អភិបាលខេត្តព្រះសីហនុ ចូលរួមទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២០

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានរៀបចំទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២០ ក្រោមប្រធានបទ “សុខភាពកុមារកម្ពុជានាពេលអនាគត” ក្រោមអធិបតីភាពឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា មន្រ្តីសាខា ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មន្រ្តីមណ្ឌលសុខភាព អាជ្ញាធរស្រុក យុវជនកាកបាទក្រហមកម្ពុជា និងស្ត្រីមានផ្ទៃពោះចំនួន ៥០នាក់ នៅសាលប្រជុំសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ 

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងក្តីអាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូន កូនក្មួយៗជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ដែលបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ។  ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ អាជ្ញាធរ មូលដ្ឋាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកព្រៃនប់  ដែលបានផ្តល់របាយការណ៍ ស្តីពីសមិទ្ធផលរបស់អនុសាខា ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក  និងកុមារ នៅក្នុងខេត្តព្រះសីហនុ និងត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរួមគ្នាគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូន ។

អំណោយដែលបានផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៥០នាក់ ក្នុងស្រុកព្រៃនប់ ក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់  (មុង១ ភួយ១ សារុង១ ក្រមា១  )  និងឃីតទារក ១កញ្ចប់មាន ( ម្សៅសាប៊ូ ១កញ្ចប់ធំ ម្សៅទារក ១ដប សាប៊ូទារក ១ដប ខោអាវទារក និងស្រោមដៃ ស្រោមជើង ៤សម្រាប់ កន្សែងពោះគោ ១ ប្រេងខ្យល់ ១ដប ) និងថវិកា ៥ម៉ឺនរៀល ៕

ដោយ ងូ សុមុនី