ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តន៍ផែនការសកម្មភាពការងារចំពោះមុខ នៅក្នុងដំណាក់កាលវិបត្តិ វីរុសកូរ៉ូណាថ្មី (Covid-19)

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — ដើម្បីអនុវត្តន៍តាមសាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្តី​ពី​វិធានការរបស់រាជរដ្ឋាភិបាលដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវីដ-១៩) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួនក្រោមកម្មវិធីទំនិញគ្រប់មុខ លើកលែង​អាវុធ (EBA) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងារបន្ទាន់មួយ ស្តីពីការអនុវត្តផែនការសកម្មភាពការងារចំពោះមុខ ដើម្បីទប់ទល់វិបត្តិ ជំងឺឆ្លងកូរ៉ូណាថ្មី (Covid-19) ដែលផែនការនេះ មានគោលដៅយុទ្ធសាស្រ្តចំនួន ០៤ និង​សកម្ម​ភាពអនុវត្តន៍ចំនួន ៩០។ កិច្ចប្រជុំនេះ ធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ទីស្ដីការក្រសួងទេសចរណ៍។ នេះបើយោងតាមក្រសួងទេសចរណ៍។

ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា ដើម្បីអនុវត្តន៍ផែនការនេះឱ្យមានប្រសិទ្ធភាព ក្រសួងបានរៀបចំបង្កើតក្រុមការងារមួយដើម្បីជំរុញ និងលើកស្ទួយ វិស័យទេសចរណ៍​ក្នុង​ដំណាក់កាល និងក្រោយវិបត្តិនៃវីរុសកូរ៉ូណាថ្មី (Covid-19)នេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្រុមការងារនេះ ដែលមានរដ្ឋលេខាធិការប្រចាំការ ០១រូប ជាប្រធាន រដ្ឋលេខាធិការ ០២រូប ជាអនុប្រធាន និងមានអនុរដ្ឋលេខាធិកា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន​ពាក់ព័ន្ធមួយចំនួន និងប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ជាសមាជិក។

សូមបញ្ជាក់ថា ក្រុមការងារនេះមានលេខាធិការដ្ឋានមួយ ជាសេនាធិការ និងបែងចែក ជាអនុក្រុមការងារចំនួន ០៥ រួមមាន៖ អនុក្រុមការងារទី១- ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍។ អនុក្រុមការងារទី២- បណ្តុះបណ្តាល និង​ពង្រឹង​សមត្ថភាពអ្នកជំនាញទេសចរណ៍។ អនុក្រុមការងារទី៣- រៀបចំព្រឹត្តិការណ៍។ អនុ​ក្រុមការងារទី៤- ជំរុញចលនាផ្សព្វផ្សាយក្រៅប្រទេស និងបញ្ជ្រាបការយល់ដឹងជា​សាធារណៈ​កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពក្នុងដំណាក់កាលវិបត្តិ។អនុក្រុមការងារទី៥- សម្រួល​ ការ​ធ្វើដំណើរ និងសុវត្ថិភាពនៃការធ្វើដំណើរ៕

ដោយ រិទ្ធី