ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាស្នើឱ្យប្រតិបត្តិករទេសចរណ៍និងពាណិជ្ជករទាំង​អស់​រួមគ្នា​ធ្វើទីផ្សារឱ្យបានច្រើន ដើម្បី​ឱ្យ​មាន​ចរន្តរ ខណៈពិភពលោកកំពុងតែមានបញ្ហាដោយ Covid-19

AKP សៀមរាប ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍  “ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០” នៅខេត្តសៀមរាប នៅព្រឹកអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ថា ប្រតិបត្តិករទេសចរណ៍ និងពាណិជ្ជករទាំង​អស់គួរតែចូលរួមគ្នាគាំទ្រនៅគ្រប់ព្រឹត្តិការណ៍ទេសចរណ៍ធុរកិច្ច និងជំនួបពាណិជ្ជកម្មទេសចរណ៍តាមដែលអាចធ្វើទៅបាន​។​ ព្រោះថា អ្វីដែលលោកសង្គេតឃើញនាពេលបច្ចុប្បន្ននេះអ្នកចូលរួម គឺតិចហួសពីការរំពឹងទុក ដោយសារតែប្រតិបត្តិករទេសចរណ៍ និងពាណិជ្ជករមួយចំនួន គាត់មិនហ៊ានបញ្ចេញទុនក្នុងការធ្វើទីផ្សារនោះទេ ដោយលោកយល់ឃើញថា ការធ្វើបែបនេះហាក់ដូចជាមិនត្រឹមត្រូវទេ ។

លោកបណ្ឌិត ធួន ស៊ីណាន បន្តថា ខណៈប្រទេសជាតិ ឬពិភពលោកមាន​បញ្ហា ពួកយើងត្រូវតែបង្ហាញមុខ និងរឹតតែធ្វើទីផ្សារឱ្យបាន​ច្រើន ដើម្បីធ្វើឱ្យមានចរន្តរ ក្នុងទិសដៅអភិវឌ្ឍន៍ខ្លួនទៅតាមដែលយើងអាចធ្វើទៅបាន ដោយមិនត្រូវអង្គុយចាំតែមើលនោះទេ។ លោកបានស្នើឱ្យប្រតិបត្តិករទេសចរណ៍និងពាណិជ្ជករទាំង​អស់គួរ​រួមគ្នា​ធ្វើទីផ្សារឱ្យបានច្រើនដើម្បី​ឱ្យ​មាន​ចរន្តរទេសចរតាមអ្វីដែលយើងអាចធ្វើទៅបាន​ ដោយមិនត្រូវនៅស្ងៀមនោះទេ។

លោកបាន​បញ្ជាក់ថា សម្រាប់ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០នៅខេត្តសៀមរាបនេះមានបណ្តាក្រុមហ៊ុនអ្នកទិញចំនួន៦០មកពីជុំវិញពិភពលោកនិងមានបណ្តាក្រុមហ៊ុនអ្នកលក់ចំនួន៥០មកពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឥណ្ឌា ហ៊្វីលីពីន មីយ៉ាន់ម៉ា និងប្រទេសថៃ ក្នុងគោលបំណងផ្តល់ឱកាសឱ្យប្រតិបត្តិករទេសចរណ៍ និងពាណិជ្ជករទាំងអស់ចាប់យកទីផ្សារថ្មី ព្រោះការធ្វើពាណិជ្ជកម្មយើងមិនអាចពឹងទៅលើទីផ្សារមួយបានទេ។ ដូច្នេះយើងត្រូវរកទីផ្សារថ្មី ដើម្បីពង្រីកនិងអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ពួកគាត់។

លោកបណ្ឌិត ធួន ស៊ីណាន រំពឹងថា បន្ទាប់ពីបញ្ហាវិរុស Covid-19 បានបញ្ចប់ភ្ញៀវទេសចរមកទស្សនាកម្ពុជានឹងមាន​ចំនួនកើនឡើងវិញ ជាពិសេសភ្ញៀវទេសចរជនជាតិចិន។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ទោះបីជាពិភពលោកស្ថិតនៅក្នុងពេលមានវិបត្តិជំងឺ Covid-19ក៏ដោយ ក៏ពិព័រណ៍ទេសចរណ៍ PATA ដែលជាវេទិកាដ៏សំខាន់សម្រាប់ផ្សព្វផ្សាយផលិតផលទេសចរណ៍ក្នុងអាស៊ីប៉ាស៊ីហ្វិក នៅតែធ្វើ។ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងធុរកិច្ចទេសចរណ៍ និងពិភាក្សាគ្នាដោយស្មារតីសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ដែលនេះគឺជាការ ខិតខំប្រឹងប្រែងប្រកបដោយស្មារតីមោះមុតរបស់អ្នករៀបចំ និងអ្នកឧបត្ថម្ភគាំទ្រ។ ខណៈនេះដែរពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourism Borse  (ITB)2020 នៅទីក្រុង Berlin ប្រទេសអាឡឺម៉ង់ ដែលជាពិព័រណ៍មួយដ៏ធំក៏ត្រូវបានលុបចោលដែរ។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការប្រកប​ដោយប្រសិទ្ធភាព ក្នុង​អំឡុងពេលវិបត្តិ Covid-19 ដោយមានវិធានការ​គោល៤ ដែលមាន៩០សកម្ម ភាព ដើម្បីសម្រាលបញ្ហាលំបាក និងជំរុញការអភិវឌ្ឍវិស័យ​ទេសចរណ៍។ ក្នុងនោះមាន ការជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក ការទាក់ទាញភ្ញៀវទេសចរពីប្រទេសជិតខាងក្នុងតំបន់ ការជួយសម្រាលការលំបាកនៃឧស្សាហកម្មទេសចរណ៍ ពិសេសនៅខេត្តសៀមរាប ខេត្តព្រះ សីហនុ ដោយលើកលែងពន្ធដារមួយរយៈ សម្រួលសំបុត្រចូលអង្គរ និងផ្តល់សេវាគាំទ្រហិរញ្ញវត្ថុមួយ​ផ្នែកដល់ការបណ្តុះបណ្តាល​បុគ្គលិក និងនិយោជិតដែលបាត់បង់ទាំងស្រុង ឬមួយផ្នែកនៃការងារ ដោយសារការថយចុះនូវភ្ញៀវទេសចរផងដែរ ៕

ដោយឃុត សៅ