រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើលទ្ធភាព​  ក្នុងការ​ជំរុញ និងការ​ត្រួតពិនិត្យ​ច្រកចេញ-ចូល​តែមួយជាមួ​យ​​ប្រទេសជិតខាង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធភាព​ក្នុង​ការ​ជំរុញ ការ​អនុវត្ត ការ​ត្រួតពិនិត្យ​ច្រកចេញ-ចូល​តែមួយ រវាងកម្ពុជា-​ថៃ និង​កម្ពុជា-​វៀតណាម” កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីស្ដីការក្រសួ​​ងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ដើម្បី​ឆ្លើយតបទៅ​នឹង​តម្រូវការ​ក្នុង​ការ​ជំរុញ​ការ​ដឹក-ជញ្ជូន​ឆ្លង​កាត់​ព្រំដែន, ការ​អនុវត្តកា​រ​​ត្រួតពិនិត្យ​ច្រកចេញ-ចូល​តែមួយ ជាមួយប្រទេស​ជាប់ព្រំដែន​ ជាពិសេស​ថៃ និង​​វៀតណាម គឺ​ជា​កិច្ច​ការ​បន្ទាន់ និង​ចំពោះ​មុខរបស់កម្ពុជា​។​ ជាក់ស្តែង ក្រោយពី​ការសាងសង់ ស្ពានត្សឺបា​សា (អ្នកលឿង) រួមមក ទំហំការ​ដឹកជញ្ជូន និងចរាចរណ៍​ឆ្លងកាត់ព្រំដែន អន្តរជាតិបាវិត-ម៉ុកបៃ បានកើនឡើងហួសពីការរំពឹងទុក ស្របពេល​ដែលផ្លូវឆ្លងកាត់ព្រំដែន មានតែមួយខ្សែ និងតូចចង្អៀតដែល​មិនអនុញ្ញាតឱ្យ​​មាន​ការ​បែង​ចែកតាម​ប្រភេទ​ចរាចរណ៍​ ឬ​មធ្យោបាយដឹកជញ្ជូនឆ្លង​​កាត់បាន​ប្រកបដោយប្រសិទ្ធភាព។

ច្រកទ្វារព្រំដែន​នេះ​ក៏រង​សម្ពាធពី​ល្បឿន​នៃការអភិវឌ្ឍយ៉ាងគំហុកនា​ប៉ុន្មានឆ្នាំ​ចុងក្រោ​យ​នេះ។​ ស្រដៀង​​គ្នា​ដែរ ស្ថានភាពនៃការ​កកស្ទះ​នៅ​​​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-អា​រ​ញ្ញ​ប្រាថេតក៏មាន​សភាព​ធ្ងន់ធ្ងរផងដែរ​    ខណៈ​ច្រកទ្វារ​អន្តរជាតិថ្មី​ ស្ទឹង​បត់-បានណង​អៀន នៅ​​មិនទាន់អាច​ដាក់ឱ្យ​ដំណើរ​ការបាន ។​​

ក្នុងបរិការណ៍នេះ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានចង្អុលបង្ហាញ​នូវ​វិធានការ​ចំពោះមុខ ​រយៈពេលមធ្យម និង​វែង ក្នុង​នោះសម្រាប់ ច្រកទ្វារព្រំដែន​អន្តរជាតិ​ បាវិត-ម៉ុកបៃ៖ ១. ​ជំរុញ​ការ​កែលម្អហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តក្នុង​ទឹកដី ​កម្ពុជា​​ ជាពិសេស ​​ផ្លូ​វ​​តភ្ជាប់ច្រកទ្វារព្រំដែន​ ដើម្បីអនុញ្ញាតឱ្យ​មាន​ការ​បែងចែកតាមប្រភេទចរាចរណ៍ ឬ​ប្រភេទម​ធ្យោ​បាយ​ដឹកជញ្ជូន​, ២. បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​សមភាគីវៀត​ណាមក្នុង​ការ​បន្ស៊ី​គ្នា​រវាង​ប​ទ​ដ្ឋា​ន​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ពេលវេលា​សាងសង់​ដើម្បី​លើកកម្ពស់ប្រសិទ្ធភាពការអនុវត្ត​​, ៣. បន្ត​ផ្តោតលើផែនការ​រយៈពេល​វែង ជាពិសេស​ ជំរុញការ​សាងសង់ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-បាវិត និង​​ហេដ្ឋា-រចនាសម្ព័ន្ធ​នៅច្រកទ្វារអន្តរជាតិថ្មី​ រាប់ទាំងការ​សាងសង់​តំបន់ត្រួតពិនិត្យ​រួម (Common Control Area-CCA), និង​៤. ជាមួយគ្នា​នេះ​, ​គិតគូរ​លើការ​សម្រួល​នីតិវិធី​​ឆ្លង​កាត់ព្រំដែន ​ដោយបង្កើនប្រសិទ្ធភាព​ការងារ​តាមរយៈការ​បន្ស៊ីនីតិវិធី​គយ​ជាមួយ​ដៃគូពាក់ព័ន្ធក្នុង​ស្រុក​ និង​ភាគី​វៀត​ណាម​ ជាពិសេស​ជំរុញ​ការ​​អនុវត្តការ​ត្រួតពិនិត្យ​ច្រកចេញ-ចូល​តែមួយ ។​

សម្រាប់ច្រកទ្វារព្រំដែន​​កម្ពុជា-​ថៃ, កិច្ច​ការ​បន្ទាន់ចំពោះ​មុខ​គឺ៖ ១. ស្វែង​រកការឯកភាព​ជាមួយភាគីថៃ ក្នុង​ការ​ដាក់ឱ្យ​ដំណើរ​ការ​ជាបណ្តោះ​អាសន្ន​នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិស្ទឹង​បត់-បានណងអៀន និង​បន្តជំរុញការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​រឹង​មាំ​ឱ្យ​បានឆាប់ ​និង ​២. បង្កើន​ប្រសិទ្ធភាព​នៃការ​អនុវត្ត​នីតិវិធី​ បញ្ចេញ​ទំនិញ​ឆ្លង​កាត់ព្រំដែន​ តាមរយៈការ​បង្កើន​កិច្ចសហការ​ជាមួយភាគីពាក់ព័ន្ធក្នុង​ស្រុក និង​ភាគី​ថៃ ។​

ក្នុង​ស្មារតី​នេះ, ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា នៃក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ នឹង​ដើរ​តួនាទី​សំខាន់ក្នុង​ការ​សម្របសម្រួល​ជាមួយក្រសួង-​ស្ថាប័នពាក់ព័ន្ធក្នុង​ស្រុក ព្រមទាំងភាគីថៃ ​និង​វៀតណាម​ក្នុង​​ការអនុវត្តវិធានការ​ទាំងនោះប្រកបដោយ ប្រសិទ្ធភាពខ្ពស់។​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ ក៏បាន​ថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ដល់គ្រប់​ក្រសួង​-ស្ថាប័នពាក់ព័ន្ធ​ដែលបានខិត​ខំ ​និងចូលរួមយ៉ាងសកម្មក្នុងការរិះរកដំណោះស្រាយ និងលើកទឹកចិត្តដល់​ក្រសួង​-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយ សម្រួលដល់​ការដឹកជញ្ជូន និង​ការ​ឆ្លងកាត់ព្រំដែនឱ្យកាន់តែ​មាន​ប្រសិទ្ធភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធភាព​ក្នុង​ការ​ជំរុញ “ការ​អនុវត្តការ​ត្រួតពិនិត្យ​ច្រកចេញ-ចូល​តែមួយ រវាងកម្ពុជា-​ថៃ និង​ កម្ពុជា-​វៀតណាម”នេះ​មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំនៃក្រសួង-​ស្ថាប័នពាក់​ព័ន្ធ៕

ដោយ គង់ សិរីរ័ត្ន