគត​យើងនឹងទទួល​ជ័យជម្នះយ៉ាងរឹងមាំនៅក្នុងការប្រយុទ្ធប្រឆាំងវីរុស Covid-19 ទោះបីវីរុស Covid-19 ដែលមាន​ភាពកាចសាហាវខ្លាំងមែនទែន។” ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនបានឱ្យដឹងទៀតថា បន្ទាប់ពីធូរ​ស្រាល នៃវីរុស Covid-19 កិច្ចសហប្រតិបត្តិការកម្ពុជា និងចិន នឹងមានភាពកាន់តែល្អប្រសើរ និងមានភាពខ្លាំងក្លាបន្ថែម​ទៀត ក្នុងពេលអនាគតផងដែរ។

ឯកឧត្តមបានបន្ថែមទៀតថា “ប៉ុន្តែមិនអាចរារាំងកិច្ចសហប្របត្តិការផ្តល់ប្រយោជន៍ឱ្យ​គ្នាទៅវិញទៅមក រវាងចិន និងកម្ពុជា សមយុទ្ធនាគមាស ឆ្នាំ ២០២០ រវាងកងទ័ពប្រទេសចិន និងកម្ពុជានឹងប្រព្រឹត្តទៅតាមផែនការនៅក្នុងខែមីនាខាងមុខនេះ ដែលបញ្ជាក់ពីមិត្ត​ភាពយ៉ាង ជ្រាលជ្រៅរវាងកងទ័ពទាំងពីរ”៕

ដោយ រិទ្ធី