រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចង់ឃើញមន្ត្រីវ័យក្មេងចេញមុខលើឆាកអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួ​ង​ព័​ត៌​មា​​នចង់​ឃើ​ញ​មន្ត្រី​វ័យ​ក្មេ​ង​ចេ​ញ​មុ​ខ​លើឆាកអន្តរជាតិតា​មរយៈការចូលរួម​កិច្ច​ប្រ​ជុំ​ធំ​ៗ​នៅ​ក្រៅ​​ប្រទេស។

ថ្លែងបិទវគ្គអប់រំផ្សព្វផ្សាយពីសុខភាពស្ត្រីក្រោមប្រធានបទ ការយល់ដឹងពីមហារី​ក​មាត់​ស្បូ​​ន និងជំងឺពុកឆ្អឹង ចំពោះស្ត្រីអស់រដូវ នៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រី បានឱ្យដឹងថា ឥឡូវនេះមានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនៅក្រៅប្រទេសច្រើនហើយគួរ ចា​ត់​ឱ្យមន្ត្រីក្មេងៗបានចេញមុខចេញមាត់​ក្នុងកិច្ចប្រជុំអន្តរជាតិទាំងនោះ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «ឥឡូវនេះមានប្រជុំអាស៊ានច្រើនប្រជុំ​អន្ត​រ​ជា​តិ​ ច្រើនចាត់ឱ្យមន្ត្រីរបស់យើង ក្មេងៗទៅ ចេញមុខ ទៅប្រជុំជាមួយគេ … ដូច្នេះហើយត្រូវរៀ​ន​ច្បា​ប់  រៀនអំពីអាស៊ាន រៀនអំពីបញ្ហាច្រើនទៀតទើបយើងអា​ចចូ​លរួមបាន»។​

ការក្រើនរម្លឹកឱ្យបញ្ចូនមន្ត្រីថ្មីៗ និងមានវ័យក្មេងទៅចូលរួមកិច្ចប្រជុំនៅក្រៅប្រទេ​ស​នេះ​ដោយសារ ឯកឧត្តមរដ្ឋមន្ត្រីមើលឃើញថា កន្លងមកការចាត់ចែងមន្ត្រីទៅក្រៅប្រទេសច្រើ​ន​តែមុខដដែលៗ ដូច្នេះចាប់ពីឆ្នាំនេះទៅឯកឧត្តមរដ្ឋមន្ត្រីចង់ឃើញមន្ត្រីថ្មីៗក្មេងៗចេញទៅ ប្រ​​​​​​ជុំនៅក្រៅប្រទេសឬចូលទៅប្រជុំនៅក្រសួងស្ថាប័នផ្សេងៗទទួលបាន​កា​រ​យ​ល់​​ដឹងហើ​យ​ត្រ​ឡ​ប់​ម​ក​​វិញអាច​រៀបចំការងាររួមគ្នាកាន់តែមានប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ ដើម្បីឱ្យមន្ត្រីថ្មីៗ វ័យក្មេងអាចចូលរួមប្រជុំខ្នាតអន្តរជាតិបានទាម​ទា​រឱ្យមានការយល់ដឹងខ្ពស់។ ក្រសួងព័ត៌មានក៏មានគម្រោងរៀបចំវគ្គបណ្តុះបណ្តាលមួយចំនួន ស្តីអំពី អាស៊ាន និងប្រធានបទជាច្រើនទៀតដើម្បីពង្រឹងសមត្ថភាពមន្ត្រីថ្មីៗ វ័យក្មេង ឱ្យមាន​ស​ម​ត្ថភាពអាចចូលរួមជាមួយមន្ត្រីបរទេសបាន។

ពាក់ព័ន្ធការងារស្ត្រីវិញ ឯកឧត្តម ខៀវ កាញារីទ្ធ បានស្នើឱ្យនារីឧ​ស្សាហ៍ប្រ​ជុំ​គ្នា ដើ​ម្បី​ជួ​យ​មើលនារី​ជាសមាជិក និងអាច​លើ​ក​សំណូមពរឱ្យក្រសួងជួយធ្វើអី្វបណ្តុះបណ្តាលអ្វីទៀត ឬ​មា​ន​ប​ញ្ហាអី​ទៀតនេះគឺជាការសំខាន់។

​ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រូ​ឧទ្ទេ​សដែ​លបានខិតខំបង្រៀនចែករំ​លែកការយល់ដឹង​ដល់នារីនៅក្នុងកាសែតកម្ពុជាក៏ដូចជានារី​មកពីក្រក្រសួង ស្ថាប័នផ្សេងៗ អំ​ពី​​មហារី​ក​មាត់​ស្បូ​​ន និងជំងឺពុកឆ្អឹងចំពោះស្ត្រីអស់រដូវ និង​ថ្លែងអំណរគុណដល់ស​មាគ​ម​នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ដែលបានខិតខំធ្វើការងាររួបរួម គ្នាជួយដោះស្រាយការងារគ្នា ធ្វើយ៉ាងណាឱ្យ​នា​រី​រ​ប​ស់​យើ​ង​​ទាំងកំពុងធ្វើការ និងចូលនិវត្តន៍​នៅ​តែ​​ជាគ្រួសារមួយនៃក្រសួងព័ត៌មាន៕

ដោយ គង់ សិរីរ័ត្ន  ( រូបភាព៖ ខឹម សុវណ្ណារ៉ា)