យុទ្ធ​សាស្រ្ត​អាជីវកម្ម​របស់ផ្សារ​ទំនើប​ ជីប​​ ម៉ុង​ គឺ​​ក្លាយខ្លួន​ជា​​អ្នក​នាំមុខគេ​នៅទី​ផ្សារ​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — បច្ចុប្បន្ន​ វិស័យ​លក់​រាយ​​កំ​ពុង​តែ​មាន​សន្ទុះ​ខ្លាំង​ក្នុង​ប្រ​ទេស​កម្ពុជា​ ដោយ​មាន​​ការ​វិនិយោគ​​ជា​បន្ត​បន្ទាប់​ពីក្រុមហ៊ុន​ជា​ច្រើន។​​ ក្នុង​នោះ​ ផ្សារ​ទំ​នើប​ ជីប​ ម៉ុង​ ​កំ​ពុង​​បោះ​ជំហាន​​យ៉ាង​លឿន​ ដោយ​​ព​ង្រីក​ខ្លួនជា​ច្រើន​​ទី​តាំង​​ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការទំនិញ លក់រាយ​ជូន​ដល់​ប្រជា​​​ពលរដ្ឋក្នុងរាជធានីភ្នំពេញ។​

លោក​ Laurent Hamelet នាយកផ្នែកលក់ទំនិញ និងទីផ្សារនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បាន​ឱ្យ​ដឹង​ថា ​ផ្សារ​ទំនើប​ ជីប​ ម៉ុង មាន​​ការប្តេជ្ញាចិត្តខ្ពស់​ និង​យុទ្ធសាស្ត្ររយៈ ពេលវែង​ក្នុងការក្លាយខ្លួនជាអ្នកនាំមុខគេក្នុងអាជីវកម្មលក់រាយនៅកម្ពុជា។

លោក​បន្ថែម​ថា​​ «យើង​​ផ្តល់​ជូន​អតិថិជននូវ​ទំ​និញរហូត​ដល់​ជាង​ ៧​ពាន់​មុខ ​ដែល​មាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ ដោយ​​យើង​មាន​ដៃ​គូ​ពាណិជ្ជកម្ម​ខ្លាំង​ៗ​ជាង​ ២០០ ក្នុង​ការ​ផ្គត់​ផ្គង់​ទំ​និញ​ឱ្យបាន​ទៀង​ទាត់​។​ យើង​ក៏​មាន​​ទំ​និញ​មក​ពី​​សហភាព​​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ និង​ពី​ប្រ​ទេស​ថៃ​ ដែលមាន​វិញ្ញាបនបត្រ​បញ្ជាក់​ថា​ គ្មាន​សារធាតុ​គីមី ក៏​ដូច​ជាផលិតផលសរីរាង្គចំនួន១៥០មុខ ដែលនាំចូលផ្តាច់មុខពី​សហភាព​​អឺរ៉ុបផងដែរ​​​»។​

លោក​ក៏​បាន​បញ្ជាក់​​ពី​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​​ផ្សារ​ទំនើប​ ជីប​ ម៉ុង ក៏​​ដូច​ជា​មជ្ឈ​មណ្ឌល​ផ្សារ​ទំ​នើប​​ និង​​ក្រុមហ៊ុន​ ជីប​ ម៉ុង​ លែន​ ដែល​ជា​ក្រុមហ៊ុន​​​អភិ​វឌ្ឍ​​ន៍លំ​នៅ​ឋាន​​ ​ដោ​យ​គ្រប់​គម្រោង​ទាំង​អស់របស់​ក្រុមហ៊ុន​ ជីប ម៉ុង លែន នឹងមាន​​​មជ្ឈ​មណ្ឌល​ផ្សារ​​ទំ​នើប​ ជីប ម៉ុង។​

លោក Laurent បាន​និយាយ​ថា​​ «យើង​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​​ធន​ធាន​មនុស្ស​ ដោយ​យើង​បាន​ដាក់​បញ្ចូល​នូវ​កម្មវិធី​បណ្តុះ​បណ្តាល​បុគ្គលិក​ជាមួយ​នឹង​បច្ចេក​វិទ្យា​ដ៏ទំ​នើប​ទាក់​ទង​នឹង​ទី​ផ្សារ​លក់​រាយ។​ យើង​ជឿ​ជាក់យ៉ាង​​មុត​មាំ​ថា​ យុទ្ធ​សាស្រ្ត​ និង​ការ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ យើង​នឹង​ក្លាយ​ជា​អ្នក​វិនិយោគ​ដ៏​ចម្បង​នៅ​ក្នុង​វិស័យ​នេះ»។​

បច្ចុប្បន្ន​ ជីប ម៉ុង រីថែល កំពុងប្រតិបត្តិការ​ផ្សារ​​ទំ​នើប​ ជីប ​ម៉ុង ចំនួន​បីទីតាំង​​ និង​ ជីប​ ម៉ុង​ Express ចំនួនបីទីតាំង​ និង​មាន​គម្រោង​​ពង្រីកសាខាផ្សារទំនើប ជីប ម៉ុង ចំនួនបីទីតាំង និង ជីប ម៉ុង Express ចំនួន១០ទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដើម្បី​ខិត​ឱ្យកាន់​តែ​ជិត​​អតិថិជន​៕

ដោយ គង់ សិរីរ័ត្ន