នាវាទេសចរណ៍ CRYSTAL SYMPHONY នាំភ្ញៀវទេសចរ ចូលចតកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកសក័ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ CRYSTAL SYMPHONY  បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ១០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃ ។

តាមមន្ត្រីប៉ុស្តិ៍ច្រកទ្វាកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវា CRYSTAL SYMPHONY មានសញ្ជាតិ BAHAMAS  មានបណ្តោយប្រវែង ២៣៨ម៉ែត្រ ទទឹង ៣០.២០ម៉ែត្រ ជម្រៅទឹក ១០.៥០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចូលតាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ មានចំនួន ១៣៣នាក់ ស្រី ៦៨នាក់ មាន ១២សញ្ជាតិ និងមាននាវិកសរុបចំនួន ៥១៦នាក់ ស្រី ១៣១នាក់ មាន ៥១សញ្ជាតិ ។

នាវា CRYSTAL SYMPHONY បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកពីប្រទេសថៃចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ហើយនាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង១៨ ថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី  ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ CRYSTAL SYMPHONY មានសញ្ជាតិច្រើនជាងគេ មានដូចជា អាម៉េរិក ៧៩នាក់, អង់គ្លេស ១៣នាក់, កាណាដា ១២នាក់ និងមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។

មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វាកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរបរទេសចំនួន ១៣៣នាក់ មានភ្ញៀវទេសចរ ០៩នាក់ ស្រី ០៤នាក់ មាន ១សញ្ជាត បានបន្តដំណើរទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប និងក្រៅពីនោះ ទស្សនានៅតាមរមណីយដ្ឋានក្នុងខេត្តព្រះសីហនុ តំបន់ឆ្នេរ និងទីប្រជុំជនផ្សារ ៕

ដោយ ងូ សុមុនី