ឯកឧត្តម ហ៊ីង ប៊ុនហៀង ថ្លែងថា ​សន្តិភាពមិនត្រឹមផ្ដល់ឱ្យប្រទេស និងប្រជាជនរស់ នៅក្នុងសេចក្ដីសុខទេ តែផ្ដល់ឱកាសរួមសាមគ្គីគ្នា និងកសាងសមិទ្ធផលជាច្រើន

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងថា សុខសន្តិភាពមិនត្រឹមផ្ដល់ឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជារស់នៅក្នុងសេចក្ដីសុខសាន្ត និងមានភាពកក់ក្ដៅទាំងផ្លូវចិត្តនិងផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់ឱកាសបានរួប​រួមសាមគ្គីគ្នា កសាងនូវសមិទ្ធផលនានាជាច្រើនឡើងវិញ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស​។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ​ ធ្វើឡើងក្នុងឱកាសអញ្ជើញ​ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋភូមិបន្ទាត់បោះ ឃុំទានកាំ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
​ ឯកឧត្តមបានបន្តទៀតថា ភាពរីកចម្រើនរបស់ប្រទេសរហូតដល់សព្វថ្ងៃនេះទាំងទីក្រុង​រហូតដល់ជនបទនេះ គឺបានកើតឡើងដោយសារតែកត្តាសុខសន្តិភាពក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបិទបញ្ចប់ទាំងស្រុងនូវសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជារាប់ ទសវត្សរ៍កន្លងមកនេះ ដោយខ្មែរខ្លួនឯង។

ឯកឧត្តមបានលើកឡើងទៀតថា ជាក់ស្ដែងដូចនៅក្នុងតំបន់នៃស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យនេះប្រជាជនធ្លាប់ទទួលរងគ្រោះពីសង្រ្គាមគ្មានថ្ងៃណាស្គាល់សេចក្ដីសុខដូចពេលនេះឡើង។ តែឥឡូវនេះយើងមានសុខសន្តិភាពបងប្អូនប្រជាពលរដ្ឋរស់មានជីវភាពកាន់​តែប្រសើរឡើង ជាមួយនេះថែមទាំងផ្ដល់ឱកាស បានចូលរួមចំណែកនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ​ ​​​នេះ ជាសក្ខីភាពដែលបានមកពីសុខសន្តិភាពនោះ។

​ ឯកឧត្តមក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពដែល​កម្ពុជា ទទួលបានក្រោមនយោយបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នេះឱ្យបានគង់វង្សនិងស្ថិតស្ថេរជានិរន្តដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិទទួលបានការរីកចម្រើនថ្មីៗបន្ថែមទៀត។

ជាមួយនោះដែរឯកឧត្តមបាននាំយកនូវអំណោយមានសារុង និងថវិកាមួយ​ចំនួនទៅចែកជូនដល់បងប្អូនប្រជាជនដែលបានចូលរួមជាច្រើនរយនាក់ថែមទៀតផង៕

ដោយឈុនសារ៉ាត