អភិបាលរងខេត្តសៀមរាបអះអាងថា កម្ពុជាគ្មានជំងឺខូវីដ-១៩ នោះទេ តែអាជ្ញាធរខេត្ដមានការប្រុងប្រយ័ត្នខ្ពស់

AKP សៀមរាប ថ្ងៃទី​​​២៨ ខែកុម្ភៈ ឆ្នាំ២០២០ — លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាបបានគូសបញ្ជាក់ថា ករណីជំងឺឆ្លងថ្មី ខូវីដ-១៩ គឺមិនទាន់កើតមាននៅកម្ពុជាទេ ហើយជាWសំខាន់នៅខេត្តសៀមរាប ដែលជាគោល​ដៅនៃភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត។

ក៏ប៉ុន្តែអាជ្ញាធរខេត្ដមានការប្រុងប្រយ័ត្នខ្ពស់ និងការពារចំពោះជំងឺនេះ  ព្រមទាំងធ្វើការផ្សព្វ ផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅតាម​មូល​ដ្ឋាន កុំឱ្យមានការភ័យខ្លាច ដោយជំរុញមានវិធានការការពារផងដែរ។ ​​ការលើកឡើងនេះ​នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិស​ដៅ​បន្ត​នៅឆ្នាំ២០២០ របស់មន្ទីរសុខភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលមហោស្រព មន្ទីរពេទ្យ​កុមារជ័យវរ្ម័ទី៧(គន្ធបុប្ផា) ក្នុងខេត្ដសៀមរាប។

លោក ពិន ប្រាកដ បានកោតសរសើរជូនចំពោះថ្នាក់ដឹកនាំមន្ដ្រីរាជការ វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងបុគ្គលិក កម្មករទាំងអស់នៃវិស័យសុខាភិបាល ដែលតែងតែខិតខំយកចិត្ដទុកដាក់ខ្ពស់ចំពោះការបំពេញតួនាទី ភារកិច្ចក្នុងការពិនិត្យពិគ្រោះ ថែទាំ និងព្យាបាលជំងឺជូនបងប្អូនប្រជាជន ដោយគោរពយ៉ាងខ្ជាប់ខ្ជួនដោយ​មិនគិតពីការ​នឿយហត់ទាំងយប់ទាំងថ្ងៃ។ លោកអភិបាលរងក៏បានវាយតម្លៃខ្ពស់ចំពោះដៃគូ ភ្នាក់ងារ​អភិវឌ្ឍន៍ អង្គការជាតិ អន្ដរជាតិ វិស័យឯកជននិងអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់​ដែល​បាន​យកចិត្ដទុកដាក់សហការគ្នាយ៉ាងជិតស្និទ្ធ និងផ្ដល់ការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងសំដៅ​ជួយ​ជំរុញនិងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសុខភាព ជូនបងប្អូនប្រជាជនយើងក្នុងរយៈ​កាល​កន្លងមក។

លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យ​ដឹង​ថា ឆ្លងតាមអង្គសន្និបាតក្នុងរយៈពេល១ថ្ងៃកន្លះមកនេះ អង្គសន្និបាតទាំងមូល បានធ្វើការ​ពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នា ដោយបានរកឃើញនូវចំណុចល្អៗមួយចំនួន ព្រមទាំង​បញ្ហាប្រឈមផងដែរ។ លោកវេជ្ជបណ្ឌិត ក៏បានធ្វើការណែនាំឱ្យគ្រប់មន្ទីរពេទ្យ មណ្ឌល​សុខភាព និងប៉ុស្តិ៍សុខភាព នៅមូលដ្ឋានទាំងអស់ ត្រូវមានមន្រ្តីពេទ្យនៅប្រចាំការ២៤ម៉ោង។ ជាមួយគ្នានេះ ប្រសិនឃើញថា មានជំងឺចម្លែក ឬមានជំងឺច្រើនខុសប្រក្រតី​ត្រូវរាយការណ៍មក​មន្ទីរសុខាភិបាល ដើម្បីបញ្ជូនរថយន្តសង្គ្រោះបានទាន់ពេលវេលា៕

ដោយ ហង្ស សៀក