CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់គម្រោងរោងចក្រ ចំនួនប្រាំទីតាំងបន្ថែមនៅក្នុងខែកុម្ភៈនេះ

AKP ភ្នំពេញ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់គម្រោង រោងចក្រចំនួនប្រាំទីតាំងបន្ថែមនៅក្នុងខែកុម្ភៈនេះ ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០លានដុល្លារ ជាមួយនឹងឱកាសវិនិយោគ​ជាច្រើនពាន់កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនរួមមាន៖ ១- “SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD”គម្រោងបង្កើតរោងចក្រផលិតឥដ្ឋដុំ និងឥដ្ឋបច្ចេកទេសធុនស្រាល ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៣៥កន្លែង។ ២- “ ROYAL INNOTECH KNITWEAR CO., LTD” គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន១.៦៥១កន្លែង។ ៣- “LITKCONN TECHNOLOGY (CAMBODIA) CO., LTD” គម្រោង បង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ២៩៦កន្លែង។ ៤- “NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៥៧៩កន្លែង។ ៥- “SHANG DA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ ប្រភេទ (ស្វាយ ស្វាយចន្ទី ម្នាស់ ចេក…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង៕

ដោយ ម៉ៅ ចរិយា