រដ្ឋមន្រ្តី​​​​​​​ក្រសួងសេដ្ឋកិច្ច ដឹក​នាំ​​កិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី៥៩

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​​​​​​​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​ជាប្រធាន​គណៈកម្មការមូលបត្រកម្ពុជា  (គ.ម.ក.) បានអញ្ជើញដឹក​នាំ​​កិច្ចប្រជុំ​ គ.ម.ក. ​​លើកទី៥៩ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

បន្ទាប់​​ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោ​ប​ល់ទាំង​កម្រិតបច្ចេកទេស និងគោល​នយោបាយទៅលើឯកសារ ដែលរៀបចំដោយ នាយកដ្ឋានជំនាញនៃ គ.ម.ក. ហើយអង្គប្រជុំ​បាន​​សម្រេច របៀបវារៈទី១. អនុម័តដោយផ្តល់ ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់ មូលបត្រ​កម្មសិទិ្ធជាសាធារណៈរប​ស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី។

របៀបវារៈទី២. អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សា​យ​​លក់មូល បត្របំណុល ជាសាធារណៈរបស់ (១) ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក., (២) អនុម័តទទួ​ល​ស្គាល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់​ជានីតិបុគ្គលប្រតិស្រុត និងអនុញ្ញាតជាគោលកា​រ​ណ៍​លើសំណើសុំបោះផ្សាយលក់មូលបត្របំណុលជា​សាធារណៈ, និង (៣) ផ្តល់ការអនុញ្ញាតជាគោ​លការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្របំណុលជា​សាធារណៈ​របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក។

របៀបវារៈទី៣. អនុម័តដោយផ្តល់ការអនុញ្ញាត ជាគោលការណ៍លើសំណើសុំអាជ្ញា ប័ណ្ណក្រុម ហ៊ុនមូលបត្រ​របស់ (១)ក្រុមហ៊ុន ហ្វេដឺរ៉ល ឃែភីថល អ៊ិនវេសម៉ិន ឯ.ក (Federal Capital Investment Co., Ltd) ដើម្បីប្រកបអាជីវកម្មជាក្រុមហ៊ុនធានាទិញមូលបត្រ និង (២) ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ឯ.ក (PP Link Securities Co., Ltd.) ដើម្បីប្រកបអាជីវកម្ម ទីប្រឹក្សាហិរញ្ញវត្ថុ។

របៀបវារៈទី៤. អនុម័តដោយផ្តល់ការអនុញ្ញាតជា គោលការណ៍លើសំណើ សុំអាជ្ញាប័ណ្ណក្រុម ហ៊ុនថែ-រក្សា​​ទ្រព្យសម្បត្តិជំនួសរបស់ (១)ក្រុមហ៊ុន ហ្រ្គេន កាថេ អ៊ិនវេសម៉ិន ត្រាស (ខេមបូឌា) ភីអិលស៊ី (Grand Cathay Investment Trust (Cambodia) Plc.), (២) ក្រុមហ៊ុន ហ្សីលាន ត្រាស់ ម.ក (Zillion Trust Plc.) និង (៣) ក្រុមហ៊ុន វីវីត អាសិត មេនេតមេន ឯ.ក (Vivid Asset Management Co., Ltd.)។

របៀបវារៈទី៥. អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំអាជ្ញា ប័ណ្ណក្រុម ហ៊ុនគ្រប់គ្រងមូលនិធិរបស់ (១)ក្រុមហ៊ុន អេជី ហ្វាន់ មេនេចម៉ិន ម.ក (Aegies Fund Management Plc.) និង (២)ក្រុមហ៊ុន ភីអិលអិមភី វេនឈ័រ ឃែភីថល ឯ.ក (PLMP Venture Capital Co., Ltd)៕

ដោយ គង់ សិរីរ័ត្ន