រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ លើសំណើសុំសហការត្រួតពិនិត្យផ្ទៀងផ្ទាត់ សម្រាប់ ការធ្វើបច្ចុប្បន្នភាពលើលទ្ធផលការងារស្រង់ស្ថិតិប្រជាពលរដ្ឋកំពុងរស់នៅក្រុងកោះរ៉ុង

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ លើសំណើសុំការសហការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ សម្រាប់ការធ្វើបច្ចុប្បន្នភាពលើលទ្ធផល ការងារស្រង់ស្ថិតិប្រជាពលរដ្ឋដែលកំពុងរស់នៅលើទីតាំងដីក្រុមហ៊ុន និងពិនិត្យព្រំដីរវាងដី ក្រុមហ៊ុន និងដីរបស់កងទ័ពជើងទឹកនៅលើទីតាំង នៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន អេម៉ា រីអូស្សូណាន់ មីរីនខបភើរេសិន អិលធីឌី នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុង​កោះរ៉ុង ខេត្តព្រះសីហនុ។

ពិធីនេះ មានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ អភិបាលរង​ក្រុងកោះរ៉ុង មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរសង្កាត់កោះរ៉ុង និងតំណាងក្រុមហ៊ុន អេម៉ារីអូ ស្សូណាន់ មីរីន ខបភើរេសិន អិលធីឌី នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

លោក អ៊ុម សុវណ្ណារិន តំណាងក្រុមហ៊ុន អេម៉ារីអូស្សូណាន់ មីរីនខបភើរេ សិន អិលធីឌី មានប្រសាសន៍ស្ដីពីវឌ្ឍនភាពរបស់ក្រុមហ៊ុនដែលបានទទួលសិទ្ធិ វិនិយោគពីរាជ រដ្ឋាភិបាលកម្ពុជា នៅលើកោះរ៉ុងសន្លឹម លើផ្ទៃដី ១,៣១៥ហិកតា ស្ថិតនៅភូមិកោះរុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីធ្វើកិច្ចសហកាត្រួតពិនិត្យ-ផ្ទៀងផ្ទាត់ សម្រាប់ការធ្វើបច្ចុប្បន្នភាពលើលទ្ធ ផលការងារស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលកំពុង រស់នៅ លើទីតាំងដីក្រុមហ៊ុន និងពិនិត្យព្រំដីរវាងដីក្រុមហ៊ុន និងដីរបស់កងទ័ពជើងទឹកនៅ លើទីតាំង នៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន អេម៉ារីអូស្សូណាន់ មីរីនខបភើរេសិន អិលធីឌី ដើម្បី ស្របតាមស្ថានភាពជាក់ស្តែង ក្នុងការ កែសម្រួលប្លង់មេ នៃគម្រោងអភិវឌ្ឍន៍ លើទីតាំងដីវិនិ យោគ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមការងារ បច្ចេកទេស បង្កើតគណៈកម្មការបច្ចេកទេសមួយ ដែលមានសមាសភាពចូលរួមពី មន្ទីរពាក់ ព័ន្ធចូលរួម មានដូចជា មន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរ កសិកម្មរុក្ខា ប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន អាជ្ញាធរក្រុងកោះរ៉ុង និងអង្គភាពពាក់ព័ន្ធ ដើម្បីចុះទៅ ដល់គោលដៅដើម្បីប្រមូលផ្ដុំព័ត៌មាន ទិន្នន័យទាក់ទិនអំពីស្ថានភាពនាពេលបច្ចុប្បន្ន និងចងក្រងជាឯកសារពាក់ព័ន្ធនានា ដើម្បីឱ្យយើងមានទិន្នន័យរួមមួយក្នុងការគ្រប់គ្រង ព័ត៌មាន ទាក់ទិននឹងដីរបស់ក្រុមហ៊ុន ដីប្រជាពលរដ្ឋ ដីរដ្ឋ និងដីរបស់កងទ័ពជើងទឹក ហើយរាល់ទិន្នន័យដែលប្រមូលបានគ្រប់ជ្រុងជ្រោយ យើងនឹងធ្វើការរួមគ្នាដោះស្រាយ ទាំងអស់គ្នាឱ្យមានតម្លាភាព៕

ដោយ ងូ សុមុនី