សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជប៉ុនគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនអាស៊ាន​ និង​បណ្ដុះបណ្ដាលកងទ័ពកម្ពុជាក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យ​ជប៉ុន​គាំទ្រ​​ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនអាស៊ាន ដែលមានទីតាំងនៅកម្ពុជា និងជា​មជ្ឈ​មណ្ឌលមួយមានការបណ្ដុះបណ្ដាលមានបទពិសោធន៍ លើការងារដោះមីន និងយុទ្ធភ័ណ្ឌ​មិន​​ទាន់ផ្ទុះ និងជួយបណ្ដុះបណ្ដាលកងទ័ពកម្ពុជាក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ​ដែលអាច​កើត​​ឡើ​ងជាយថាហេតុផងដែរ។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី ប​ន្ទា​ប់​ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ​ឯកឧត្ដម នាយ​ឧត្ត​ម​សេ​នីយ៍ ហ្គោរ៉ូ យូអាហ្សា (Goro Yuasa) មេបញ្ជាការកងទ័ពជើង​គោក​ជប៉ុន ចូលជួប​ស​ម្ដែ​ង​ការ​គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព។

ឯកឧត្ដម នាយ​ឧត្ត​ម​សេ​នីយ៍ ហ្គោរ៉ូ យូអាហ្សា បានជម្រាបជូនសម្ដេចតេជោថា    ឯកឧត្តមបានអញ្ជើញដឹកនាំគណៈ​ប្រ​តិ​ភូ នៃកងទ័ពជើងគោកប្រទេសជប៉ុនមកបំពេញ​ទស្សន​កិច្ចនៅកម្ពុជានាពេលនេះ គឺតបតា​ម​​ការអញ្ជើញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើង​គោ​ក​កម្ពុជា។ ឯកឧត្ដម នាយ​ឧត្ត​ម​សេ​នីយ៍បាន​បន្ដថា នៅរសៀលនេះឯកឧត្តមបាន​អញ្ជើញទៅទស្សនកិច្ច នៅវិមានឈ្នះ ឈ្នះ រ​ប​​ស់កម្ពុជា ដោយឯកឧត្តមបញ្ជាក់ថា ឯកឧត្តមពិតជា​អប​អរសាទរចំពោះសមិទ្ធផល ជាពិ​សេ​ស​ស្នាដៃ​របស់​សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការដឹកនាំប្រទេសកម្ពុជា នាពេលកន្លងមក​។ ឯកឧត្ដម នាយ​ឧត្ត​ម​សេ​នីយ៍បានថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែ​ល​បាន​អញ្ជើញ​ឯកឧត្តម និងគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជានេះ ហើយឯកឧត្តម​លើ​ក​ឡើងថា ទស្សនកិច្ចនេះ នឹងចូលរួមចំណែកក្នុងការ​បន្តពង្រីកពង្រឹងទំនាក់ទំនង​ល្អរវាង​ប្រ​ទេស​កម្ពុជា និងប្រទេសជប៉ុន ហើយជាពិសេសទៀត​គឺទំនាក់ទំនងដ៏ល្អរវាងឯកឧត្តម​នា​យ​ក​រដ្ឋមន្ត្រីស៊ីនហ្សូអាបេ ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមសង្ឃឹមថា ទស្សន​កិច្ច​នេះ​​ និងចូលរួមពង្រឹងមិនត្រឹមតែទំនាក់ទំនងទ្វេភាគីរវាង​ប្រទេសទាំងពីរនោះទេ ​ក៏ប៉ុន្តែ និង  ​ព​ង្រឹ​ង​​ទំ​នាក់ទំនង​លើ​វិស័យ​ផ្សេងៗ​ទៀតរួមទាំងវិស័យការពារជាតិនៃប្រទេសទាំងពីរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះជាលើកដំបូងដែល​ឯកឧត្តម ​បា​ន​​អញ្ជើញមកទស្សនកិច្ច​នៅ​ប្រ​ទេសកម្ពុជា នៅក្នុងក្របខណ្ឌនៃកងទ័ពជើងគោករបស់​ប្រទេ​ស​​ជប៉ុន។ សម្ដេចតេជោបានបន្តថា កន្លងមកសម្ដេចតែងតែបានជំរុញ កិច្ចសហប្រតិ​បត្តិ​ការ​ទ្វេ​ភាគីរវាងកម្ពុជា និងជប៉ុន ដោយសម្ដេចបានធ្វើការជាច្រើនជាមួយ​នាយករដ្ឋមន្ត្រីនៃ​ប្រ​ទេ​ស​ជប៉ុន ជាពិសេសចុងក្រោយនេះជាមួយឯកឧត្តមស៊ីនហ្សូ អាបេ ដែលបច្ចុប្បន្នទំនាក់​ទំនង​​នេះ ក្លាយ ជាដៃ​គូយុទ្ធសាស្ត្ររវាងកម្ពុជានិងជប៉ុន ហើយដែលគ្របដណ្ដប់ទៅលើវិស័យ​ជាច្រើន​រួម​​ទាំងវិស័យការពារជាតិ។ សម្ដេចតេជោបានលើកឡើងថា  កន្លងមកកម្ពុជាតែងតែ​គាំទ្រ​តួ​នា​ទី​របស់ជប៉ុន នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ជាពិសេសប្រតិបត្តិការរក្សា​សន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ជាពិសេសទៀតនោះ ​គឺប្រទេស​កម្ពុជា​ដែលជា​ប្រ​ទេ​សលើកដំបូងហើយ ដែលប្រទេសជប៉ុនបានបញ្ជូនកងកម្លាំងរក្សា​សន្តិភាព​ប្រទេស​​ជប៉ុន​ក្រោ​មឆ័ត្ររបស់អង្គការសហប្រជាជាតិមកប្រទេសកម្ពុជា ​ដែលបានធ្វើឱ្យ​ប្រទេស​ជប៉ុន មាន​តួ​នាទីកាន់តែសំខាន់ នៅក្នុងក្របខ័ណ្ឌនៃការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌ​របស់អង្គការស​ហ​ប្រ​ជា​ជាតិ។​ សម្ដេចតេជោក៏បានគូសបញ្ជាក់អំពីប្រវត្តិនៃកិច្ចសហប្រតិ​បត្តិ​ការ​​នៅក្នុងក្របខណ្ឌ​នេះ​ផ​ងដែរ ហើយជាពិសេសនៅក្នុងក្របខ័ណ្ឌផ្សេងៗទៀតដែល​ប្រទេស​កម្ពុជា​និងប្រទេស​ជប៉ុន​តែ​ងតែសហការគ្នា។

សម្ដេចតេជោបានថ្លែងថា ​សម្ដេចចង់ឃើញ​កិច្ច​ស​ហ​ប្រ​តិបត្តិការត្រូវបានពង្រីកបន្ថែម​ទៀត​រវាង​កងទ័ពនៃប្រទេសទាំងពីរ ជាពិសេសកងទ័ព​ជើ​ង​គោកកម្ពុជានិងកង​ទ័ពជើងគោក​នៃប្រទេសជប៉ុន ពិសេសក្នុងការផ្លាស់ប្ដូរព័ត៌មាន ការចូល​រួ​ម​កិច្ច​សហប្រតិបត្តិការក្នុងការ​ប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាដើម ជាពិសេសទៀតក្នុង​ការចូល​រួម​បណ្ដុះ​បណ្ដាល ដោយ​សម្ដេច​ចង់ឃើញប្រទេសជប៉ុនចូលរួមជួយបណ្ដុះបណ្ដាល​ធនធាន​មនុ​ស្ស​កម្ពុជា ជាពិសេស​ធនធានមនុស្សកងទ័ពកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើ​ឱ្យ​​​ជប៉ុន គាំទ្រដល់​សំណើ​មួយចំនួន ​ដែលពាំនាំតាមរយៈឯកឧត្តមជូន​ទៅឯកឧត្តម​នាយក​រដ្ឋ​ម​ន្ត្រី Shinzo