ប្រមុខរាជរដ្ឋាភិបាលអះអាងថា រហូតមកដល់ពេលនេះ គ្មានសាលារៀនណាមួយប្រកាស បិទទ្វារដោយសារការភ័យខ្លាចជំងឺកូវីដឡើយ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន អះអាងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានសាលារៀនណាមួយប្រកាសបិទទ្វារ និង​មិនមានការប្រកាសឱ្យសិស្សឈប់ទៅរៀនដោយសារខ្លាចជំងឺកូវីដ ១៩នោះទេ បើទោះបី​ជា​បណ្តា​ប្រទេស​មួយចំនួន​បាននិងកំពុងបិទទ្វារសាលារៀនចបណ្តោះអាសន្នក្តី។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន១,៥៨៩ នាក់ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ឥឡូវនេះ យើងមិនទាន់ដាក់ឱ្យសាលារៀនណាមួយត្រូវបិទទ្វារនោះទេ ក្នុង ពេលប្រទេសមួយចំនួនបានឱ្យបិទទ្វារសាលារៀន ហើយនៅតាមបណ្តាក្រុមហ៊ុន អនុញ្ញាត​ឱ្យបុគ្គលិកមួយចំនួនធ្វើកាពីផ្ទះតាមអនឡាញ”។ សម្ដេចតេជោបន្ដថា សាកលវិទ្យា​ល័យ​មួយ ចំនួននៅប្រទេសចិនបានរៀនតាមរយៈអនឡាញ ហើយពេលនេះ ដែលនិស្សិតខ្មែរយើង​មក ស្រុកខ្មែរនៅពេលចូលឆ្នាំនេះក៏នឹងចាប់ផ្តើមរៀនតាមប្រព័ន្ធអនឡាញផងដែរ។ ដូច្នេះ ក្រសួង​អប់រំត្រូវធ្វើការទំនាក់ទំនងលើបញ្ហានេះ។ សម្ដេចតេជោបានបន្ដទៀតថា ដើម្បីកុំឱ្យ​ស្ទះ ដំណើរការរៀនសូត្រ ចិនបានរៀបចំឱ្យនិស្សិតកម្ពុជាយើងរៀនតាមរយៈប្រព័ន្ធអនឡាញ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា សម្រាប់កម្ពុជាយើងមិនទាន់​ដល់ដំណាក់​កាលនេះទេ  ហើយការជួបជុំនៅតែអនុញ្ញាតឱ្យធ្វើដោយមិនទាន់ដល់កម្រិតបំបែកមិន​មាន​ការ​ជួបជុំគ្នានោះទេ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន។ សម្ដេចតេជោបានបន្ថែមថា គ្រប់មាត់ច្រក​ចេញ-ចូលទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយត្រួតពិនិត្យមនុស្សចេញ-ចូល។ ប៉ុន្តែ​សម្ដេចតេជោបង្ហាញការសោកស្តាយចំពោះប្អូនស្រីម្នាក់ថា កូនស្រី មករៀននៅ​ខាងក្រៅ​មិន​បានពិនិត្យ។ ផ្ទុយទៅវិញគាត់មានការយល់ច្រឡំថាមិនបានពិនិត្យដោយសារ​ឧបករណ៍​ទៅ​ពិនិត្យផ្ទៃមុខ ឬក្បាល តែគេបានពិនិត្យតាមម៉ាស៊ីនស្កែនរួចហើយ ដោយពេលដើរឆ្លងកាត់​គេដឹងជាការស្រេច ដោយអ្នកដែលមានកម្តៅខ្លាំងជាងគេ នឹងត្រូវយកទៅពិនិត្យព្យាបាល។​

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា សោយសារជំងឺកូវីដ១៩នេះបាន ធ្វើឱ្យបញ្ហាសេដ្ឋកិច្ចលើពិភពលោកបាននិងកំពុងអង្រួនហើយ ដោយទីផ្សារនៅគ្រប់ទ្វីបទាំង​អស់ អត់មានទីផ្សារណាមួយឡើងនោះទេ គឺដាំក្បាលចុះ ចង្វាក់ផលិតកម្មមួយ​ចំនួនត្រូវ​បាន​បិទ ព្រោះវត្ថុធាតុដើមភាគច្រើននាំមកពីប្រទេសចិន។ ដោយឡែក បើនិយាយវិស័យកាត់ដេរ​នៅកម្ពុជា មានចំនួន៦០ ភាគរយ។ ដូច្នេះយើងបានស្នើមិត្តចិន​បញ្ជូនមកកម្ពុជាឱ្យ​បាន​កុំឱ្យ​មានការព្យួរ ឬផ្អាកការងារកម្មករ។

សម្ដេចតេជោក៏បានបន្ថែមទៀតថា វិស័យប៉ះពាល់មុនគេគឺវិស័យទេសចរណ៍ ដូច្នេះ​ស្នើសុំប្រជាពលរដ្ឋខ្មែរដែលចូលចិត្តទៅលេងនៅក្រៅប្រទេស បង្វែរមកលេងស្រុកខ្មែរវិញ ដើម្បីឱ្យស្គាល់ស្រុកខ្មែរឱ្យបានអស់សិន៕

ដោយ ប៊ុនរិទ្ធ