រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — នៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០។ ពិធីនេះ មានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញ  និងមន្ត្រីខណ្ឌទាំង១៤ ព្រមទាំងមន្ទីរ ពាក់ព័ន្ធទាំង២៤ សរុបប្រមាណជាង៥០០នាក់។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការថយចុះ បទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ២០១៩ ដោយសារអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មានការយកចិត្ត ទុកដាក់អនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ បទល្មើសព្រហ្មទណ្ឌ បានកើតឡើងចំនួន ៨៣៨ករណី ខណៈក្នុងឆ្នាំ២០១៨ មានចំនួន ១០៤៦ ករណី ពោលគឺថយចុះចំនួន២០៨ករណី ស្មើនឹង២០ភាគរយ។ ក្នុងចំណោម បទល្មើសទាំងជាង៨០០ ករណីខាងលើ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បង្ក្រាបបានសរុបចំនួន ៧៤៩ករណី ស្មើនឹង៨៩,៣៧ភាគរយ ដែលចំនួននេះបង្ហាញឱ្យឃើញពីសញ្ញាវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ និងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទ ល្មើសកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រៅពីការងារសន្ដិសុខ សាលារាជធានីភ្នំពេញ ក៏បានដាក់ចេញនូវគម្រោងសំខាន់ដូចជាការធ្វើឱ្យ ប្រសើឡើងនូវស្ថានភាពចរាចរក្នុងរាជធានីភ្នំពេញ និងកំពុងបន្តយកចិត្តទុកដាក់ កសាងហេដ្ឋារចនសម្ព័ន្ធរូបវន្ត ដូចជា គម្រោងរថភ្លើងអាកាស ប្រភេទAGT ជាមួយក្រុមហ៊ុនជប៉ុន និងបានសិក្សាឈ្វេងយល់អំពីប្រព័ន្ធផ្លូវឯកទិស និងធ្វើការស្ថាបនា ស្ពានអាកាស និងផ្លូវក្រោមដីរួមមាន៖ ស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់ មូលចោមចៅ សិក្សាស្ពានអាកាស និងផ្លូវក្រោមដីកាត់មហាវិថី សហព័ន្ធរុស្សី តភ្ជាប់ទៅផ្លូវលេខ៨៦ មកកាន់តំបន់អភិវឌ្ឍន៍បឹងកក់ សិក្សាផ្លូវក្រោមដី និងតស្ពានភ្ជាប់ក្នុងខណ្ឌច្បារអំពៅសិក្សាផ្លូវក្រោមដីក្នុងខណ្ឌ ឫស្សីកែវ និងគម្រោងផ្លូវ អមសងខាង ផ្លូវរថភ្លើងឆ្ពោះទៅរកអា កាសយន្តដ្ឋានភ្នំពេញ និងឆ្ពោះទៅដល់ មហាវិថីឈ្នះៗ។

ឯកឧត្ដមបានបញ្ជាក់ទៀតថា ជាមួយគ្នារដ្ឋបាលរាជធានីភ្នំពេញក៏សម្រេចបាន សមិទ្ធផលធំៗជាច្រើនទៀត ដូចជាការផ្តល់សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរីកលូតលាស់សំណង់អគារហេ ដ្ឋារចនាសម័ន្ធ ដែលបំរើដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។  លទ្ធផលការងាររបស់រដ្ឋបាល រាជធានីភ្នំពេញ សម្រេចបាននៅឆ្នាំ២០១៩កន្លងមក បានកើត ឡើងពីការប្រយុទ្ធអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងការលះបង់ខ្ពស់របស់ក្រុមប្រឹក្សា គណៈអភិបាលរដ្ឋបាល ខណ្ឌទាំង១៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការរដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ទីរជំនាញ ទីចាត់ការនិងអង្គភាពចំណុះ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ហើយក៏មិនអាចកាត់ផ្តាច់ចេញបាន ការចូលរួមសហការគាំទ្រ ពីសំណាក់ លោក  លោកស្រី ប្រធាន អនុប្រធាន និងសមាជិកសមាជិការ នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ និងតាមបណ្តាខណ្ឌទាំង១៤ ដែលបានចូលរួមយ៉ាង សកម្មភាពក្នុងបំពេញការងារជូនបងប្អូនប្រជាពលរដ្ឋរបស់យើង ។

សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានខណ្ឌទំាងអស់ចំនួន១៤ខណ្ឌ មាន១១៥សង្កាត់ និង៩៥៣ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ជាង២លាន២សែន នាក់។ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មីរបស់រដ្ឋបាល រាជធានីភ្នំពេញនេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ៕

ដោយ សួស សំរិត