ស្ថានទូតអាម៉េរិក នឹងរៀបចំតាំងពិព័រណ៍ឆ្នាំ២០២០ ស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ​– ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា នឹងរៀបចំការតាំងពិព័រណ៍ឆ្នាំ២០២០ ស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក ដែលនឹងត្រូវធ្វើឡើងនៅរាជភ្នំពេញ និងសៀមរាប ចាប់ពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ដោយមានការជួយពីស្ថានទូតអាម៉េរិកនៅរាជធានីភ្នំពេញ មជ្ឈមណ្ឌល EducationUSA នៅកម្ពុជា បានរៀបចំពិពិព័រណ៍នេះ ដើម្បីបង្ហាញពីឱកាសសិក្សា និងធ្វើការផ្លាស់ប្តូរគ្នាផ្នែកការសិក្សានៅក្នុងសហរដ្ឋអាមេរិក សម្រាប់សិស្សនិស្សិតកម្ពុជា។ ពិព័រណ៍នេះ គឺជាកន្លែងពិសេសមួយសម្រាប់ផ្ដល់ឱ្យសិស្ស និស្សិតកម្ពុជា ធ្វើ ការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក ហើយឈ្វេងយល់ពីអត្ថប្រយោជន៍ក្នុងការទទួលបានការសិក្សា នៅក្នុងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។

ពិព័រណ៍ EducationUSA នឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ១១:៣០ ព្រឹក នៅសណ្ឋាគារ Somadevi Angkor Resort & Spa ។ ចំណែកនៅរាជធានីភ្នំពេញ ពិព័រណ៍នេះ ក៏នឹងបើកនៅថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ ២០២០ ពីម៉ោង ២:០០ រសៀល ដល់ម៉ោង ៦:០០ ល្ងាច នៅសាលប្រជុំធំនៃសណ្ឋាគារ Cambodiana។

ជាមួយគ្នានេះ តំណាងចំនួន ២០នាក់ មកពីមហាវិទ្យាល័យនិងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក នឹងជជែកជាមួយសិស្ស និស្សិតកម្ពុជា អំពីកម្មវិធីសិក្សាដែលផ្តល់សញ្ញាប័ត្រ លក្ខខណ្ឌក្នុងការចុះឈ្មោះចូលរៀន និងឱកាសទទួលបានអាហារូបករណ៍ សម្រាប់សិក្សានៅសហរដ្ឋអាមេរិក។ អ្នកចូលរួមការតាំងពិព័រណ៌ដទៃទៀត នឹងផ្តល់ព័ត៌មានអំពីទិដ្ឋាការសិស្សនិស្សិត  កម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលអាម៉េរិក និងការផ្តល់ប្រឹក្សាស្តីពីការសិក្សានៅសហរដ្ឋអាមេរិក (EducationUSA )។ សម្រាប់សិស្សវិទ្យាល័យនិងនិស្សិតសាកលវិទ្យាល័យនៅកម្ពុជា ដែលមានចំណាប់អារម្មណ៍ សិក្សាថ្នាក់ឧត្តម នៅសហរដ្ឋអាមេរិក ត្រូវបានស្វាគមន៍ឱ្យចូលរួមនៅក្នុងពិព័រណ៍នេះ។ ជាមួយគ្នានេះ ឪពុកម្តាយសិស្ស និស្សិតក៏ត្រូវបានស្វាគមន៍ និងលើកទឹកចិត្តឱ្យចូលរួមផងដែរ។

ក្នុងពិព័រណ៍នេះដែរ លោក Michael Newbill ភារធារីនៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមបើកពិព័រណ៍ ហើយទស្សនាពិព័រណ៍នេះ នៅរាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២០៕

ដោយ រិទ្ធី