វិទ្យុសំបុកឃ្មុំ ស្នើសុំក្រសួងព័ត៌មាន ពង្រីកការផ្សាយវិទ្យុទៅតាមបណ្តាខេត្ត និងការផ្សាយបន្តពីវិទ្យុសំឡេងសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្ដម ម៉ម សូណង់ដូ សមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រធានគណ​បក្ស សំបុកឃ្មុំ និងជាអគ្គនាយក វិទ្យុសំបុក បានស្នើសុំក្រសួងព័ត៌មាន ពង្រីកការផ្សាយវិទ្យុ សំបុកឃ្មុំទៅតាមបណ្តាខេត្តមួយចំនួនទៀត ព្រមទាំងការស្នើសុំឱ្យមានការផ្សាយបន្តពីវិទ្យុ សំឡេងសហរដ្ឋអាមេរិក(VOA)  នៅក្នុងកម្មវិធីផ្សាយរបស់ខ្លួន។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន កាល​ពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម ម៉ម សូណង់ដូ បានគូសបញ្ជាក់ថា ការពង្រីកការផ្សាយរបស់វិទ្យុសំបុកឃ្មុំនៅតាមបណ្ដាខេត្ដផ្សេងទៀត​នេះ គឺ​​​ដើម្បី​ផ្ដល់ឱកាសឱ្យដល់ប្រជាពលរដ្ឋអាចបើកស្ដាប់បានកាន់តែទូលំទូលាយ។ ឯកឧត្ដម​ក៏ បានសម្ដែងនូវក្ដីរីករាយ ដោយសារសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតឡើង នូវឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះឡើង ទោះបីក្នុងរដ្ឋសភា ឯកបក្សក៏ដោយ តែមាននូវឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គឺជាការវៃឆ្លាត​របស់​សម្តេចតេជោ ព្រោះ​អាចធ្វើឱ្យរាជរដ្ឋាភិបាល ខិតកាន់តែជិតជាមួយប្រជាជន តាមរយៈ​ស្ថាប័ន និងគណបក្ស​នានា​ដែលបានមករួមគ្នាធ្វើការជាមួយរាជរដ្ឋាភិបាល។

ជាការឆ្លើយតប ឯកឧត្ដម ខៀវ កាញារីទ្ធ បានឯកភាព និងបានណែនាំឱ្យ អគ្គនាយក​វិទ្យុសំបុកឃ្មុំ រៀបចំឯកសារស្របតាមផ្លូវច្បាប់ ទាំងការជួលម៉ោងផ្សាយបន្តឱ្យវិទ្យុសំឡេង សហរដ្ឋអាមេរិក(VOA) ដើម្បីផ្ញើមកក្រសួងព័ត៌មានក្នុងការពិនិត្យឱ្យបានត្រឹមត្រូវ។ ជាមួយ​គ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានឯកភាពដល់វិទ្យុសំបុកឃ្មុំ ឱ្យមានការបើកស្ថានីយវិទ្យុផ្សាយបន្ត នៅតាមបណ្តាខេត្ត មួយចំនួនទៀតផងដែរ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា