សម្ដេចក្រឡាហោម ស ខេង៖ រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្ដរួមគ្នាលុបបំបាត់ឱ្យអស់ កន្លែងដែលប្រើប្រាស់គ្រឿងញៀន និងកន្លែងផលិតគ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែង ទៅកាន់មន្ដ្រី អាជ្ញាធរដែនដី នៅរាជធានីភ្នំពេញថា  ត្រូវប្ដេជ្ញាចិត្ដ រួមគ្នាលុបបំបាត់ឱ្យ អស់ទីកន្លែងប្រើប្រាស់ កន្លែងផលិតគ្រឿងញៀន និងកន្លែងសប្បាយណាដែលរកឃើញមាន សារធាតុញៀន ត្រូវយកអ្នកប្រព្រឹត្ដ និងអ្នកចូលរួម (សមគំនិត) ផ្ដន្ទាទោសតាមច្បាប់ ក្នុងគោលបំណង រក្សាសន្ដិសុខ សុវត្ថិភាព សាធារណៈឱ្យបានល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមភូមិ សង្កាត់ មានសុវត្ថិភាព។

ទន្ទឹមនឹងការអនុវត្ដភូមិ សង្កាត់ មានសុវត្ថិភាព សម្ដេចក្រឡាហោម ក៏បានស្នើឱ្យ អាជ្ញាធរពាក់ព័ន្ធត្រូវបន្ដចុះអនុវត្ដន៍អប់រំ ផ្សព្វផ្សាយ សម្តេចចង់ឃើញមន្រ្តីនគរបាលចរាចរ ទាំងអស់មានក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងាររបស់ខ្លួននៅលើដងផ្លូវជៀសវាងបង្កភាពថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់បែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ បន្ដឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា មន្រ្តីនគរបាលចរាចរយើងត្រូវ លើកដៃគោរពគាត់ បើទោះបីជាពួកគាត់ជាប្រជាពលរដ្ឋសាមញ្ញបើកបរខុសច្បាប់ ចរាចរណ៍ក៏ដោយ ដែលនេះគឺធ្វើឡើងក្នុងឋានៈយើងជាមន្រ្តីអនុវត្តន៍ច្បាប់ ដោយមិនត្រូវគិតថា អ្នកនេះ អ្នកនោះ ស័ក្តិធំជាងយើងនោះទេ។

សម្តេចបញ្ជាក់ថា ប្រជាពលរដ្ឋសាមញ្ញ ក៏យើងត្រូវគោរពផងដែរដើម្បីយើង អនុវត្តន៍ច្បាប់ ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះអគ្គស្នងការនគរបាលជាតិ និងបណ្ឌិតសភានគរបាលជាតិនឹងធ្វើការបណ្តុះបណ្តាល ពាក់ព័ន្ធនឹងបញ្ហានេះដែរ ។

សម្តេចបានបន្ថែមថា ទាំងនេះគឺជាសីលធម៌ វិជ្ជាជីវៈ និងសេចក្តីថ្លែថ្នូរបស់មន្រ្តី នគរបាលជាតិយើង ដែលធ្វើឱ្យប្រជាពលរដ្ឋយល់ថា យើងទាំងអស់គ្នាគឺជាមន្រ្តីនគរបាល របស់ប្រជាជន និងបម្រើប្រជាជន។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចក៏បានបញ្ជាក់ថា តាមគោលការណ៍ច្បាប់ មនុស្សទាំងអស់គ្នាគឺស្មើភាពគ្នាចំពោះមុខច្បាប់ ហើយមន្រ្តីនគរ បាលចរាចរ ទាំងអស់គ្នាត្រូវយល់ត្រង់ចំណុចនេះ៕

ដោយ សួស សំរិត