សាកលវិទ្យាល័យពីររបស់កម្ពុជាទទួលបានគម្រោងពីសហភាពអឺរ៉ុប សម្រាប់គម្រោង​នវានុវត្តន៍សាកលវិទ្យាល័យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — គំម្រោងនវានុវត្តន៍សាកលវិទ្យាល័យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក(PURSEA) គឺស្ថិតក្នុង គម្រោងទាំងឡាយរបស់សហគមន៍អឺរ៉ុប(Erasmus+K2)ដែលផ្តោតគោលដៅលើការពង្រឹងសមត្ថភាពនៃគ្រឹះស្ថានឧត្តមសិក្សា។ នេះជាគម្រោងដែលគាំទ្រលើផ្នែកហិរញ្ញវត្ថុដោយសហ គមន៍អឺរ៉ុប សម្រាប់រយៈពេល៣ឆ្នាំ ពីឆ្នាំ២០២០-២០២៣ និងដែលមានសាកលវិទ្យាល័យ ហាណូយ ជាអ្នកសម្រមសម្រួល។   គម្រោងងនេះ ​ប្រមូលផ្តុំគ្រឹះស្ថានអប់រំនិងស្រាវជ្រាវ ចំនួន១៦ដែលក្នុងនោះគ្រឹះស្ថានចំនួន៨នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (គ្រឹះស្ថាន២នៅកម្ពុជា៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកល​វិទ្យាល័យចំនួន៦នៅវៀតណាម)។

គ្រឹះស្ថានទាំងនេះនឹងទទួលបានអត្ថប្រយោជន៍ពីលទ្ធផលនៃគម្រោងមួយនេះ។ ដៃគូ​សហការ នៃសហភាពអឺរ៉ុបមានមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនិងសាកលវិទ្យាល័យជា​ច្រើននៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ និងប្រទេសបែលហ្ស៊ិក នឹងផ្តល់នូវជំនាញបទ​ពិសោធន៍​លើផ្នែកអភិបាលកិច្ចសាកលវិទ្យាល័យ ផ្នែកបណ្តុះបណ្តាលលើការដឹកនាំឱ្យមានការផ្លាស់ប្តូរ និងបង្ការហានិភ័យទាំងឡាយ។ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)មាន តួនាទីសហការសម្របសម្រួល និងទទួលបន្ទុកគ្រប់គ្រងរដ្ឋបាលនិងហិរញ្ញវត្ថុនៃ គម្រោង នេះ។

គម្រោងPURSEAមានគោលបំណងពង្រឹងសមត្ថភាពលើអភិបាលកិច្ចនៃគ្រឹះស្ថាន ឧត្តមសិក្សាចំនួន៨នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការកំណត់និងដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រទៅតាមបរិបទ និងផ្តោតលើគោលដៅចំនួន៣ បង្កើតវិធីសាស្ត្រ និង មធ្យោបាយចាំបាច់សម្រាប់ការបង្កើតផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និងកសាងផែនការ ប្រតិបត្តិសម្រាប់សាកលវិទ្យាល័យជាដៃគូ។ លទ្ធផលចម្បងដែលទន្ទឹងរង់ចាំ គឺផែនការយុទ្ធ​សាស្រ្តសម្រាប់ការអភិវឌ្ឈ តាមលក្ខណៈនវានុវត្តភាព ឬការបង្កើនភាពជានៃសាកល​វិទ្យា​ល័យ​នីមួយៗ ជាដៃគូនិងផែនការប្រតិបត្តិ។

ជាមួយគ្នានេះ ការដាក់ឱ្យដំណើរការផែនការសកម្មភាពជាអទិភាពក្នុងសាកលវិទ្យា​ល័យ​នីមួយៗជាដៃគូ ការបង្កើតសមាសភាពនៃគម្រោង និងការដឹកនាំនូវការផ្លស់ប្តូរ។ លទ្ធ​ផលដែលរំពឹងរង់ចាំនៃជំហាននេះរួមមានផែនការអាទិភាពដែលជ្រើសរើសនិងដាក់ឱ្យដំណើរការ ក៏ដូចជាសមាសភាពនៃគម្រោង(អភិបាលកិច្ចនិងការគ្រប់គ្រង)។ ចំពោះការបង្កើត​ឧបករណ៍ដើម្បីផ្លាស់ប្តូរនិងផ្សព្វផ្សាយជំនាញឯកទេសក្នុងតំបន់ដោយបង្កើតនូវផែនការយុទ្ធសាស្ត្រក៏ដូចជាដំណើរការនៃការងារអភិបាលកិច្ចនិងគ្រប់គ្រងសាកលវិទ្យល័យ។ ឧបករណ៍​ដែលរំពឹងរង់ចាំនោះគឺការបង្កើតទំព័រ វេបសាយសម្រាប់ទំនាក់ទំនង និងផ្លាស់ប្តូរលទ្ធផលនៃ​គម្រោងរវាងសាកលវិទ្យាល័យនិងបុគ្គលទាំងឡាយណាដែលចាប់អារម្មណ៍។ដើម្បីសម្រេចគោលដៅដែលបាន កំណត់ទាំងឡាយនេះ ការផ្លាស់ប្តូរចំណេះធ្វើ ការគាំទ្រ និងផ្តល់ជំនាញ ឯកទេស រវាងស្ថាប័នដៃគូនៃគម្រោងនឹងត្រូវបង្កើតឡើងតាមសិក្ខាសាលាផ្សេងៗ និងការ​បណ្តុះបណ្តាលដែលនឹងរៀបចំនៅប្រទេសវៀតណាម កម្ពុជា បារាំង និងនៅប្រទេសបែល​ហ្ស៊ិក។

