រដ្ឋាភិបាលរបស់ប្រទេសគុយបាលក់រថយន្តប្រើហើយដើម្បីប្រមូលថវិកាចូលរដ្ឋ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ   (២៦.០២.២០)

គុយបា៖ រដ្ឋាភិបាលរបស់ប្រទេសគុយបា ដែលកំពុងតែជួបកង្វះខាតថវិកា បានសម្រេចចិត្តនៅថ្ងៃអង្គារនេះ លក់រថយន្តប្រើហើយ ដើម្បីប្រមូលប្រាក់ដុល្លាអាមេរិកចូលក្នុងថវិកាជាតិ ។

នេះជាការលក់លើកដំបូងរបស់រដ្ឋាភិបាលក្នុងប្រទេសគុយបា  ហើយការលក់នេះ  គឺធ្វើឡើងតែនៅក្នុងហាងមួយគត់ ក្នុងទីក្រុងឡាហាវ៉ាន  និងត្រូវបានអ្នកវិភាគនិយាយថា រដ្ឋាភិបាលដែលប្រកាន់លទ្ធិកុម្មុយនីស្តក្នុងប្រទេសគុយបា កំពុងតែបោះជំហានទៅរកការធ្វើដុល្លារូបនីយកម្ម ក្នុងមុខជំនួញរបស់ខ្លួន ។

តាមការឲ្យដឹងរបស់កាសែតក្នុងស្រុក   ក្នុងចំណោមពលរដ្ឋគុយបាចំនួន ២០ នាក់  មានម្នាក់មានរថយន្តផ្ទាល់ខ្លួន ហើយភាគច្រើនគ្មានលទ្ធភាពទិញ​រថយន្តជិះ ផ្ទាល់ខ្លួនទេ ​ដោយសារប្រាក់បៀវត្សរ៍ជាមធ្យមរបស់ពលរដ្ឋគុយបា មានតិចជាង ១០០ ដុល្លាអេមេរិក ក្នុងមួយខែ ។​