ជប៉ុនផ្តល់ថវិកាជាង៨៩ម៉ឺនដុល្លារអាម៉េរិក សម្រាប់ការស្ថាបនាប្រព័ន្ធធារាសាស្រ្ត សុខភាពមាតា និងទារក ព្រមទាំងការកសាងសមត្ថភាពយុវជន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន៨៩០.៤៧១ដុល្លារអាម៉េរិកដល់អង្គភាព ចំនួនបី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល ជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៥ ខែកុម្ភៈ ក្រោមវត្តមាន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងបី។

នៅក្នុងពិធីចុះហត្ថលេខានោះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងឱ្យដឹងថា សម្រាប់គម្រោងសាងសង់អាងស្តុកទឹក សម្រាប់លើកកម្ពស់កសិកម្មនៅខេត្តព្រះវិហារ ភូមិធម្មជាតិសម្តេចតេជោ ថវិកាចំនួន៨៥,០១៩ ដុល្លារអាម៉េរិក ដល់អង្គការមោទនភាពអាស៊ី សមាគមមិត្តព្រះវិហារ-ជប៉ុន។ ក្នុងគម្រោងនេះមោទនភាពអាស៊ី សមាគមមិត្តព្រះវិហារ-ជប៉ុននឹងសាងសង់អាងស្តុកទឹក និងបរិក្ខារចែកចាយទឹក នៅក្នុងខេត្តព្រះវិហារ។ កសិករនៅក្នុងតំបន់នេះនឹងទទួលបានអត្ថប្រយោជន៍ ដោយបង្កើតផលិតកម្ម កសិកម្ម នារដូវប្រាំង និងរៀន ពីបច្ចេកវិទ្យាកសិកម្ម ព្រមទាំងការគ្រប់គ្រងបរិក្ខារសម្រាប់ការអភិវឌ្ឍ ក្នុងតំបន់ប្រកបដោយនិរន្តរភាព។

ចំណែកគម្រោងការរួមបញ្ចូលគ្នា សុខភាព អាហាររូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ ឆ្នាំទី១ នូវថវិកាចំនួន ៤៥២,៤២៧ដុល្លារអាម៉េរិក ដល់អង្គការ World Vision Japan។ ក្នុងគម្រោងនេះ នឹងផ្តល់ការ បណ្តុះបណ្តាល និងអប់រំសុខភាព ដល់បុគ្គលិក សុខាភិបាលនិងសហគមន៍ មូលដ្ឋាន ដើម្បីកែលម្អស្ថានភាពសុខភាពមាតា និងទារក នៅក្នុងស្រុកចំនួន៥នៃខេត្តព្រះវិហារ។

សម្រាប់គម្រោងការកសាងសមត្ថភាព យុវជន ក្នុងខេត្តប៉ៃលិនតាមរយៈការពង្រឹង មជ្ឈមណ្ឌលសិក្សាសហគមន៍ ក្នុងឆ្នាំទី១នេះ អង្គការកុមារឥតព្រំដែនបានទទួលថវិកា ចំនួន៣៥៣,០២៥ដុល្លារអាម៉េរិក។ គម្រោងនេះនឹងគាំទ្រដល់យុវជន ជាពិសេសអ្នកដែលស្ថិត ក្នុងស្ថានភាពមានការងារមិនជាប់លាប់ ខ្វះជំនាញជីវិត និងបោះបង់ការសិក្សា។ តាមរយៈការផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបរិបទ នៃមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលល្អប្រសើរដល់យុវជន ពួកគេ និងទទួលបានការអប់រំ និងជំនាញសម្រាប់បង្កើត មូលដ្ឋានគ្រឹះ នៃជីវិតកាន់តែប្រសើរ នាពេលអនាគត។

សូមបញ្ជាក់ថា ជំនួយឥតសំណង សម្រាប់គម្រោងក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើម នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាព អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅ តាមកម្រិតមូលដ្ឋាន។ តាំងពីមានវត្តមាននៅកម្ពុជា ជប៉ុនបានផ្តល់ថវិកាជាង ៣៩លានដុល្លារ អាម៉េរិក ដល់គម្រោងចំនួន១២៥ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសំអាតមីនក្នុង ប្រទេសកម្ពុជា៕

ដោយ ប៉ាល់ សុង