ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រ៊ុយណេ ជួយសម្របសម្រួលឱ្យនារីកម្ពុជាម្នាក់ត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីរងអំពើហិង្សាក្នុងគ្រួសារ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេ បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងនារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ស្ថានឯកអគ្គរាជទូត បានជួយសម្របសម្រួលស្តី្រជនជាតិកម្ពុជាម្នាក់ ដែលបានរងអំពើហិង្សាក្នុងគ្រួសារ ឱ្យបានត្រលប់មកកាន់មាតុប្រទេសវិញហើយ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ។

ឯកឧត្តមឯកអគ្គរាជទូតបានបន្តថា “ស្ត្រីរងគ្រោះមានឈ្មោះ ដួង ឆវីលីដា បានរៀបការជាមួយនឹងបុរសកូនកាត់ប្រ៊ុយណេ-ថៃឡង់ដ៍ម្នាក់ និងបានរស់នៅប្រទេសនេះបានប្រហែលមួយឆ្នាំមកហើយ ជាមួយស្វាមី និងម្តាយក្មេក ហើយស្រ្តីរងគ្រោះ ត្រូវបានម្តាយក្មេកដែលជាជនជាតិប្រ៊ុយណេ និងប្តី បានប្រើប្រាស់អំពើហិង្សាមកលើខ្លួន។” បន្ទាប់ពីបានទទួលដំណឹងពីករណីអំពើហិង្សានេះភ្លាម តាមរយៈបងប្អូនស្ត្រីរងគ្រោះនៅភ្នំពេញកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ “ខ្ញុំបានទៅទំនាក់ទំនងភ្លាមៗជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនេះ និងបានជួយសម្រួលយកនារីរងគ្រោះពីផ្ទះដែលកំពុងស្នាក់នៅ ឱ្យមកស្នាក់នៅបណ្តោះអាសន្ននៅស្ថានទូតកម្ពុជាមួយរយៈសិន ដើម្បីបំពេញបែបបទធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ។”

សូមបញ្ជាក់ផងដែរថា នាព្រឹកនេះ ឯកឧត្តមឯកអគ្គរាជទូតក៏បានជូនដំណើរនារីរងគ្រោះ ព្រមទាំងកូនតូចរបស់នាងដែលមានអាយុប្រហែល៨ខែ មកកាន់ព្រលានយន្តហោះនៃប្រទេសប៊្រុយណេ ដើម្បីបានវិលត្រលប់មកកាន់ប្រទេសកំណើតវិញផងដែរ។

ដោយ ផែន រតនៈ