ជប៉ុនបន្តចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយដល់ អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួនបីនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេស ជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានបន្តចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ ជំនួយសម្រាប់គម្រោងអភិវឌ្ឍន៍របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួនបីនៅកម្ពុជា។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅស្ថានទូតជប៉ុន ប្រចាំកម្ពុជាថា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកា ១,៤៣១,៨៥២ដុល្លារអាម៉េរិក ដល់អង្គការចំនួនបីក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជា ក្នុងសកម្មភាព​លើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការបោសសម្អាតមីន និងគ្រាប់បែកចង្កោម និងការលើកកម្ពស់លក្ខខណ្ឌ កសិកម្មប្រកប​ដោយ​ចីរភាពសម្រាប់កាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ក្នុងនោះគម្រោងទី១. ទឹកប្រាក់ជំនួយចំនួន ២៦៥.៥៥២ដុល្លារអាម៉េរិកត្រូវបាន ផ្តល់ជូនអង្គការមូលនិធិសម្រាប់ ការអភិវឌ្ឍន៍(FIDR)  ក្នុងគោលបំណងលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភកាត់ បន្ថយភាពក្រីក្ររបស់ប្រជា​ជននៅតាមតំបន់គោលដៅក្នុងខេត្តកំពង់ឆ្នាំង។ តាមរយៈសកម្ម ភាពកែលម្អជីវភាពរស់នៅរបស់ពួកគាត់ គឺរក្សាឱ្យបាននូវសុខភាពល្អ ព្រមទាំង បង្កើតយន្ត ការមួយសម្រាប់ការអភិវឌ្ឍប្រកប​ដោយចីរភាពមិនត្រឹមតែនៅក្នុងតំបន់គោលដៅប៉ុណ្ណោះទេ ប៉ុន្តែក្នុងខេត្តទាំងមូល ដែល(FIDR)​ នឹងរក្សាឱ្យបាននូវអ្វីដែលប្រជាជនបានរៀនតាំងពីពីរ ឆ្នាំមុន និងពង្រឹងភាពជាអ្នកដឹកនាំរបស់ពួកគេ ក្នុងការអនុវត្តសកម្មភាពនានា ដើម្បីធានាការ អភិវឌ្ឍសហគមន៍ស្វយ័ត។ គម្រោងទី២. ទឹកប្រាក់ជំនួយរបស់រដ្ឋាភិបាលជប៉ុនចំនួន ៧២៩,៥០៩ដុល្លារអាម៉េរិក សម្រាប់អង្គការ សកម្មភាពកម្ចាត់មីនជប៉ុន(JMAS) ក្នុងសកម្មភាពកម្ចាត់មីន នឹងធ្វើការអភិវឌ្ឍលើបច្ចេកទេស បោសសម្អាតមីន ដោយប្រើម៉ាស៊ីនដោះគ្រាប់បែកចង្កោម និងដ្រូននៅក្នុងតំបន់ដែលសម្បូរ ទៅដោយគ្រាប់មីន និងគ្រាប់បែកចង្កោមនៅលាយបញ្ចូលគ្នា និងផ្ទេរវិធីសាស្រ្តបោសសម្អាត ដែលមានប្រសិទ្ធភាព និងមានសុវត្ថិភាពទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ក្នុងគោលបំណងពង្រឹងសមត្ថភាព និងពនឿនកិច្ចខិតខំប្រឹងប្រែងរបស់CMAC ក្នុងការធ្វើឱ្យ ប្រទេសជាតិមានសុវត្ថិភាព។ គម្រោងទី៣-រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាជំនួយ ចំនួន៤៣៦,៧៩១ដុល្លារអាម៉េរិក ដើម្បីវិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថាន(ERECON) អភិវឌ្ឍន៍គម្រោងបង្កើតលក្ខខណ្ឌប្រកបដោយចីរភាព សម្រាប់ផលិតកម្មកសិកម្មដោយការ កែលម្អដីជាមួយវិធីសាស្ត្រល្អបរិស្ថាន ដោយសហការជាមួយដៃគូជាច្រើន រួមមានមន្ទីរ ការិយាល័យកសិកម្មថ្នាក់ខេត្ត និងស្រុក វិទ្យាស្ថានស្រាវជ្រាវនៅ​តាមសាកលវិទ្យាល័យ និងកសិករក្នុងស្រុក។ គម្រោងនេះត្រូវបានរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងគុណភាពនៃផលិតផលកសិកម្ម កាត់បន្ថយភាពក្រីក្រក្នុងចំណោមកសិករ និងផ្គត់ផ្គង់ ស្បៀងអាហារ ដែលមានសុវត្ថិភាពមានការធានាដល់ទីផ្សារអ្នកប្រើប្រាស់។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន  មិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍ទៀតថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅ ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៤០លានដុល្លារអាម៉េរិក ដល់គម្រោងចំនួន១២៨  ដែលផ្តោតសំខាន់ទៅលើ វិស័យអប់រំ នៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន ក្នុងប្រទេសកម្ពុជា៕

ដោយ ប៉ាល់ សុង