ឯកឧត្តម វង្សី វិស្សុត ទទួល​ជួបពិភាក្សាការងារជាមួយ​គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី

AKP ភ្នំពេញ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិ​ការ​ប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួបពិភាក្សាការងារជាមួយ​គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB​) ​ដឹកនាំដោយ លោក អាន់តូនី ម៉ាក់ដូណាល (Mr. Anthony McDonald) នាយកប្រតិបត្តិ នៃ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែលបាន​មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា កាលពីថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២០។

ជំនួបពិភាក្សានេះមាន​គោលបំណង៖ ១.ធ្វើការពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិ​ការ​ក្នុ​​ងភាពជាដៃគូ​រវាង​កម្ពុជា និង ADB, ២.ធ្វើការផ្លាស់ប្តូរទស្សនៈយោបល់​អំពីស​ភាព​កា​រ​ណ៍​វិ​វ​ត្ត​ន៍​ថ្មីៗ ព្រមទាំង​បញ្ហា​ប្រ​ឈម​ជា​សកល និងតំបន់​មួយចំនួន និង ៣.ធ្វើការឈ្វេង​យល់​ប​ន្ថែ​ម​ពី​ស​ភាពការណ៍ជាក់ស្តែងនៃការ​រីក​ចម្រើន​របស់​សេដ្ឋកិច្ច​កម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំ វង្សី វិស្សុត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់​ក្តៅចំ​ពោះដំ​ណើ​របំពេញទស្សន​កិច្ចការងារ​​​នៅកម្ពុជា​របស់​គណៈប្រតិភូ ADB ហើយបានសម្តែងនូវអំ​ណរ​គុណចំពោះ ADB ដែលបានអនុម័តឯកសារ​យុទ្ធសាស្រ្ត​ភាព​ជា​ដៃគូ​សម្រាប់​អភិ​វឌ្ឍ​ន៍ក​ម្ពុជា​ឆ្នាំ២​០​១​៩-២០២៣ (CPS) ដែល​ជាក្របខ័ណ្ឌយុទ្ធសាស្រ្តរួមមួយ ដែល​មាន​ទឹកប្រាក់​ប្រមាណ ១ ៤៥​០ លានដុល្លារអាម៉េរិក សម្រាប់រយៈពេល ៥ ឆ្នាំ ដែលឆ្លើយតបកាន់តែប្រសើរ​ឡើងទៅ​នឹង​តម្រូ​វកា​រ​នៃ​កិច្ច​​អភិវឌ្ឍន៍​របស់​​កម្ពុជា​ ពិសេសក្នុងការសម្រេចបាននូវគោលដៅក្លាយជាប្រទេស ចំណូល​មធ្យ​ម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និងជា​ប្រទេស​ចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយយុ​ទ្ធសា​ស្រ្តនេះ​ក៏​ស្រប​ជាមួយនឹងក្របខ័ណ្ឌយុទ្ធសាស្រ្ត​រយៈពេលវែង ២០៥០ ​​​របស់ ADB ផងដែរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បាន​ជម្រាប​​គណៈប្រតិភូ ADB អំពីស្ថា​នភា​ពសេ​ដ្ឋកិច្ចកម្ពុជា ដែលត្រូវបានប៉ាន់ស្មានថា នឹងអាចសម្រេច​បាន​កំណើនក្នុងរង្វង់ប្រមាណ ៦ភាគរយនៅក្នុងឆ្នាំ២០២០ ព្រមទាំងអំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២០ ដែលនៅតែ​មាន​ល​ក្ខ​​ណៈរឹ​ង​មាំ ទោះបីសេដ្ឋកិច្ចកម្ពុជា ត្រូវ​បាន​ជួបប្រទះបញ្ហាប្រឈម និង​ហា​និ​ភ័យកាន់តែច្រើ​ន​ពី​ខា​ង​ក្រៅក្តី។

ក្នុងក្របខ័ណ្ឌខាងលើនេះ រាជរដ្ឋាភិបាលបាន​ត្រៀមខ្លួនរួចជាស្រេច និងបានដាក់ចេញ​នូ​វ​វិ​ធានការជាបន្តបន្ទាប់ ដូចដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ អំពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺ Covid-19 និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធីទំ​និញគ្រ​ប់មុ​ខ​លើក​លែ​ង​តែ​អា​វុ​ធ(EBA)។

