អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធី ផ្សព្វផ្សាយផែនការអនុវត្តន៍​ការងារទេសចរណ៍ឆ្នាំ២០២០ និងផែនការអាទិភាពក្នុងការទាក់ទាញភ្ញៀវទេសចរ 

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០​ — នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តន៍ការងារទេសចរណ៍ឆ្នាំ២០២០ និងផែនការអាទិភាពក្នុងការ ទាក់ទាញភ្ញៀវទេសចរ នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមានការចូលរួមពី អភិបាលរងក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជីវករនៅក្នុងក្រុងព្រះសីហនុ។

លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាចាត់ទុកជាមាសបៃតង និងជាវិស័យអាទិភាពមួយក្នុងចំណោម វិស័យអាទិភាពនានា បានចូលរួមជំរុញកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការវិនិយោគការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា ចូលរួមការពារនិងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេស។

លោកបន្តថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោល ដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោល នយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១០-២០២៥ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែកលើសក្តានុពល ដ៏វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិ រួមមានតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែអន្តរជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិ និងទឹកជ្រោះក្បាលឆាយ ធនធានបាតសមុទ្រជាដើម ផ្តល់ សត្ដានុពលយ៉ាងធំធេងសម្រាប់ការអភិ វឌ្ឍសេដ្ឋកិច្ច-សង្គម និងក៏ដូចជាការទាក់ទាញ ទេសចរឱ្យមកទស្សនា និងកម្សាន្តមានការកើនឡើងជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំ២០១៩ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ២.២២៩.៤៨២នាក់ កើនឡើង ៨,៨៧ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន១.៣៤៣,៦៩០នាក់ ថយចុះ ៨,៣៧ភាគរយ និងភ្ញៀវអន្តរជាតិ ៨៨៥,៧៩២នាក់ កើនឡើង ៥២,៤១ភាគរយ។

លោកអភិបាលរងខេត្តព្រះសីហនុបន្តទៀតថា ប្រភពទីផ្សារភ្ញៀវទេសចរ សំខាន់ទាំង១០ សម្រាប់ឆ្នាំ២០១៩ មានដូចជា ចិនលំដាប់លេខ១ មានចំនួន៤៦៦,៨៣៧នាក់, វៀតណាម ២៩,០៧៨នាក់, បារាំង២៥,៨២៤នាក់, អាម៉េរិក២៣,០១៧នាក់, អង់គ្លេស២២,០៩០នាក់, អូស្ត្រាលី១៨,៥៤៨នាក់, រុស្ស៊ី១៧,៦៨៤នាក់, អាល្លឺម៉ង់១៧,៤១៨នាក់, ម៉ាឡេស៊ី ១៦,៧៤៨នាក់, ថៃ១៤៨៩៤នាក់។ ការរីកចម្រើន នៃវិស័យទេសចរណ៍បានផ្ដល់ឱកាសដល់ វិស័យឯកជន ក្នុងការចូលរួមវិនិយោគលើសេវាកម្មផ្គត់ផ្គង់ទេសចរណ៍យ៉ាងសំខាន់ បច្ចុប្បន្ន ខេត្តព្រះសីហនុ  មានមូលដ្ឋានអាជីវកម្មសរុបចំនួន ៧៨៤ទីតាំង មានបុគ្គលិកបម្រើការងារក្នុង វិស័យទេសចរណ៍សរុប ១១,៤៤៦នាក់ ស្រី៥,៤៦០នាក់។ វិស័យទេសចរណ៍ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទន្ទឹមនោះក៏មាន បញ្ហាប្រឈមមួយចំនួន ដែលត្រូវយក ចិត្តទុកដាក់ ដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសការរង សម្ពាធពីកត្តាខាងក្រៅ ដូចជាកត្តានយោបាយ សេដ្ឋកិច្ច គ្រោះធម្មជាតិ ជំងឺឆ្លងជាដើម ដែលធ្វើឱ្យឧស្សាហកម្ម ទេសចរណ៍ ក៏ដូចជាវិស័យទេសចរណ៍មានការ ប្រែប្រួលនាពេលបច្ចុប្បន្ន។ ក្នុងស្ថានភាពនេះ រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍ និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ទឹកស្អាត អគ្គិសនី សំណង់ សំណល់រឹង-រាវ សួនច្បារ ស្តង់ដាររមណីយដ្ឋាន ឆ្នេរ កំពង់ផែទេសចរណ៍ ព្រលានយន្តហោះ ការគ្រប់គ្រង សន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូនសាធា រណៈរួមទាំងការ ជំរុញយុទ្ធនាការទីក្រុងស្អាត ក្នុងទីក្រុង ទីប្រជុំជន និងតាមតំបន់ឆ្នេរ ឱ្យកាន់តែល្អប្រសើរ គាំទ្រដល់និរន្តភាពក្នុងវិស័យទេសចរណ៍ ក៏ដូចជាត្រៀមខ្លួន ជួយជ្រោមជ្រែង និងសហការ ជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម នាពេលបច្ចុប្បន្ន និងទៅអនាគត។

លោកបញ្ជាក់ថា ការបិទល្បែងអនឡាញ និងការកើតឡើងនៃជំងឺកូរ៉ូណាថ្មី (Covid-19) ជះឥទ្ធិពលយ៉ាងខ្លាំងលើឧស្សាហកម្មទេសចរណ៍ ពិសេសការកាត់បន្ថយជើង ហោះហើរយ៉ាងច្រើនធ្វើឱ្យមានការថយចុះ នៃភ្ញៀវទេសចរអន្តរជាតិ ការបិទអាជី វកម្មទេសចរណ៍មួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់តំរូវការផ្គត់ផ្គង់ នឹងការបាត់បង់ការងារ នឹងផលប្រយោជន៍របស់ប្រជាជនខ្មែរជាច្រើនពាន់នាក់ ក៏ដូចជាជះឥទ្ធិពលដល់វិស័យ ផ្សេងៗទៀត នៃសេដ្ឋកិច្ចសង្គមផងដែរ។

ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងជំរុញឱ្យ វិស័យទេសចរណ៍មាន លក្ខណៈល្អប្រសើរ ចាំបាច់យើងត្រូវរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ ឱ្យបានត្រឹមត្រូវ និងសមស្របដោយមានការគាំទ្រចូល រួមអនុវត្តន៍ដោយឆន្ទៈ ដោយទទួលខុសត្រូវខ្ពស់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនសេវាស្នាក់នៅ ម្ហូបអាហារ សេវាកម្សាន្ត ភ្នាក់ងារទេសចរណ៍ជាដើម ដើម្បីចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងរៀបចំកញ្ចប់ទស្សនកិច្ច ដែលទាក់ទាញមានតម្លៃថោក សមរម្យ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ទាក់ទាញទេសចរ ពិសេសភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាយុវជនឱ្យមកកម្សាន្តនៅ ខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជួយទ្រទ្រង់សកម្មភាពឧស្សាហកម្មទេសចរណ៍ បង្កើតការងារ និងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរនាពេលខាងមុខ៕ ដោយ ងូ សុមុនី