ឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀស របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ​បើក​ដាក់ឱ្យប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ដសៀមរាប  

AKP សៀមរាប ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — ឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀស  របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដែលបាន​ដំឡើង​នៅសួនច្បារទល់មុខរង្វង់មូលព្រះអង្គចេកព្រះអង្គចម បានបើក​ដាក់ឱ្យប្រើប្រាស់​សម្រាប់​ប្រជាពលរដ្ឋធ្វើការហាត់ប្រាណ ដើម្បីសុខភាពនៅក្នុងខេត្ដសៀមរាប។  ថ្លែងក្នុងពិធីដាក់សម្ពោធជាផ្លូវការឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀស  កាលពីព្រឹក​ថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០  លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប​បានមានប្រសាសន៍ថា  សម្រាប់វត្តមាននៃឧបករណ៍ហាត់ប្រាណដែលជា​ការឧបត្ថម្ភរបស់​ក្រុមហ៊ុនកូកា-កូឡាកម្ពុជា  ដែលនេះជាសាក្ខីភាពនៃការចូលរួមចំណែកលើកកម្ពស់​សុខុមាល​ភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ  ដែលនិយមហាត់​ប្រាណ​ដើម្បីថែរក្សាសុខភាពប្រចាំថ្ងៃនៅក្នុងខេត្ដសៀមរាប។ លោកអភិបាលរងខេត្ដបាន​បន្ដថា ការហាត់ប្រាណផ្តល់គុណប្រយោជន៍៥ចំនុចសំខាន់ៗ ក្នុងការចូលរួម  កាត់បន្ថយ​ឱកាសប្រឈមមុខនឹងជំងឺបេះដូង សួត និងជួយសម្រួលសម្ពាធឈាមដំណើរការបានល្អ ធ្វើ​ឱ្យ​គេងលក់ស្រួល ខួរក្បាលវាងវៃ និងមានអាយុវែង។ 

​លោក រស់ សោភា នាយកផ្នែកច្បាប់និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំ​ប្រទេស​កម្ពុជារបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានគូសបញ្ជាក់ថា ការនាំយកឧបករណ៍​ហាត់​​ប្រាណអាឃ្វ័ររៀសជូនដល់សាធារណជន និងប្រជាជននៅក្នុងខេត្ដសៀមរាបនេះ គឺជា​សកម្មភាពចម្បងមួយនៃគម្រោងជាសាកល្បងរបស់ក្រុមហ៊ុនកូកា-កូឡា ក្រោមឈ្មោះថា «សុខុមាលភាពល្អ»។ លោកបានបន្ដថា ការផ្ដល់ឧបករណ៍ទាំងនេះ គឺដើម្បីសម្តែងនូវឆន្ទៈ​គាំទ្រ​​យ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការលើកកម្ពស់​សុខុ​មាលភាពប្រជាជនកម្ពុជា  តាមរយៈជំរុញប្រជាសហគមន៍មូលដ្ឋានធ្វើលំហាត់ប្រាណ ដើម្បី​ថែទាំសុខភាពប្រចាំថ្ងៃ និងបញ្ជៀសឱកាសសេពគ្រឿងញៀន។ លោកនាយកក៏បាន​ណែនាំ​ពី​គុណតម្លៃរបស់ភេសជ្ជៈកីឡាគឺ «អាឃ្វ័ររៀស» ដែលជាពាណិជ្ជសញ្ញាមួយក្នុង​ចំណោម​ពាណិជ្ជសញ្ញាល្បីៗចំនួន ២០ របស់ក្រុមហ៊ុនកូកា-កូឡា។  ទន្ទឹមនេះ អាឃ្វ័ររៀស បានជាប់​ចំណាត់​ថ្នាក់លេខ១ នៅប្រទេសជប៉ុន ដែលជាប្រភេទភេសជ្ជៈបំពេញជាតិទឹកបានយ៉ាងឆាប់​រហ័សដល់រាងកាយ  សាកសមបំផុតសម្រាប់អ្នកកីឡាគ្រប់រូប។

លោកបានបន្ថែមថា ​អាឃ្វ័ររៀស ទទួលបានការពេញនិយមយ៉ាងខ្លាំងពី​សំណាក់​អតិថិជននិយមលេងកីឡាដែលពួកគាត់ត្រូវការភេសជ្ជៈដែលបំពេញជាតិទឹក​ត្រឡប់មក​រាង​​កាយវិញ ហើយកីឡានាំមកនូវសុខភាព និងមិត្តភាព៕

ដោយ រិទ្ធី