ប្រមុខរាជរដ្ឋាភិបាលលើកឡើងថា កម្ពុជាអាចនឹងបញ្ជូនយន្តហោះផ្ទាល់ខ្លួនទៅដឹកវត្ថុធាតុ ដើមពីប្រទេសចិន ដើម្បីផ្តត់ផ្គង់រោងចក្រ និងចៀសវាងការបិទរោងចក្រ

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា នឹងបញ្ជូនយន្តហោះ ផ្ទាល់ខ្លួនទៅដឹកវត្ថុធាតុដើមពីប្រទេសចិន ដើម្បីយកមកផ្គត់ផ្គង់​ដល់រោងចក្រ ចៀសវាងការបិទរោងចក្រ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ផ្លូវជាតិលេខ៥៨​តភ្ជាប់ពីខេត្តបន្ទាយមានជ័យ​ទៅខេត្តឧត្តរមានជ័យ​នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០​សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ចំណុចនេះ មុននេះឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាននិយាយទាក់ទិននឹងការបញ្ជូនឱ្យបានឆាប់នូវវត្ថុធាតុដើមជាក្រណាត់ ដែល៦០ភាគរយ កម្ពុជាត្រូវយកពីប្រទេសចិន។ សម្ដេចតេជោសង្ឃឹមថា ឯកឧត្ដមឯកអគ្គរដ្ឋទូត​នឹងជួយ​ចូល​រួមចំណែកដើម្បីជួយសម្រាប់ឱ្យរដ្ឋាភិបាលចិនបញ្ជូនសាច់ក្រណាត់មកកម្ពុជា តាមនាវាក្តី  យន្តហោះក្តី មកកម្ពុជា។ សម្ដេចតេជោបានថ្លែងថា “ខ្ញុំសង្ឃឹមថាមិត្តចិនអាចធ្វើបាន ប្រសិន​បើ​ក្រណាត់ខ្លះដឹកតាមយន្តហោះក៏ត្រូវតែដឹក ដើម្បីកុំឱ្យបិទរោងចក្រនៅកម្ពុជា។ ខ្ញុំគិតថា​ចិនធ្វើបានព្រលានយន្តហោះចិនច្រើនណាស់ ព្រោះចិនធ្លាប់ដឹកមកខ្លះហើយ ដូច្នេះធ្វើបែប​នេះកុំឱ្យកម្មករយើងខ្វះវត្ថុធាតុដើមហើយបិទរោងចក្រ។”

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានប្រកាសបើកគ្រប់ច្រក សម្រាប់ចិនក្នុងការបើកឱ្យមិត្ត​ចិនដឹកវត្ថុធាតុដើមរបស់ខ្លួនដើម្បីយកមកផ្គត់ផ្គង់រោងចក្រនៅកម្ពុជាដើម្បីចៀសវាងការបិទ រោងចក្រ។ សម្ដេចតេជោថ្លែងបញ្ជាក់ថា “ខ្ញុំគិតថាមិត្តចិនអាចធ្វើទៅបាន ហើយកម្ពុជាក៏​អាច​ខិតខំធ្វើទៅបាន បើសាច់ក្រណាត់ខ្លះត្រូវដឹកតាមយន្តហោះ ក៏ត្រូវដឹក ដើម្បីសង្គ្រោះ​រោងចក្រ​នៅកម្ពុជាកុំបិទ ហើយកុំឱ្យកម្ពុជាជួបប្រទះខ្វះវត្ថុធាតុដើម  ហើយបិទរោងចក្រ “។ ជាមួយគ្នានេះ ការដឹកតាមយន្តហោះក៏ដឹកមក ដឹកតាមកប៉ាល់ដឹកមក ហើយយើងអាច​ជួល​យន្តហោះដឹកវត្ថុធាតុដើម ដោយមិនចាំដឹកភ្ញៀវនោះទេ ព្រោះសាច់ក្រណាត់រោងចក្រមួយ​ចំនួន​មាន ចំណែករោងចក្រមួយចំនួនទៀតកាន់តែខើចតិចទៅៗ។

