សន្និបាតបូកសរុបលទ្ធផលការងារនិងលើកទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍ការងារបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន​ កាលពីថ្ងៃពុធ ៤កើត ខែផល្គុន ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ។

ពិធីនេះក៏ មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត អាជា្ញធរស្រុក-ក្រុង-ឃុំ-សង្កាត់ និងមន្ត្រីរាជការជុំវិញខេត្ត ប្រមាណជាង២០០នាក់។

ឯកឧត្តម ស៊ុយ សែម  បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ វិស័យឯកជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ចតាមការកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន។ ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រធ្វើឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ទទួលបាននូវសមិទ្ធផលធំៗ ថ្មីៗបន្ថែមទៀតលើគ្រប់វិស័យ ទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានអនុវត្តន៍មុខងារដែលបានផ្ទេរពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការបង្ខិតសេវាសាធារណ:មកកៀកនឹងប្រជាពលរដ្ឋ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការងារសន្តិសុខ   សណ្តាប់ធ្នាប់សាធារណ: ការងារក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ការងារអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅ ការងារសង្គមកិច្ច និង កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា អង្គសន្និបាតបានឆ្លុះបញ្ចាំងនូវវឌ្ឍនភាពការងារលើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត បញ្ហាប្រឈម បទពិសោធន៍ល្អៗ និង ដំណោះស្រាយ ដែលបានអនុវត្តន៍រយៈពេល១ឆ្នាំកន្លងទៅនេះ ដើម្បីដកបទពិសោធន៍សម្រាប់អនុវត្តន៍បន្តឱ្យបានកាន់តែល្អប្រសើរនាឆ្នាំខាងមុខ។

ជាមួយគ្នានេះដែរឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរ និងថា្នក់ដឹកនាំទាំងអស់ ត្រូវយកចិត្តទុកដាក់ និងជួយជំរុញការដោះស្រាយទំនាស់ និងការបញ្ជូនគ្រូឧទ្ទេសដើម្បីបណ្តុះបណ្តាលដល់មន្ត្រីរបស់យើង ​ដើម្បីបង្កើនសមត្ថភាព និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។ ទន្ទឹមគ្នានេះ សូមយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី តាមរយៈការចុះបញ្ជីដី និងបញ្ហាអគ្គិសនី ដើម្បីឱ្យស្របតាមផែនការដែលក្រសួងបានកំណត់។ ​ជំរុញ និងពង្រឹងប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព វិធានការអនុវត្តន៍ច្បាប់ ពិនិត្យលទ្ធភាពផ្តល់មន្ត្រីក្របខ័ណ្ឌដែលមានសមត្ថភាពបន្ថែម ដើម្បីជួយជំរុញឱ្យការងាររបស់មន្ទីរអនុវត្តន៍ទៅប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ បៃ ស៊ីថុន