រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រង មូលនិធិវិនិយោគរដ្ឋ​បា​ល​​​ថ្នាក់ក្រោមជាតិលើកទី៤

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់​គ្រង​មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បាន​ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលគ្រប់គ្រង​មូល​និ​​ធិវិនិយោគរដ្ឋ​បា​ល​​​ថ្នាក់ក្រោមជាតិលើកទី៤ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ​នៅទីស្តីការក្រ​សួង​សេ​ដ្ឋ​​​កិច្ច និងហិរញ្ញវត្ថុ។

មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាយន្តការថ្មីមួយសម្រាប់ផ្តល់​ប្រភ​ព​ធ​ន​ធា​ន​ប​ន្ថែម​លើប្រភពធនធានដែលមានស្រាប់ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំ​ណង​លើ​ក​កម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅ ថ្នាក់ក្រោមជាតិ ដោយផ្តល់ហិរញ្ញប្បទានទៅដល់គម្រោងវិ​និយោគសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមាន លក្ខណៈយុទ្ធសាស្រ្ត និងផ្តល់កា​រ​លើ​ក​ទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការបំពេញភារកិច្ច និង គ្រប់គ្រង​ការ​វិ​និយោគសាធារណៈឱ្យកាន់តែប្រសើរ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិលើកទី៤ នេះ ​​​បានពិនិត្យ​ និងពិភាក្សាលើរបៀបវារៈដូចជា៖ ​១.វឌ្ឍនភាពនៃការអនុវ​ត្តសេចក្តី​សម្រេ​ច​រ​ប​ស់​កិ​ច្ច​​ប្រ​ជុំក្រុមប្រឹក្សាភិបាលលើកទី៣ របស់ក្រុមប្រឹក្សាភិបាល គ្រប់គ្រងមូលនិធិវិនិ​យោគ​រដ្ឋ​បា​លថ្នាក់ក្រោមជាតិ។ ២.ពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន ក.វ.ក ឆ្នាំ២០១៩។ ៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់ ក.វ.ក។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ របស់ ក.​វ​.​ក​​។

អង្គប្រជុំ បានធ្វើការពិភាក្យាគ្នាយ៉ាងផុលផុស នឹងបានអនុម័តទាំងស្រុងលើរបៀបវារៈទាំង៤ ដើម្បីលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ យក​ទៅ​​ធ្វើការងាបន្តនៅក្នុងឆ្នាំ២០២០។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានធ្វើការវាយតម្លៃខ្ពស់ ចំពោះ​ល​ទ្ធផលឆ្នាំ២០១៩ និងបានដាក់ទិសដៅការងារអាទិភាពដល់លេខាធិការដ្ឋាន ក.វ.ក សម្រា​ប់​អ​នុ​វត្តឆ្នាំ២០២០ខាងមុខនេះដើម្បីឱ្យសម្រេចបានលទ្ធផលតាមការរំពឹងទុកដូចជា៖ ១. លេខា​ធិកា​រ​ដ្ឋា​ន ក.វ.ក សម្របសម្រួលជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំដាក់​ឱ្យ​អនុ​វ​ត្ត​ន៍យ​ន្ត​ការប្រ​កួ​ត​ប្រជែងទទួលហិរញ្ញប្បទានសម្រាប់រដ្ឋបាលឃុំ សង្កាត់ ដោយឡែក និងទុ​ក​ល​ទ្ធ​ភា​ព​​ឱ្យ​រដ្ឋបា​ល​ខេត្តទទួលខុស ត្រូវគ្រប់គ្រង និងអនុវត្តន៍យន្តការនេះ។ ២. លេខាធិការដ្ឋាន ក.វ.ក សម្រ​បសម្រួ​ល​ជាមួយADB ដើម្បីអនុវត្តន៍គម្រោងដែលទទួលហិរញ្ញប្បទានពី ADB ឱ្យបា​ន​ទា​ន់​ពេ​ល​វេលា។ ​៣.អនុម័តកំណត់ស្រុកគោលដៅដែលត្រូវទទួលហិរញ្ញប្បទានពីមូល និធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងថវិការដ្ឋ និងថវិកាហិរញ្ញប្បទានពី ADB។

សូមបញ្ជាក់ថា​ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រង​មូល​និ​ធិវិនិយោគរដ្ឋ​បា​ល​​​ថ្នាក់ក្រោ​ម​ជា​តិ​លើកទី៤​មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សភិបាលគ្រប់គ្រង​មូលនិធិ​វិ​​និ​យោ​គរដ្ឋ​បា​ល​​ថ្នាក់ក្រោមជាតិដែលជាតំណាងក្រសួង-ស្ថាប័នចំនួន១៦សមា​គ​ម​ជា​តិ​ក្រុ​ម​ប្រឹ​ក្សា​រាជធានី ខេត្ត និងសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់៕

ដោយ គង់ សិរីរ័ត្ន