ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រកចំណូលសរុបជាង១៣ ទ្រីលានរៀល ឬស្មើនឹង៣,២១៥ លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩ ចំណូលសរុប មានប្រមាណជាង១៣ ទ្រីលានរៀល (ប្រមាណ ៣,២១៥ លានដុល្លារអាម៉េរិក) កើនឡើង ៣០ភាគរយ ធៀបនឹងឆ្នាំ២០១៨ ហើយលើសផែនការដែលបានកំណត់ប្រមាណ ៤២.៧ភាគរយ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងថា ចំណូលនេះ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ចំណូលតាមប្រភេទពន្ធសំខាន់ៗមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងនោះ ពន្ធនាំចូលកើនឡើង ៣០.៧ភាគរយ អាករពិសេសកើនឡើង ៣៣.៦ភាគរយ និងអាករលើតម្លៃបន្ថែម(VAT) កើនឡើង ២៨.៨ ភាគរយ។ បើពិនិត្យលើចំណូលតាមក្រុមទំនិញវិញ មុខទំនិញយានយន្ត និងគ្រឿងចក្របន្តជាប្រភពចំណូលសំខាន់ ដោយគ្របដណ្តប់ប្រមាណ ៥២.៧ភាគរយ នៃ ចំណូលសរុប។

ឯកឧត្តមបណ្ឌិតបានអះអាងថា ចំណូលដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលបានក្នុង ឆ្នាំ២០១៩នេះ មានកម្រិតខ្ពស់ជាងគេក្នុងរយៈពេល២០ឆ្នាំ កន្លងមក នៅក្នុងបរិការណ៍ដែលការអនុគ្រោះពន្ធអាករ ទាំងក្នុងគោលដៅលើកទឹកចិត្តវិនិយោគ និងវិស័យអាទិភាពនានា ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្ដមបានបន្ថែមថា ទន្ទឹមនឹងការងារប្រមូលចំណូល អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏សម្រេចបាននូវសមិទ្ធផលលើការដ្ឋានការងារផ្សេងទៀត រួមមានការរៀបចំឯកសារយុទ្ធសាស្ត្រ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិនានាមួយចំនួន ការបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកែលម្អនិងពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ការបញ្ចុះអត្រាពន្ធគយអាករ និងគោលនយោ បាយលើកទឹកចិត្តវិស័យ កសិកម្ម និង សហគ្រាសធុនតូចនិងមធ្យម ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ និងបទល្មើស ឆ្លងដែន ការចូលរួមទប់ស្កាត់ការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម កិច្ចសហប្រតិបត្តិ ការអន្តរជាតិ និងការអភិវឌ្ឍស្ថាប័ន ជាដើម។ លើសពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏បានអនុវត្តន៍ដោយរលូននូវវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងគយ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន លើក ទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ផងដែរ រួមមាន ការលើកទឹកចិត្តផ្នែកគយដល់សហគ្រាសធុនតូច និងមធ្យម ការអនុវត្តកម្រៃសេវាសាធារណៈរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការកាត់បន្ថយចំនួនកុងតឺន័រនិងកម្រៃស្កែន។ ទន្ទឹមនេះ ការដឹកនាំក្រុមការងារអន្តរ ស្ថាប័ន ដើម្បីកាត់បន្ថយមុខទំនិញក្នុងបញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ និងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយមនសិការ និងស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីគយនិងរដ្ឋាករគ្រប់រូប។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា លទ្ធផលដែលទទួលបាននេះ ក្នុងខណៈដែលកម្ពុជាបាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមធំៗមួយចំនួន រួមមាន ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចសកល ការព្យួរដោយផ្នែកនៃប្រព័ន្ធអនុគ្រោះ EBA និងការរីករាលដាលនៃមេរោគ Covid-19 ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ខ្សែចង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានណែនាំសម្រាប់ជាទិសដៅអនុវត្តន៍បន្តក្នុងឆ្នាំ២០២០ ដោយសង្កត់ធ្ងន់លើការងារលើកកម្ពស់អនុលោមភាពវិស័យឯកជន តាមរយៈការផ្តល់កិច្ចសម្រួលពាណិជ្ជកម្មដល់ធុរជនមានអនុលោមភាពខ្ពស់ ប៉ុន្តែត្រូវចាត់វិធានការម៉ឺងម៉ាត់ចំពោះធុរជនដែលប្រព្រឹត្តល្មើស។ ទន្ទឹមនេះ ចាត់វិធានការសម្រួលដល់ការនាំចូលនូវវត្ថុ ធាតុ ដើមបម្រើផលិតកម្មនៃគម្រោងវិនិយោគនានា ទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស ជា ពិសេសនៅពេលដែលខ្សែចង្វាក់ផ្គត់ផ្គង់ដំណើរការឡើងវិញបន្ទាប់ពីត្រូវបានផ្អាកមួយរយៈ ដោយសារការផ្ទុះឡើងនៃជម្ងឺ Covid-19។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានជំរុញឱ្យបន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព និងធ្វើឱ្យបានឆាប់រហ័សនូវការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ និងវិធានដើម កំណើតទំនិញ ព្រមវាយតម្លៃផលប៉ះពាល់លើចំណូលគយដែលបណ្តាលមកពីហេតុផល នានា ដើម្បីចាត់វិធានការប៉ះប៉ូវចំណូលឱ្យបានសមស្រប។ លើសពីនេះទៀតថា ត្រូវបន្តអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក និងត្រៀមអនុវត្តន៍នូវកញ្ចប់វិធានការថ្មីៗរបស់រាជរដ្ឋាភិបាលដែលស្ថិតក្រោមសមត្ថកិច្ចរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យមានប្រសិទ្ធភាព ជាពិសេសបញ្ចប់ការសិក្សាគោលនយោបាយការនាំចូលរថយន្តប្រើរួច។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានពន្ធដារធ្វើការសិក្សាលទ្ធភាពនៃការអនុញ្ញាតឱ្យបើកកន្លែងសម្រាប់លក់ទំនិញប្រណីតៗ និង Outlet តាមតំបន់ទេសចរណ៍ និងទីប្រជុំជនសំខាន់ៗដើម្បីទាក់ទាញការវិនិយោគផ្នែកនេះ៕

ដោយ រិទ្ធី រូបថត៖ អ៊ុង ហុងលៀង