អភិបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

AKP រតនគិរី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — នៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្ត។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ស្ថាប័នតុលាការ អភិបាលក្រុង ស្រុក លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបទៀត។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្ត ។ ផ្សព្វផ្សាយសភាពការណ៍វិវឌ្ឍន៍ថ្មីៗទាំងសភាពការណ៍ជាតិ និងអន្តរជាតិ ពង្រឹងលើកកម្ពស់ការអនុវត្តច្បាប់បទបញ្ជារាជរដ្ឋាភិបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បទល្មើស និងបាតុភាពនានានៅក្នុងភូមិសាស្ត្រខេត្ត ។ ណែនាំអំពីវិធានការបង្កា ទប់ស្កាត់ករណីភ្លើងឆេះព្រៃ ការត្រៀមបង្កា និងឆ្លើយតបករណីមានគ្រោះរាំងស្ងួតនារដូវប្រាំងខាងមុខ ព្រមទាំងការត្រៀមរៀបចំពិធីបុណ្យជាតិ អន្តរជាតិនានា។

ឯកឧត្តម ថង សាវុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះរដ្ឋបាល ក្រុង ស្រុក ដែលកន្លងមកខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ឯកឧត្តមក៏បានដាក់នូវបទបញ្ជា និង វិធានការមួយចំនួន ដល់គ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តរតនគិរី ក្នុងការបញ្ចៀសនូវរាល់បាតុភាពផ្សេងៗនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជំរុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្នុងធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្ត។ ម៉្យាងទៀតត្រូវក្តាប់ឱ្យបាននូវរាល់សមាសភាព ដែលតែងបង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋាន សំខាន់ក្រុមបងធំ បងតូច ការជួញដូរផ្លូវភេទ គ្រឿងញៀន និង បទល្មើសព្រៃឈើជាដើម ។

ឯកឧត្តម ថង សាវុន ក៏បានដាក់នូវវិធានការណ៍មួយចំនួន ដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ។​ ជាពិសេសគណៈបញ្ជាការឯកភាពក្រុង និងស្រុកត្រូវបង្កើន ការធានាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាអាជីវករ ពណិជ្ជករក្នុងក្រុងបានលុងចូលរួមធ្វើអនាម័យ បរិស្ថានក្រុង និង ថែរក្សាសុវត្ថិភាព សន្តិសុខ ទ្រព្យសម្បត្តិរបស់ខ្លួន ដូចជាការចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ ៕

ដោយ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តរតនគិរី)