ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យមើលសំណង់ផ្សារអូឬស្សី ដែលបានប្រេះស្រាំនិងជួសជុលឡើងវិញ 

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — ដោយការយកចិត្តទុកដាក់ចំពោះបងប្អូនអាជីវករ ដែលបាន និងកំពុងប្រកបរបររកស៊ីលក់ដូរ នៅក្នុងផ្សារអូឫស្សី អភិបាលរាជធានីភ្នំពេញ ឯក ឧត្ដម ឃួង ស្រេង បានជំរុញឱ្យមានការជួសជុលសំណង់ឡៅតឿផ្សារអូឫស្សី ដែលមានសភាពប្រេះស្រាំ ធ្វើការជួសជុលឱ្យបានលឿន បើទុកយូរបន្តទៀតអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករដែលលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្តែងកាលពីរសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានបើកកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ដើម្បីពិនិត្យផ្សារអូរឫស្សី ។ ក្រោយបញ្ចប់កិច្ចប្រជុំនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងផ្សារអូរឫស្សីផងដែរ។

ក្នុងកិច្ចប្រជុំនោះ បានប្រកាសពីសមាសភាពគណៈកម្មការចំពោះកិច្ចពិនិត្យផ្សារអូរឫស្សី ដែលគណៈកម្មការនេះមានឯកឧត្តម ឃួង ស្រេង ជាប្រធាននិងមានអភិបាលរងរាជធានីភ្នំពេញ ៤រូប ជាអនុប្រធាន ដើម្បីជំរុញការងារមួយចំនួននៅក្នុងផ្សារនេះ ទាំងការជួសជុលផ្សារ ការរៀបចំតូបលក់ដូរបណ្តោះអាសន្ន ខណៈតូបលក់ដូរមួយចំនួនធ្វើការជួសជុលកែ លម្អឡើងវិញ ជាមួយនឹងការវិនិយោគផ្សេងៗទៀត។ តូបលក់ដូរបណ្តោះអាសន្នសម្រាប់បងប្អូនអាជីវករផ្សារអូរឫស្សី ដែលត្រូវជួលជុលតូបក្នុងផ្សារនេះ មានទីតាំងនៅលើបណ្តោយផ្លូវ១១១ ជាប់ខាងកើតផ្សារអូរឫស្សីនេះតែម្តង ដោយមកដល់ពេលនេះការសាងសង់តូបលក់ដូរបណ្តោះអាសន្ននេះសម្រេចបានជិត ១០០ភាគរយហើយ ។ អ្វីដែលជាគម្រោងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ អាជីវករអាចមកលក់ដូរបាន ដែលមានចំនួន ១៧០តូប។

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩កន្លងមកនេះបានបញ្ជាក់ថា បច្ចុប្បន្នសំណង់អគារផ្សារអូរឫស្សីមានលក្ខណៈរឹងមាំ និងមានគុណភាព ប្រើប្រាស់យូរអង្វែង។ ដោយឡែកតែសំណង់ឡៅតឿប៉ុណ្ណោះដែលមានសភាពបែកប្រេះស្រាំដោយអន្លើៗ ប្រសិនបើទុកយូរបន្តទៀតអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ ដូចនេះដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យដែលកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជា បណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារតាមកាលបរិច្ឆេទដែលបានគ្រោង ទុក ។ ដើម្បីបង្កលក្ខណៈឱ្យក្រមការងារបច្ចេកទេស សំណង់ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ដើម្បីឱ្យបងប្អូនអាជីវករបានត្រឡប់ចូលមកលក់ដូរនៅកន្លែងដើមវិញប្រកបដោយសុវត្ថិភាព និងសោភណភាព ៕

ដោយ សួស សំរិត