Abe ដែលក្នុងនោះមាន ទីមួយ៖​  សម្តេចបានលើកឡើងពាក់ព័ន្ធកិច្ចសហ​ប្រតិ​បត្តិ​កា​រ​រវាងកង​ទ័ពមួកខៀវរបស់កម្ពុជា និងកងទ័ពមួកខៀវជប៉ុន ​ដែលប្រទេស​ទាំងពីរបានធ្វើកិច្ច​ស​ហ​ការនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ។ ទីពីរ៖       ស​ម្ដេចតេជោ​ក៏បានស្នើសុំឱ្យប្រទេសជប៉ុនចូលរួមបណ្ដុះបណ្ដាលកងកម្លាំងមួកខៀវ របស់​កម្ពុជា​មុ​ន​ចេ​ញ​ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ។ ជាង​នេះ​ទៀ​ត សម្ដេចតេជោក៏បានស្នើឱ្យជប៉ុនគាំទ្រដល់មជ្ឈមណ្ឌល​សកម្មភាពកម្ចាត់មីន​អាស៊ាន ដែ​ល​មជ្ឈ​មណ្ឌលនេះមានទីតាំងនៅកម្ពុជា និងជាមជ្ឈមណ្ឌលមួយមានការបណ្ដុះ​បណ្ដាល និង​​មា​ន​បទពិសោធន៍លើការងារដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ប្រទេសជប៉ុន​ក៏បានចូលរួម​យ៉ា​ង​សកម្ម ​ហើយសង្ឃឹមថាជប៉ុននឹងបន្តចូលរួមបណ្ដុះបណ្ដាល​នឹងឧបត្ថម្ភ​ដល់មជ្ឈមណ្ឌល​ស​​ក​ម្មភាពកម្ចាត់មីនអាស៊ានបន្តទៀត។ ទន្ទឹមនេះ សម្ដេចតេជោក៏បាន​ស្នើ​ផងដែរ ឱ្យជប៉ុន​ចូ​លរួមក្នុងការបណ្ដុះបណ្ដាលទៅដល់កងកម្លាំងប្រទេសកម្ពុជា ពិសេសកង​ទ័ព ដែលដើរតួនា​ទី​​ស្នូលក្នុងការជួយសង្គ្រោះក្នុងកាលៈទេសៈ​ដែលមានគ្រោះមហន្តរាយ​កើត​ឡើង។ ជាក់​ស្តែ​ង ​​សម្តេចតេជោបានលើកឧទាហរណ៍ ដូចជាករណីបាក់រលំអគាររនៅ​ខេត្ត​កែប និងខេត្តព្រះ​សី​ហ​នុ ជាដើមដែលកងកម្លាំងបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការប្រតិបត្តិ​ការ​​នៃការជួយស​ង្គ្រោះ​​នេះ។

ឯកឧត្តម Goro Yuasa   បានឆ្លើយតបទៅសម្ដេចតេជោថា ឯកឧត្តមនឹងរាយ​ការ​ណ៍​នូវ​សំ​ណើនេះទៅរដ្ឋាភិបាលប្រទេសជប៉ុន ហើយជាពិសេសទៀត និងការជួយដល់មជ្ឈមណ្ឌល​កម្ចាត់​មីនអាស៊ាន ដោយជប៉ុនតែងតែយកចិត្តទុកដាក់ ​ហើយជប៉ុនចាត់ទុកថា​ប្រទេស​កម្ពុជា​គឺ​ជាប្រទេសពិសេស ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការជាច្រើនក្នុងការដោះមីននេះ ហើយ​ឯក​ឧត្តមសន្យាថានឹងធ្វើកិច្ចការងារនេះជាមួយនឹងឯកឧត្តម ហ៊ុន ម៉ាណែត ផ្ទាល់។ ជាងនេះ​ទៀ​​តជប៉ុននឹង​ពិ​ចារណាក្នុងការជួយដល់កងទ័ព​មួកខៀវកម្ពុជាក្នុងការបណ្ដុះបណ្ដាល​មុន​នឹ​ង​​​​ចេញទៅ​ក្រៅប្រទេសផងដែរ។ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែក​គ្រប់គ្រងគ្រោះមហ​ន្ត​រា​យ​ ឯកឧត្តមក៏មានគោលបំណងក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពជើងគោក​នៃប្រទេ​ស​ក​​ម្ពុ​ជាផងដែរ៕

ដោយ ជឹម ណារី