JICA នឹងជួយជំរុញដល់ការរៀបចំគម្រោងគាំទ្រធ្វើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា​ឱ្យបានឆាប់​រហ័ស និងដាក់ឱ្យដំណើរការនៅពេលខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — លោក Yuichi Sugano តំណាងអង្គការ JICA ប្រចាំនៅកម្ពុជា បានប្រកាសថា នឹងជួយជំរុញ​ការរៀបចំគម្រោងគាំទ្រធ្វើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យចេញបានលឿនបំផុត ដើម្បី ឈានទៅដល់ការអនុវត្តគម្រោងបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ការលើកឡើងនេះ ក្នុង ជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃអង្គារ ៣កើត ខែផល្លុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ។

លោក Yuichi Sugano បានរាយការណ៍ជួនឯកឧត្ដមរដ្ឋមន្រ្ដី​ជ្រាបអំពីលទ្ធផល​បឋមនៃ​ការធ្វើការសិក្សាលើគុណភាពនៃការផលិតបន្លែនៅកម្ពុជាជាពិសេសសំណល់ថ្នាំពុលកសិកម្ម នៅក្នុងបន្លែ និងការសិក្សាឈ្វេងយល់ពីដំណើការនៃការរៀបចំខ្សែច្រវាក់​តម្លៃផលិកម្ម​កសិកម្ម នៅកម្ពុជា។ លោកបានលើកឡើងថា គោលបំណងនៃការសិក្សាបឋម របស់ក្រុមបេសកកម្ម JICA នៅពេលនេះ គឺដើម្បីប្រមូលចងក្រងរាល់ឯកសារពាក់ព័ន្ធដូចបានបញ្ជាក់ខាងលើឈាន​​ ទៅដល់ការរៀបចំគម្រោងគាំទ្រធ្វើការអភិវឌ្ឍវិស័យកសិកម្មមួយពេញលេញ ជាពិសេស ផ្តោតទៅលើការផលិតបន្លែ ប្រកបដោយគុណភាព និងសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារ បានគ្រប់គ្រាន់ ក្នុងរយៈពេលខ្លី និងរយៈពេលវែង នៅកម្ពុជា ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ ជូនក្រុមការងាររបស់ JICA ថា ក្រសួងមានការពេញចិត្តយ៉ាងខ្លាំង ព្រោះកិច្ចការនេះ ដែល បានដំណើរទៅស្របជាមួយនឹងគោលនយោបាយ​របស់​រាជរដ្ឋាភិបាល ហើយក្រសួងសូម​គាំទ្រ​ទៅលើលទ្ធផលនៃការសិក្សាកន្លងមក ដោយក្រុម​បេស​កកម្ម JICA ដែលដឹកនាំដោយ លោក NAKADA Shunichi។ ឯកឧត្ដមរដ្ឋមន្រ្ដីសង្ឃឹមថា គម្រោងនេះអាចចាប់ផ្តើម​ដំណើរ​អនុវត្តន៍ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ជាមួយនឹងការ​សន្យា​ផ្តល់​ការសហការ​គ្រប់បែបយ៉ាង​ពីក្រសួងកសិកម្មដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនេះ​អាច​ទទួល​ បានការគាំទ្រពីគ្រប់ភាគីពាក់​ព័ន្ធ និងអាចដំណើរទៅទទួបានជោគជ័យនា​ពេលខាង​មុខ៕

ដោយ ឡុង ស៊ីវ៉ាន់