ខេត្តក្រចេះ រៀបចំពិធីផ្សព្វផ្សាយគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម

AKP ក្រចេះ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីផ្សព្វផ្សាយគោលនយោ បាយនៃការអនុវត្តរបបសន្តិសុខសង្គមនៅខេត្តក្រចេះ កាលពីរសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ពិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉េង ហុង នាយករង នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងមានការចូលរួមពីលោក ប៊ុន សេរីរត្នមុនី អភិបាលរងខេត្ត ប្រធាន អនុប្រធាន អង្គភាព ស្ថាប័នរាជការ និយោជក់ ម្ចាស់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តសរុបជាង ២៥០នាក់។

ឯកឧត្តម ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា  គោលបំណងចម្បងដែលបង្កើតឱ្យមានកម្មវិធីនេះ ឡើងគឺដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិ ភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នីតិវិធីនៃការចុះបញ្ជីការអត្ថប្រយោជន៍ បញ្ហាប្រឈម និងសំណូមពរនានាសម្រាប់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន នានាទៀតផង។

ឯកឧត្ដមបានឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោ បាយជាតិគាំពាសង្គមឆ្នាំ ២០១៦-២០២៥ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្ន។

ឯកឧត្តមបានឱ្យដឹងទៀតថា នេះគឺជាប្រព័ន្ធគាំពារសង្គម ដែលជាឧបករណ៍បម្រើដល់ ការកាត់បន្ថយនិងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ វិសមភាពសង្គម រួមចំណែក ដល់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅរ បស់រាជរដ្ឋាភិបាល គឺប្រែក្លាយឋានៈរបស់កម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយ ជួន សុជាតិ