សម្តេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនៅខេត្តបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — នៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឯកឧត្តម លោកជំទាវ ជាអភិបាល អភិបាលរងខេត្ត ក្រុង ស្រុក លោក លោកស្រី ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូប មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូប នៅសាលមហាស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអានសន្ទកថាស្វាគមន៍ និង របាយការណ៍សង្ខេបអំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត ដែលបានអនុវត្តន៍ក្នុងឆ្នាំ២០១៩ និងបញ្ហាប្រឈមមួយចំនួន ។ នៅក្នុងនោះឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនអំពីដំណើរការនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងការលើកទិសដៅការងារ ឆ្នាំ២០២០ ដែលបានដំណើររយៈពេល ១ថ្ងៃកន្លះ ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ ណែនាំឱ្យបន្តអនុវត្តន៍គោលនយោ បាយភូមិ ឃុំមានសុវត្ថិភាព ហើយកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ មិនត្រូវនៅពីក្រោយខ្នងជនល្មើស ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានល្អ បង្កើនសមត្ថភាពរបស់ខ្លួនដើម្បីអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួនក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសទាំងអស់ឱ្យបានទាន់ពេលវេលា ។ ការអភិវឌ្ឍក្រុង ស្រុក ត្រូវធ្វើការគិតគូរទៅលើកការគ្រប់គ្រងសំណល់រឹង សំណល់រាវ (សំរាម) និងការអនុវត្តប្លង់គោល ការគ្រប់គ្រងសំណង់ សណ្តាប់ធ្នាប់សាធារណៈផងដែរ ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា នៅពេលនេះរាជរដ្ឋាភិបាលបានធ្វើការផ្ទេរមុខងារវិស័យសុខាភិបាល និងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងធនធានសម្ភារៈដល់មន្ទីរសុខាភិបាលខេត្ត ។ ដោយឡែកវិស័យអប់រំវិញ បានរៀបចំផែនការ និងបានគិតគូរអំពីការផ្ទេរមុខងារលើវិស័យអប់រំមករដ្ឋបាលថ្នាក់ក្រោមជាតិយ៉ាងយូរត្រឹមឆ្នាំ២០២៣ខាងមុខនេះផងដែរ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)