រដ្ឋមន្រ្ដីក្រសួងសុខាភិបាលអះអាងថា មានខេត្ដតែពីរប៉ុណ្ណោះដែលនៅប្រឈម​នឹងជំងឺគ្រុន​ចាញ់ បើប្រៀបធៀបនឹងបណ្ដាខេត្ដផ្សេង នៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននៅមានខេត្ដតែពីរប៉ុណ្ណោះដែលនៅ​ប្រឈមនឹងជំងឺគ្រុនចាញ់ខ្ពស់ បើប្រៀបធៀបទៅនឹងបណ្ដាខេត្ដផ្សេងៗទៀត នៅទូទាំង​ប្រទេស គឺខេត្ដ​ស្ទឹងត្រែង និងខេត្ដមណ្ឌលគិរី។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ទូទាំង​ប្រទេសរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋ       មន្រ្ដី​ក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេស​កម្ពុជា​មិន​មានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ ដោយកម្ពុជាបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ​គ្រុន​ចាញ់​ទទួលជោគជ័យបីឆ្នាំជាប់ៗគ្នា ចាប់ពីចុងឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩កន្លងមក។ ឯកឧត្ដមបានបញ្ជាក់ថា ឥឡូវនេះ ក្រសួងកំពុងតែយកចិត្ដទុកដាក់ដល់ទីកន្លែង ឬតំបន់ដែល​មានជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីរៀបចំយុទ្ធសាស្រ្ដថ្មី និងវិធានការក្នុងការកម្ចាត់មេរោគគ្រុនចាញ់​នេះ ដោយត្រូវចុះទៅជួបជាមួយប្រជាពលរដ្ឋនៅទីកន្លែង ឬតំបន់ដែលប្រឈម  ចុះផ្សព្វ​ផ្សាយ​អប់រំ ផ្ដល់មុងជ្រលក់ថ្នាំ និងណែនាំឱ្យប្រជាពលរដ្ឋដែលប្រឈមនឹងជំងឺគ្រុនចាញ់ ប្រើ​ប្រាស់មុងឱ្យបានត្រឹមត្រូវ ជាពិសេសការជួសឈាមរកមេរោគគ្រុនចាញ់ បើមានត្រូវផ្ដល់ថ្នាំ​ព្យាបាលបំបាត់​ជំងឺគ្រុនចាញ់។ ឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវបន្ដប្រជុំ​ក្រុម​ការ​ងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ដ ក្រុមការងារថ្នាក់​ស្រុកឱ្យបានទៀងទាត់ ដើម្បីពិនិត្យស្ថានការណ៍ជំងឺបានទាន់ពេលវេលា និងមានវិធានការ​ឆ្លើយតបបន្ទាន់ទើបលុបបំបាត់ជំងឺគ្រុនចាញ់បាន ជាពិសេសប្រភេទគ្រុនចាញ់សន្ធំ ដែលត្រូវ​លុបបំបាត់ឱ្យបាននៅឆ្នាំ២០២០នេះ ស្របតាមយុទ្ធសាស្រ្ដជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បាន​ជំរុញ​ដល់មជ្ឈមណ្ឌលជាតិ និងភាគីពាក់ព័ន្ធត្រូវផ្ដោតលើប្រជាជនប្រឈមខ្ពស់ ជនចំណាក​ស្រុក អ្នកចូលព្រៃ ធ្វើយ៉ាងណាផ្ដល់មធ្យោបាយការពារបង្ការការចម្លងជំងឺ និងផ្ដល់សេវាអប់រំ​សុខភាព ពិនិត្យ និងព្យាបាលជំងឺឱ្យបានឆាប់បំផុត ទាន់ពេលវេលា ដើម្បីរារាំងទប់ស្កាត់ការ​រាលដាលការចម្លងជំងឺ។

បើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដនៃក្រសួងសុខាភិបាលបាន​ឱ្យដឹង​ថា ករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៩ មាន៣១,៩៧១ករណី អត្រាអាំងស៊ីដង់១.៩៥ ក្នុងចំណោមប្រជាជន១,០០០នាក់ គឺមានការថយចុះ៤៩ភាគរយ បើប្រៀបធៀបទៅនឹង​ឆ្នាំ២០១៨។ ក្នុងនោះប្រភេទជំងឺគ្រុនចាញ់សន្ធំ និងចម្រុះក្នុងឆ្នាំ២០១៩ មាន៤,៩៩០ករណី ដែល​ជាចំនួនកាត់បន្ថយយ៉ាងគំហុក៧២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។ លោក​វេជ្ជ​​បណ្ឌិតបានបន្ដថា ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ គឺសូន្យ ចាប់តាំងពីឆ្នាំ២០១៨មក ដោយសម្រេចបានជោគជ័យនូវសូចនាករអត្រាស្លាប់៣ឆ្នាំមុនគោលដៅឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងឆ្នាំ២០១៩ ករណីជំងឺគ្រុនចាញ់មានជាប្រចាំពេញ​មួយឆ្នាំតែរាយប៉ាយតាមតំបន់ខ្លះនៃ២១ខេត្ដ ដែលករណីជំងឺចាប់កើនចំនួនពីខែឧសភា  និង​ដល់កំពូលខ្ពស់ជាងគេ ក្នុងខែកក្កដា រួចចំនួនករណីនេះក៏បានធ្លាក់ចុះមកវិញ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ឡាញ់ វិសាល