ការដាក់ចេញនូវវិធានការជុំទី១ នេះ ដើម្បីជួយសម្រាលផលប៉ះពាល់ និងគាំទ្រ​ដល់​វិស័​យ​ដែ​លប៉ះពាល់ខ្លាំង ដូចជា​វិស័យទេសចរណ៍, វិស័យកាត់ដេរ និងវិស័យអចលនទ្រព្យ និង​ដើ​ម្បី​កា​រពារការងារចំពោះអ្នកដែល​មានការងារធ្វើ​ស្រាប់, បន្តខិតខំបង្កើត​ការងា​រថ្មី​ៗចំ​ពោះ​អ្ន​ក​ដែ​ល​មិ​​នទាន់មានការងារធ្វើ និងជួយដល់អ្នកដែលអាចបាត់បង់ការងារធ្វើ ព្រមទាំងដើម្បី​ទ្រទ្រង់​កំណើនផងដែរ។

រាជរដ្ឋាភិបាល​នឹងបន្តតាមដានកិច្ចការនេះជាប់ជាប្រចាំ ដើម្បីធានាឱ្យបាននូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋ​កិច្ច និងកំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ២០២០ ពោលគឺធ្វើយ៉ាងណាឱ្យកំ​ណើន​មាន​ចីរ​ភាព, សេដ្ឋកិច្ច​កម្ពុជានៅតែខ្លាំង ហើយបើទោះបីជា​សេដ្ឋកិច្ចកម្ពុជា​អាច​នឹងថមថយខ្លះ​នៅក្នុ​ងរ​យៈ​ពេលខ្លី តែសេដ្ឋកិច្ចកម្ពុជានឹង​ងើបឡើងវិញកាន់តែខ្លាំងជាងមុន នៅក្នុង​រយៈពេលវែង។

លោក អាន់តូនី ម៉ាក់ដូណាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​រាជ​រដ្ឋា​ភិ​បា​ល និង​អបអរសាទរ​ ចំពោះ​ជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការបន្តរក្សា និងជំរុញកំណើ​នសេ​ដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរភាព ពោលគឺរាជរដ្ឋាភិបាល កម្ពុជាមាន​គោល​នយោបាយ​ត្រឹមត្រូវ ក្នុង​កា​រ​អ​ភិ​វឌ្ឍន៍ប្រទេស និងការកាត់​បន្ថយ​ភាពក្រីក្រ។

លោកក៏បានជម្រាបថា ADB កំពុ​ង​អ​នុ​វ​ត្ត​ន៍យុ​ទ្ធ​សា​ស្រ្ត​២០​៣០​ តាមរយៈការដាក់ឱ្យ​អនុវ​ត្ត​ន៍នូ​​វផែនការ​សកម្មភាព​អាទិភាពមួយចំនួន ក្នុងនោះ រួមមានី៖ ១.ការពង្រឹងគុណភា​ពហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធ, ២.ការកសាង​ធនធានមនុស្ស​តាមរយៈការវិនិយោគលើ​វិស័យអប់រំ​ និ​ងសុខា​ភិ​បាល, ពុទ្ធិ និងភាពច្នៃប្រឌិត​​ និង​ ៣.ការពង្រីក​កិច្ចសហប្រតិបត្តិការ និង​សមាហរណកម្មក្នុងតំបន់ ដូចជា​មហាអនុ​តំបន់​មេគង្គ។

យុទ្ធសាស្រ្ត២០៣០ នេះ គឺមាន​លក្ខណៈស្របគ្នាទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាល​​ទី៤, ផែនការ​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងយុទ្ធសាស្រ្តស្តីពី​ការកែទ​ម្រង់​ប្រ​ព័​ន្ធ​គ្រប់គ្រង​ការ​វិនិយោគ​​សាធារណៈ ២០១៩-២០២៥​ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ADB ដែល​ជា​​ដៃគូដ៏ស្មោះត្រង់ និង​មានតួនាទីដ៏សំខាន់នៅក្នុងការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍ​ន៍នៅកម្ពុជា និង​ជូនពរលោក អាន់តូនី ម៉ាក់​ដូ​ណាល  និង​សហការី​ឱ្យទទួលបាន​ជោគ​ជ័យ​ក្នុងបេ​ស​ក​ក​ម្ម​កា​រ​ងា​ររបស់ខ្លួន។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូត​មក​ដល់​​ខែមករា ឆ្នាំ​២០២០ ADB បានផ្តល់​ហិ​រញ្ញប្បទាន​​​​ដល់​​កម្ពុជា​ សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍​​​ចំនួន ១៧២ ដែលមាន​ទឹក​ប្រា​ក់​ស​រុ​ប​​ចំនួន​ប្រមាណ ៣ ៤៨៥ លានដុល្លារអាម៉េរិក ក្នុងនោះមាន​ឥណទាន​សម្បទាន​ចំនួន​ប្រមាណ ២​ ៩៨៣ លានដុល្លារអាម៉េរិក ​និង ហិរញ្ញប្បទានឥតសំណងមានចំនួន​ប្រមាណ ៥០២​  លា​នដុ​ល្លា​រ​អា​ម៉េរិក៕ ដោយ គង់ សិរីរ័ត្ន