សម្តេចតេជោក៏បានលើកឡើងដែរថា ការដឹកវត្ថុធាតុដើមពីចិនអាចធ្វើតាមផ្លូវទឹក  និង​ផ្លូវអាកាស ដើម្បីផ្គត់ផ្គងវត្ថុធាតុដើមនៅកម្ពុជា ចៀសវាងការបិទរោងចក្រនៅកម្ពុជា ហើយ​ប្រសិនបើមានការបិទឬផ្អាក់ដំណើររោងចក្រកម្មករ កម្មការិនីនិងផ្អាកការងារធ្វើ។

សម្ដេចតេជោបានរម្លឹកផងដែរថា ទោះបីជាសម្តេចធ្លាប់លើកឡើងថា បើសិនរោង​ចក្រ​ផ្អាកកម្មករអាចទទួលបានប្រាក់បៀវត្សចំនួន៦០ភាគរយនៃចំនួនប្រាក់បៀវត្សរ៍​អប្បរមា១៩០​ដុល្លារ គឺប្រហាក់ប្រហែល១២០ដុល្លារក្តី សម្តេចតេជោបញ្ជាក់ថាសម្តេចមិន ចង់ឱ្យមានការ​បិទរោងចក្រនៅកម្ពុជានោះទេ។ សម្ដេចតេជោបានបន្ថែមថា “យកល្អយើងត្រូវដោះស្រាយ ឱ្យប្រញាប់ប្រញាល់ អីញ្ចឹងខ្ញុំគិតថាមានតែយន្តហោះចិន និងយន្តហោះកម្ពុជាបញ្ជូនទៅដឹក វត្ថុធាតុដើមផ្តល់ឱ្យរោងចក្រ។  អីញ្ចឹងយើងអាចខាតបង់មួយចំនួននៃការដឹកជញ្ជូន ប៉ុន្តែយើង​ជំនួសមកវិញនូវការ រក្សាបាននូវការងារធ្វើ ប្រាក់ចំណូលរបស់កម្មករ និងចង្វាក់ផលិតកម្ម​របស់រោង​ចក្រ ដែលអាចឱ្យរោងចក្រ ចៀសវាងនូវការបិទ”។ សម្តេចតេជោបានបន្ថែម ទៀត ថា ប្រទេសដទៃមានសិទ្ធិសម្រេចមកលើកម្ពុជាជាសិទ្ធិរបស់គេ ក៏ប៉ុន្តែសម្រាប់កម្ពុជា និងថៃ​មិនបានបិទជើងហោះហើរនោះទេ។ សម្ដេចតេជោបានឱ្យដឹងទៀតថា បណ្តាប្រទេសទាំង​អស់​កុំឱ្យចិនជួបការលំបាក ជាក់ស្តែងគ្រាន់តែចិនជួបបញ្ហាវីរុសកូរ៉ណានេះ​បណ្តាប្រទេស​លើ​ពិភពលោកចង់ រង្គោះរង្គើរទៅហើយ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “កុំចង់ឱ្យចិនជួបការលំបាក  បើចិនជួបការលំបាក​នោះប្រទេសដទៃ ក៏ជួបការលំបាកដូចគ្នា ដូចជាគ្រឿងបង្គុំនៅក្នុងប្រទេសចិនយកចេញក្រៅ​មិនបាន ធ្វើឱ្យរោងចក្រផលិតរថយន្តនៅប្រទេសមួយចំនួនចាប់ផ្តើមផ្អាកចង្វាក់ផលិតកម្មខ្លួន រហូតដល់មានការបិទរោងចក្រផងដែរ។ ជាងនេះ រង្គើរភ្ញៀវទេសចរលើពិភពលោកតែម្តង ព្រោះ​​ថាទេសចរចិនក្នុងមួយឆ្នាំជាង១០០លាននាក់ធ្វើដំណើរចេញទៅប្រទេសក្រៅ”៕

ដោយ  ប៊ុនរិទ្ធ