សកម្មភាពទាំងមូលត្រូវបែងចែកជា១០កញ្ចប់ការងារ(workpackage) មានដូចជា ១-កញ្ចប់ចាប់ផ្តើមដំណើការគម្រោង ២-កញ្ចប់ស្វ័យស្វែងរករោគវិនិច្ឆ័យ ៣-កញ្ចប់វិភាគបរិស្ថាន​ខាងក្រៅ ៤-កញ្ចប់ស្វ័យវាយតម្លៃយុទ្ធសាស្ត្រ នៃការអភិវឌ្ឈនិងបរិស្ថានផ្ទៃក្នុង ៥-កញ្ចប់​បង្កើតសមាសភាពនៃផែនការយុទ្ធសាស្ត្រ ៦-កញ្ចប់ដាក់ឱ្យដំណើរការនិងតាមដាន​ផែនការ​សកម្មភាព ៧-កញ្ចប់ពង្រឹងសមត្ថភាពបុគ្គលិក ៨-កញ្ចប់ធានាគុណភាពនិងភាពជាម្ចាស់​លើ​ហានិភ័យ ៩-កញ្ចប់ទំនាក់ទំនងនិងផ្សព្វផ្សាយលទ្ធផល ១០-កញ្ចប់ គ្រប់គ្រងរួម រដ្ឋបាល និងហិរញ្ញវត្ថុនៃគម្រោង។ ទន្ទឹមនេះ ក្នុងចំណោមកញ្ចប់ការងារទាំង១០នេះ គឺកញ្ចប់ទី២ ដល់ ទី៦មានសារៈសំខាន់ ចាំបាច់សម្រាប់គម្រោងព្រោះវាទាក់ទងនឹងការបង្កើតគំរោងផែនការ​យុទ្ធសាស្ត្រដោយផ្ទាល់សម្រាប់ការអភិវឌ្ឈនិងការដាក់ឱ្យដំណើរការនិងផែនការសកម្មភាព។ ចំណុចទី៧-៨ គឺចាំបាច់ក្នុងការផ្លាស់ប្តូរនិងតម្រូវឱ្យបណ្តុះបណ្តាល បុគ្គលិកនៃសាកល​វិទ្យាល័យទាំងឡាយក្នុងតំបន់ធានាដល់គុណភាពនិងការគ្រប់គ្រងហានិភ័យ។ ចំណុចទី១ ទី៩ និងទី១០មានលក្ខណៈជាការដាក់ឱ្យដំណើរការ ការគ្រប់គ្រង និងការផ្សព្វផ្សាយលទ្ធ​ផលនៃគម្រោង។

លោក សៀង ផេន អ្នកសម្របសម្រួលគម្រោងPURSEA និងជានាយកទំនាក់ទំនង​អន្តរជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានលើកឡើងថា ដោយគុណតម្លៃនៃ គម្រោង​PURSEATនេះ កម្ពុជាមានឱកាសក្នុងការទទួលបាននូវយុទ្ធសាស្ត្រថ្មីៗ និងអាចឱ្យយើង​សម្រេចបាននូវការបណ្តុះបណ្តាលមួយដោយគុណភាពនៃក្នុងការអប់រំនៅកម្រិតឧត្តមសិក្សានៅកម្ពុជា។ លោកបានបញ្ជាក់ថា “គម្រោងនេះគឺមិនមែនតែសម្រាប់តែនៅក្នុងវិទ្យាស្ថាន យើង​ប៉ុណ្ណោះទេ ក៏ប៉ុន្តែក្នុងពេលអនាគត ប្រសិនបើអ្វីៗដំណើរការបានល្អនៅ សាកលវិទ្យា​ល័យ​យើងទាំងពីរដែលស្ថិតក្នុងគម្រោងនេះ យើងនឹងអាចចែករំលែក បទពិសោធន៍របស់​យើងដល់គ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងឡាយនៅកម្ពុជា”៕

ដោយ នីកា