រដ្ឋមន្រ្តីក្រសួងបរិស្ថានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — នារសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Carmen MONERO ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សានោះ លោកជំទាវ Carmen MONERO មានប្រសាសន៍ថ្លែងអំណរគុណចំពោះការស្វាគមន៍ និងទទួលជួបពិភាក្សាការងារពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីឈ្វេងយល់ពីការអភិវឌ្ឍនៃវិស័យបរិស្ថាននៅកម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា កន្លងមកសហភាពអឺរ៉ុប មានកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យបរិស្ថានជាមួយកម្ពុជា ជាពិសេសបានចូលរួម និងគាំទ្រដល់សម្ព័ន្ធភាពនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា (Cambodian Climate Change Alliance)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ។ ក្នុងនោះបានលើកឡើងកិច្ចសហប្រតិបត្តិការលើការចូលរួមរបស់សហភាពអឺរ៉ុប លើការងារគ្រប់គ្រងធនធានធម្មជាតិ ការពិនិត្យលទ្ធភាពលើគម្រោងការលក់កាបូន ការពង្រឹងសមត្ថភាព អនាម័យ អប់រំបរិស្ថាន និងការរស់នៅដោយចីរភាព។ ដែលក្នុងនោះជំរុញលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ តាមរយៈការចិញ្ចឹមសត្វ ក្នុងនោះមានគម្រោងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចិញ្ចឹមគោ ក្របីនៅតំបន់ជុំវិញបឹងទន្លេសាបផងដែរ ៕

ដោយ ពេជ្រ ណារិទ្ធ