ក្រុមហ៊ុន ជីប ម៉ុង​ ប្រគល់ម៉ូតូ​រ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង ចំនួន៥០​គ្រឿង​ ជូនដល់ក្រសួងបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង ​ចំនួន៥០គ្រឿង​ជូន​ដល់​​ក្រសួងបរិស្ថាន ដើម្បីរួមចំណែកក្នុងការងារថែទាំបរិស្ថាន និងសោភណភាពនៅតាមមូលដ្ឋាន ឱ្យ​កាន់តែមានភាពល្អប្រសើរ។ ពិធី​ប្រគល់ម៉ូតូ​រ៉ឺម៉កកង់បី​ធ្វើ​ឡើង​នៅ​​ទី​២៨​ ​ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង​ បានមានប្រសាសន៍ថា ការ​ប្រគល់​ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម និងសំណល់រឹងជូនក្រសួងបរិស្ថាននេះ គឺជាការរួមចំណែក​របស់​ក្រុមហ៊ុន ជីប ម៉ុង ជាមួយ​រាជ​រដ្ឋា​ភិបាល​ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យ​​សោភណភាព​​ក្នុងរា​ជ​ធានី​ភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំង​មូល​កាន់​តែ​ប្រសើរឡើង។

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលតែងតែគិតគូរ និងរូមចំណែក​ដល់​វិស័យ​បរិស្ថានយ៉ាងច្រើន ដូចជាការ​វិនិយោគលើបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែល​បំលែង​កាក​សំណល់​ទៅ​ជា​ថាមពលប្រើប្រាស់​ឡើងវិញ ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ កម្មវិធីដាំដើម​ឈើ១០០០០ដើម​ជារៀងរាល់​ឆ្នាំ រថយន្តសម្អាតផ្លូវ​ចំនួន​៤គ្រឿង ដែល​កំពុង​ប្រតិបត្តិការ​ទូទាំងប្រទេស ព្រមទាំងកម្មវិធីជាច្រើន​ទៀត៕

ដោយ គង់ សិរីរ័ត្ន