ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយឌីជីថល ឆ្ពោះទៅកាន់ បដិវត្តន៍ឧស្សាហកម្មទី ៤

AKP ភ្នំពេញ ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយឌីជីថល ឆ្ពោះទៅកាន់បដិវត្តន៍ឧស្សាហកម្មទី ៤ (ឧស្សាហកម្ម ៤.០) ដែលសំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួន ដូចជា ការបោះពុម្ភ 3D បច្ចេកវិទ្យាមនុស្សយន្ត បច្ចេកវិទ្យាជីវសាស្ត្រ ការគណនាធំៗ និងស្មុគស្មាញ ទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗ អំពីការគ្រប់គ្រងផលិតកម្ម។

ថ្លែងក្នុង​ឱកាសបើកសិក្ខាសាលា​ស្តីពី “Cambodia-Japan IT/Software Outsourcing Trade Promotion and business meeting” ដែលសហការរៀបចំឡើងរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន កាលពីថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូនឹងថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមទៀតថា ឧស្សាហកម្ម ៤.០ ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ច ដោយមានការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០។

នៅក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ​បាន​គូសបញ្ជាក់ អំពីទំហំពាណិជ្ជកម្មទ្វេភាគីជាមួយជប៉ុន នៅឆ្នាំ២០១៩ មានទំហំទឹកប្រាក់ប្រមាណជាង ២.២៩២លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានចំនួនទឹកប្រាក់ជាង ១.៧២៩លានដុល្លារអាម៉េរិក និងកម្ពុជានាំចូលពីជប៉ុនមានទំហំទឹកប្រាក់ជាង ៥៦២លានដុល្លារអាម៉េរិក និង​អំពីគម្រោងវិនិយោគរបស់ជប៉ុន នៅក្នុងឆ្នាំ២០១៩ ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាម៉េរិក ផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋា គារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

ដោយឡែក លោក Yasushi Ishida តំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបាន​ប្រសាសន៍ថា ការបង្កើតឱ្យមានមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដែលមានសមាជិកអាស៊ានចូលរួម មានគោលបំណងបង្កើតឱ្យមានសិក្ខាសាលា វគ្គបណ្តុះបណ្តាល ការពង្រឹងសមត្ថភាព ទំនាក់ទំនង និងការសិក្សាតាមប្រទេសនីមួយៗ នៅក្នុងបណ្តាសមាជិកអាស៊ាន។

ទន្ទឹមនឹងនេះ លោក Yasushi Ishida ក៏បានមានប្រសាសន៍បន្ថែមទៀតថា សិក្ខាសាលានេះត្រូវបាន​រៀបចំឡើង​ដោយមានកិច្ចសហការជាក្រសួងពាណិជ្ជកម្ម ដែលបានជំរុញ និងគាំទ្រដល់​ការរៀបចំសិក្ខាសាលានេះ ដោយជោគជ័យ និងមានអត្ថប្រយោជន៍ដល់សិក្ខាកាមពីបណ្តាលក្រុមហ៊ុនព័ត៌មានវិទ្យា ដោយផ្តោតសំខាន់ទៅលើការជំរុញវិស័យព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ ក្នុងការជំរុញ    បច្ចេកវិទ្យាព័ត៌មាននៃបដិវត្តន៍ឆ្ពោះទៅកាន់ បដិវត្តន៍ឧស្សាហកម្មទី៤ (ឧស្សាហកម្ម ៤.០)។

សូមបញ្ជាក់ថា សិក្ខាសាលាត្រូវបានរៀបចំឡើង​ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជាឱ្យបានយល់ដឹងកាន់តែប្រសើរឡើងពីឧស្សាហកម្មបច្ចេកវិទ្យា Software របស់ជប៉ុន ក៏ដូចជាដើម្បីលើកកម្ពស់កិច្ចសន្ទនា និងជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុន និងសហគ្រាសកម្ពុជា-ជប៉ុន ដោយទទួលបានការ​ចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ ចែកជូននូវបទបង្ហាញដ៏មានសារៈសំខាន់ដល់សិក្ខាកាមសរុបជាង ៧៣នាក់៕

ដោយ ទេស ច័ន្ទសុធារី