សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនឱ្យយកពន្ធលើតម្លៃខុនដូរ និងលំនៅដ្ឋានមានតម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារអាម៉េរិក

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសមិនឱ្យយកពន្ធប្រថាប់ត្រាលើការទិញលំនៅឋាន និងខុនដូរដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារអាម៉េរិកនោះទេ ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមាន​ជ័យ​ទៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ​ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា ​លំនៅឋានមានតម្លៃក្រោម៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រានោះទេ។  សម្ដេចតេជោបានបញ្ជាក់ថា ការធ្វើបែបនេះ នឹងធ្វើឱ្យអ្នកកសាងដែលមានតម្លៃថោកល្មម និង​​​ខិតខំកសាងលំនៅឋាន ហើយអ្នកមានប្រាក់ល្មមអាចទិញផ្ទះបានរស់នៅផងដែរ។ សម្តេ ច​តេជោបានថ្លែងថា “លំនៅឋាននៅពេលនេះក៏និយាយពីខុនដូរដែរ ព្រោះខុន ដូរមួយ​កន្លែង​គេមិនទិញទាំងអស់នោះទេ គឺគេទិញមួយយូនីតពេលតម្លៃ៥ ឬ៦ម៉ឺនដុល្លារ អីញ្ចឹងក៏អត់ជាប់​ពន្ធដែរ សម្រាប់ខុនដូរ”។

សម្តេចតេជោក៏ប្រាប់ទៅកាន់អ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រញាប់ទៅទិញផ្ទះដែល មានក្នុងខុនដូរ ព្រោះថាផ្ទះក៏និយាយដូចខុនដូរ បើទិញផ្ទះល្វែង ឬផ្ទះដាច់ដោយឡែក និង​បន្ទប់ នៅក្នុងខុនដូរ ក្រោម៧ម៉ឺនដុល្លារក៏មិនជាប់ពន្ធដែរ។  សម្ដេចតេជោបានបន្ថែមថា ការធ្វើបើកឱ្យមានបែបនេះដោយសារតែមានការប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៅលើពិភពលោក ឬសេដ្ឋកិច្ចក្នុងតំបន់ដែលផ្តើមចេញពីជំងឺកូរ៉ូណា(COVID-19)៕ដោយ ប៊ុនរិទ្ធ