សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជា និងចិនអាចប្រើផ្លូវអាកាស ឬផ្លូវទឹក ដឹកវត្ថុ ធាតុដើម ដើម្បីចៀសវាងការបិទរោងចក្រមួយចំនួននៅកម្ពុជា

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូ​វ​ការ​សង្ឃឹមថា កម្ពុជា និងចិន អាចសហការគ្នាក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ដូចជាសាច់​ក្រ​ណា​ត់ តាមផ្លូវអាកាស ឬតាមផ្លូវទឹក ដើម្បីចៀសវាងការបិទរោងចក្រមួយចំនួននៅកម្ពុជា ដោ​យ​​​សារ​ខ្វះ​​វត្ថុធាតុដើម ប្រមាណ៦០ភាគរយនោះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ដែលស្ថិតនៅស្រ​ប​​តាម​ខ្សែ​បន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រវែងជាង១៧០​គី​ឡូម៉ែត្រ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំ​កុរ ឯកស័ក ព​.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិផ្សារកណ្ដាល សង្កាត់​ផ្សារ​​កណ្ដាល ក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ៤០០គី​ឡូ​ម៉ែត្រពីរាជា​ធានីភ្នំ​ពេ​ញ សម្ដេចតេជោ ហ៊ុន សែន  បានថ្លែងថា មិត្តចិននឹងបញ្ជូនវត្ថុ​ធាតុ​ដើ​មដូចជា សាច់​ក្រណាត់ខ្លះដោយដឹកជញ្ជូន តាមផ្លូវអាកាស ឬតាមផ្លូវទឹក ដើម្បីសង្គ្រោះ​កម្ម​ករ​​កាត់ដេរកម្ពុជា ដែលជួបប្រទះនៅការបិទរោងចក្រមួយចំនួន ដោយសារខ្វះវត្ថុធាតុដើម​ប្រ​មា​​ណជា៦០​ភាគរយ ដើម្បីនាំទៅដល់ការផ្អាកការងារធ្វើរបស់កម្មករ កម្មការិនី និងសង្វាក់ផលិតកម្ម រោង​ចក្រផងដែរ។ សម្ដេចតេជោថ្លែងបន្តថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ ក៏បង្ហាញឱ្យឃើញ​ថែ​ម​ទៀតនូវចំណងទាក់ទងដ៏ស្អិតរមួតរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច​តេជោ​គូសបញ្ជាក់ថា “ខ្ញុំចង់និ​យា​យ​ពីវេទិកានេះ ទៅកាន់មនុស្សមួយចំនួន ដែលតែងតែគិតខុ​ស​​ទៅលើអ្វីដែលជាទំនាក់ទំនងរវាកម្ពុជា-ចិន។ ខ្ញុំគ្រាន់តែបញ្ជាក់ថា បើចិនមិនជួយកម្ពុជាទេ តើមានវត្តមានផ្លូវជាតិលេខ៥៨ ជាង១៧៤គីឡូម៉ែត្រនៅថ្ងៃនេះទេ។​នេះគ្រាន់តែបញ្ជាក់​ចំពោះ​មនុ​ស្សដែលអគតិ ចំពោះជំនួយរបស់ចិន។” សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា ឆ្នាំនេះ​គឺ​ជាខួបលើកទី១០ នៃទំានាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែល​សម្ដេច​បានរួមជាមួយថ្នាក់ដឹកនាំចិន បង្កើតឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅ​ក្នុង​​ឆ្នាំ២០១០ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ជាងនេះ​ទៀ​តដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិនក្នុង​ពេល​ថ្មីៗនេះ ក្នុងគ្រា​ដែ​ល​ចិនជួបលំបាក ដែ​លប្រទេសដទៃមិនហ៊ានទៅកាន់​សាធារណរដ្ឋប្រជា​មានិតចិន ហើយ​ដែ​លឥឡូវនេះ អ្នកសារព័ត៌មានចិន និងអ្នកលេងអ៊ីនធឺណែតចិន គេបាន​និយាយ​ថាខ្ញុំជា «បុរ​ស​សង្ហារធ្វើដំណើរបញ្ច្រាស»។ សម្ដេចតេជោបានលើកឡើងថា អ្វីទៅ​បាន​ជាធ្វើដំណើរបញ្ច្រាស គឺប្រទេសមួយចំនួន​បាន​រើស​អើង​ជាមួយប្រជាជនចិន ​ប្រទេស​មួយចំនួនដឹកជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន​ចេញពីប្រទេ​ស​ចិ​ន ហើយបិទផ្លូវហោះហើរជា​មួយ​នឹ​ងប្រទេសចិន។ ក៏ប៉ុន្តែកម្ពុជាមិនធ្វើដូច្នោះទេ មិនជម្លៀស​និ​ស្សិតកម្ពុជាចេញពី​សាធា​រ​ណរដ្ឋ​​ប្រជាមានិតចិននោះទេ។ នេះគឺដើម្បីបង្ហាញពីសាមគ្គីភាព ជា​មួយនឹងកិច្ចខិតខំប្រឹង​ប្រែង​របស់ថ្នាក់ដឹកនាំចិន ជាមួយប្រជាជនចិន ក្នុងការទប់ស្កាត់នូវ​ការី​ករាលដាលនៃជំងឺឆ្លង ខូវីដ១៩ថែមទៀត។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា “កម្ពុជា​សម្រេ​ច​ចិត្ត​នេះត្រឹមត្រូវ ខ្ញុំគិតថា នេះជាការសម្រេចចិត្តមហាត្រឹមត្រូវ សម្រាប់ទំនាក់ទំនងមិត្តភាព​រវា​ងកម្ពុជា-ចិន”។ ស​ម្ដេចតេ ជោបន្តទៀតថា សូមអ្នកទាំងអស់គ្នារង់ចាំមើលនូវលទ្ទផលចុងក្រោយ តើ​កម្ពុជា និងសម្រេច​បាន​នូវទំនាក់ទំនងនេះយ៉ាងម៉េច។​ សម្ដេចេជោថ្លែងបន្ថែមថា បើ​ទោះ​បីជាចិនជួបបញ្ហា ក៏ចិន​នូវ​តែប​​ន្តផ្ដល់នូវហិរញ្ញប្បទាន ក៏ដូចជាជំនួយឥសំណងសម្រាប់​ការ​អភិ​វឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​នៅក​ម្ពុ​ជា ដែលជំនួយនេះគឺមានអត្ថន័យខ្លាំងណាស់។​ សម្តេចតេ​ជោ​​បានប្រកាសផងដែរថា នៅថ្ងៃទី០៩ ខែមីនា ខាងមុខនេះសម្តេចតេជោនឹង​អញ្ជើញទៅសម្ពោ​ធ​​ផ្លូវជាតិលេខ៥៥ និង​បើកការដ្ឋានផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីតំបន់សំឡូត​ទៅខេត្តកោះ​កុ​ង​ ដែលជាជំនួយ​មិត្តចិនជាបន្តទៀត។ ជាមួយគ្នានេះ  មក​ដល់​បច្ចុប្បន្ន គ​ម្រោ​​ងហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្នល់ប្រើ​ប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិន បាន​សាងសង់រួចរាល់មានចំនួន ២៧ ខ្សែ មានប្រវែងសរុប២,៧៧៩គីឡូម៉ែត្រ គម្រោងកំពុង​សាង​សង់មានចំនួន០៥ ខ្សែ មានប្រវែង ប្រមាណ៤៩៧,២០ គីឡូម៉ែត្រ។ ចំណែកស្ពានធំៗ ដែល​បានសាងសង់រួចមានចំនួន ០៨ ស្ពាន មានប្រវែងសរុប ៧,៤៣៤ ម៉ែត្រ និងស្ពាន​កំពុង​សា​​ងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និង​ស្ពាន​ឆ្លង​កា​ត់ទន្លេ​បាសាក់ (សិត្បូ) នៃគម្រោង​ខ្សែក្រវាត់ក្រុងទី៣ ជាដើម៕

ដោយ ជឹម ណារី