CDC ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ស្នើសុំនាំចូលទំនិញ បម្រើឱ្យ​គម្រោ​ង​​វិនិយោគដើម្បីកាត់បន្ថយពេលវេលា​ឱ្យបានរហ័ស

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំ សិក្ខាសាលាស្តីពីនីតិវិធីស្នើសុំនាំចូលទំនិញ ប​ម្រើ​ឱ្យការអនុវត្តគម្រោងវិនិយោគតាមថ្នាល បច្ចេកវិទ្យាព័ត៌មាននៃប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដើម្បីសម្រួល ពេលវេលាឱ្យបានកាន់តែលឿនរហ័ស។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រតិភូ​អ​ម​នា​យ​ក​រ​ដ្ឋ​មន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាង​ស​មា​គមធុរកិច្ចមួយចំនួន និងអ្នកវិនិយោគក្នុងស្រុកនិងបរទេសសរុបចំនួនប្រមាណ២០០នាក់។

ឯកឧត្តម សុខ ចិន្តាសោភា បានរម្លឹកអំពីសាវតារនៃការរៀបចំដាក់​ឱ្យដំណើរការនូវប្រ​ព័​ន្ធ​ប​ញ្ជរតែមួយជាតិដែលជាកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាសមាជិកអាស៊ានផង និងជា​វិ​ធា​ន​ការកំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាលសំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាផង។

តាមរយៈការចូលជាធរមាននៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រទេសជាសមា​ជិកអា​ស៊ា​ន​​ទាំងអស់បានបើកទូលាយឱ្យមានលំហូរដោយសេរីនៃទំនិញ កម្លាំងពលកម្ម និងមូ​ល​ធ​ន​។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹ​ក​នាំរៀបចំការដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីសម្រួលដល់លំហូរនៃទំនិញ ដែលនៅដំណាក់កាលទី១ បានដាក់ឱ្យមានការតភ្ជាប់គ្នារវាងប្រព័ន្ធ ASYCUDA របស់​អគ្គ​នា​យ​​កដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រព័ន្ធចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃទំនិញ របស់​ក្រ​សួងពាណិជ្ជកម្ម។

ការដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំនាំចូលទំនិញបម្រើឱ្យ​ការអនុវត្តគម្រោង​វិនិ​យោ​គ​តា​​​មថ្នាលបច្ចេកវិទ្យាព័ត៌មាននៃប្រព័ន្ធបញ្ជរតែមួយជាតិជាផ្នែកមួយនៃការដាក់ឱ្យដំណើរការប្រព័ន្ធ​បញ្ជរតែមួយជាតិ ដំណាក់កាលទី២ ដែលមានក្រសួង-ស្ថាប័នចំនួន៦ ចូលរួមអនុវត្តន៍គឺ ក្រុម​ប្រឹ​​ក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧ​ស្សាហ​ក​ម្ម​និ​ង​សិ​ប្ប​កម្ម, ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា។

ឯកឧត្តមសង្ឃឹមថា ប្រព័ន្ធនេះនឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់ អ្នកវិនិយោគ តា​មរ​យៈការកាត់បន្ថយពេលវេលា និងចំណាយមិនចាំបាច់នានា ក៏ដូចជាគុណប្រយោជន៍​ដល់​ក្រ​សួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុង ការពង្រឹងការគ្រប់គ្រងទិន្នន័យ។

ឯកឧត្តមបានស្នើសុំវិស័យឯកជនមេត្តាចូលរួមអនុវត្តន៍ប្រព័ន្ធបញ្ជរតែមួយជាតិនេះ និង កុំមា​ន​កា​រអល់អែកក្នុងការទាក់ទង មន្ត្រីច្រកចេញចូលតែមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ក​រ​ណី​មានចម្ងល់ណាមួយអំពីការអនុវត្តប្រព័ន្ធនេះ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានជម្រាបជូនអង្គវេទិកាថា ដើម្បីចូលរួមចំណែកក្នុងការអ​នុវ​ត្ត​​​​នូ​វវិធាន​ការកែទម្រង់របស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ​ជា​កំពុ​ង​ស​ហកា​រ​ជាមួ​យ​ក្រ​​សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដ​ទៃទៀតដើម្បីរៀបចំការដាក់​ពាក្យ​ស្នើ​​សុំចុះបញ្ជីគម្រោងវិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មានផងដែរ។

ជាមួយគ្នានេះក្នុងន័យសម្រួលពេលវេលាកាន់រហ័ស នៅគ្រាដែលមានការផ្ទុះជំងឺ Covid​-​19 ដែលនាំឱ្យវត្ថុធាតុដើមផលិតតាមតំបន់សេដ្ឋកិច្ចពិសេសអាចជួបបញ្ហានោះ ឯកឧត្តម សុខ ចិន្តាសោភា បានផ្ញើលិខិតផ្លូវការមួយ ជំរុញឱ្យតំណាងក្រសួងស្ថាប័ន ប្រ​ចាំ​កា​រ​នៅ​​​តា​មបណ្តារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ជួយសម្រួលនីតិវិធីនាំចេញ នាំចូល និង​នី​តិ​វិ​ធី​រ​ដ្ឋ​បាលតាមកម្រិតអតិបរមា៕

ដោយ គង់ សិរីរ័ត្ន ( រូបថត៖ សួស សាវី)