CDC និង KOICA ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើរបៀបវារៈចំនួន៤ អំពីជំនួយអភិវឌ្ឍន៍ប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ — ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួប ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើរបៀបវារៈចំនួន៤អំ​ពី​​ជំនួ​យ​អភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ សម្រាប់ប្រទេសកម្ពុជា ជាមួយលោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាង របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ-កយកា(KOICA) ប្រ​ចាំ​​ការិ​យាល័យ​ប្រទេស កម្ពុជា។

ក្នុងជំនួបពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ភាគីទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាលើរបៀបវារៈចំនួន៤រួមមាន៖ ទី១. កម្មវីធីទស្សន កិច្ចផ្លូវការម​ក​ប្រទេសកម្ពុជារបស់លោកជំទាវប្រធានកយកា, ទី២.ផែនការសហប្រតិបត្តិការ របស់កយកាសម្រា​​​​ប់​​ប្រទេសកម្ពុជាក្នុងឆ្នាំ២០២០, ទី៣.គម្រោងថ្មីរបស់កយកាសម្រាប់ ប្រទេសកម្ពុជាក្នុងឆ្នាំ២០​២​​១ និង​ទី៤.គម្រោងថ្មីរបស់កយកាសម្រាប់ប្រទេស កម្ពុជាក្នុងឆ្នាំ២០២២ ។

សេចក្តី​ប្រកាស​ព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ-កយកា(KOICA) ប្រ​ចាំ​ការិយាល័យប្រទេសកម្ពុជាបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឱ្យប្រសើរឡើងនិងទូលំទូលាយថែមទៀត។ ជាក់ស្តែង បរិមាណនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់ និងបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ នៅឆ្នាំ២០២០នេះ កយកា គ្រោងនឹងផ្តល់កញ្ចប់ថវិកាប្រមាណ ២៤,៥ លានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន