គម្រោងអាជីវកម្មថ្មសំណង់​នៅខេត្តកំពង់ស្ពឺ​ត្រូវបានកិច្ចប្រជុំអន្តរក្រសួងលើកយកមកពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០–ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA ) សម្រាប់គម្រោងអាជីវកម្មថ្មសំណង់ នារសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០​ នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងបរិស្ថានបានបង្ហាញថា គម្រោងអាជីវកម្មថ្មសំណង់នេះលើផ្ទៃដីទំហំ ១២០ហិកតា មានទីតាំងស្ថិតនៅតំបន់ភ្នំធំ​ ភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន ណឹម ម៉េង គ្រុប (ម្ចាស់គម្រោង) ដែលសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃ ដោយក្រុមហ៊ុនទីប្រឹក្សា អធីអឹម ហ្គ្រីន ខនសាល់ធេនស៊ី ឯ.ក ។

ប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំ​មាន​សមាសភាព​ចូលរួមពីឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាក្រសួងបរិស្ថាន តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ចំនួន​ ៣៦នាក់​។

ក្រោយពីបានពិនិត្យ និងពិភាក្សាអង្គប្រជុំ​ បានសម្រេចដូចខាងក្រោម​៖ ១-​ អង្គប្រជុំ​ បានគាំទ្រគម្រោងអាជីវកម្មថ្មសំណង់នេះ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ប្រចាំថ្ងៃ។ ២-​ ម្ចាស់គម្រោង​ ត្រូវមានបច្ចេកទេសបំផ្ទុះថ្ម ដោយធានាមិនបង្កឱ្យមានសំឡេង​ និងរំញ័រប៉ះពាល់ដល់សំណង់ទំនប់ទឹកម្រះព្រៅ និងតំបន់លំនៅឋានរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅចម្ងាយប្រមាណ ១គីឡូម៉ែត្រពីទីតាំងគម្រោង ។ ៣-​ ម្ចាស់គម្រោង​ ត្រូវគ្រប់គ្រងសំណល់រឹង-រាវគ្រប់ប្រភេទ ទៅតាមបទដ្ឋានបច្ចេកទេសបរិស្ថាន។ ៤-​ ក្រុមហ៊ុន​ ត្រូវធានាសាងសង់ប្រឡាយប្រមូលទឹកភ្លៀងហូរចេញពីគំនរថ្ម ថ្មផេះ និងតំបន់ធ្វើអាជីវកម្មថ្ម ចូលទៅក្នុងស្រះស្តុកទឹក ដើម្បីកាត់បន្ថយការបំពុលគុណភាពទឹក ការគោករាក់ទឹកទំនប់ទឹកម្រះព្រៅ និងគុណភាពដីស្រែរបស់ប្រជាពលរដ្ឋ។ ៥-​ ម្ចាស់គម្រោង​ ត្រូវយកចិត្តទុកដាក់ លើការជួសជុលថែទាំផ្លូវដឹកជញ្ជូនថ្មកាត់តំបន់ទីប្រជុំជន ប្រវែងប្រមាណ ៧គីឡូម៉ែត្រ មុននឹងភ្ជាប់ទៅផ្លូវជាតិលេខ៤១ ចៀសវាងការហុយធូលី ឬ បង្កផលវិបាកដល់ការធ្វើដំណើររបស់សាធារណជន។ ៦-​ ម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា​ ដើម្បីកែសម្រួល​របាយការណ៍នេះ​ស្របតាមស្មារតីអង្គប្រជុំ​៕

ដោយ ពេជ្រ ណារិទ្ធ