អាជ្ញាធរអប្សរាការរៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​ និងបរិស្ថាន​  នៅមុខខាងលិចប្រាសាទព្រះខ័ន

AKP សៀមរាប ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម យិត​ ចាន់ដារដ្ឋ​ អគ្គនាយករង​អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះរៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​ និងបរិស្ថាន​ នៅមុខខាងលិច ប្រាសាទព្រះខ័ន​ ដើម្បីលើកកម្ពស់គុណតម្លៃរមណីយដ្ឋានអង្គរ​ និងសម្រួលដល់លំហូរភ្ញៀវ ទេសចរ។

ឯកឧត្តម យិត ចាន់ដារដ្ឋ បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់នេះ មានការចូលរួម និងឯកភាពពីអាជីវករនៅមុខប្រាសាទព្រះខ័ន​ ដោយក្រុមការងារអប្សរាបាន រំកិលតូបទាំងអស់លើផ្ទៃដីប្រវែង៦៥​ម៉ែត្រ​ ទទឹង៧​ម៉ែត្រ ​ដែលស្ថិតនៅកៀកនឹងផ្លូវពេក​ ឱ្យខិតចូលទៅក្នុងប្រវែង២៥ម៉ែត្រពីចិញ្ចើមថ្នល់​ ដើម្បីទុកជាផ្លូវថ្មើរជើង​ ផ្លូវជិះកង់​រួមទាំងចំណតជំនួសការចតជាប់នឹងប្រាសាទ។ ទន្ទឹមនឹងនោះ​ ដោយមានកិច្ចសហការ ពីគ្រឹះស្ថានអង្គរ​ បង្គន់ចល័តមួយចំនួនក៏នឹងត្រូវបានដាក់នៅទីនេះសម្រាប់ភ្ញៀវទេសចរ​ និងសាធារណជនផងដែរ។ រីឯបរិវេណមុខប្រាសាទនេះនឹងមានការដាំ ស្មៅឱ្យមានភាពបៃតងវិញផងដែរ​។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ការងាររំកិលតូបនិងធ្វើរួចរាល់ឆាប់ៗ ប៉ុន្តែសម្រាប់ រៀប ចំមុខបរិវេណប្រាសាទឱ្យមានរបៀបរៀបរយនិងការដាំស្មៅឱ្យមានភាពបៃតងអាចប្រើ ប្រាស់ពេលវេលាប្រមាណ២ខែទើបរួចរាល់៕

ដោយ ឃុត សៅ